ជាតិ
លោក អ៊ូច ភា​៖ ខេត្តតាកែវ​សម្បូរ​បង្កង​ទឹកសាប​ធម្មជាតិ​ច្រើនជាងគេ​
24, Jul 2020 , 10:29 pm        
រូបភាព
ដោយ:
​បង្កង​ខេត្តតាកែវ ក្លាយជា​ផលិតផល​ដែល​ត្រូវបាន​ទទួលស្គាល់ថា​ជា​ផលិតផល​ប្រចាំខេត្ត​។ បង្កង​ខេត្តតាកែវ រួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​ទូទាំងប្រទេស ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត និង​មក​ភ្លក់​រសជាតិ​មុខម្ហូប​បង្កង​ដ៏​មានឱជារស​។ រដ្ឋបាល​ខេត្តតាកែវ ជំរុញ​បង្កើន​ការចិញ្ចឹម និង​អភិរក្ស​បង្កង​ធម្មជាតិ​។ នេះ​បើតាម​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តតាកែវ​»



 លោក អ៊ូច ភា អភិបាលខេត្តតាកែវ

​អភិបាល​ខេត្តតាកែវ​រូបនេះ បន្តទៀតថា ខេត្តតាកែវ​ត្រូវបាន​ទទួលស្គាល់ និង​ល្បី​ថា ជា​ខេត្ត​ដែល​សម្បូរ​បង្កង​ទឹកសាប​ធម្មជាតិ​ច្រើនជាងគេ​។ ជា​រៀងរាល់ឆ្នាំ បង្កង សម្បូរ​នៅ​រដូវ​ទឹក​ឡើង និង​ចាប់ផ្តើម​ស្រក ចន្លោះ​ពី​ខែកញ្ញា ដល់​ខែវិច្ឆិកា​។ ប្រជា​នេសាទ ធ្វើ​នេសាទ​បាន​ពី​តំបន់​ទឹក​លិច មាននៅ​ស្រុក​អង្គរបុរី បូរី​ជលសារ និង​កោះអណ្តែត ក្នុង​មួយ​រដូវៗ​។ ទិន្នផល​ទទួលបាន​ពី​ការនេសាទ​នេះ អាច​ផ្គត់ផ្គង់​ដល់ទី​ផ្សារ​ក្នុង​និង​ក្រៅ​ខេត្ត ចំនួន ៨៧​តោន​។ 
 



​ទន្ទឹមនឹង​ភាពល្បីល្បាញ​នេះ រដ្ឋបាលខេត្ត​តាមរយៈ​មន្ទីរជំនាញ​បាន​ខិតខំ​ចងក្រង​សហគមន៍​នេសាទ​ដើម្បី​ធានា​ពី​និរន្តរភាព និង​ចិ​រ​ភាព​នៃ​ការនេសាទ និង​អភិរក្ស​ពូជ​បង្កង​ធម្មជាតិ​កុំ​ឲ្យ​មានការ​បាត់បង់ ព្រមទាំង​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​ពី​សក្តានុពល​នៃ​ផលិតផល​របស់​ខេត្ត​។ 
 
​ជាមួយគ្នានេះ លោក កង ឥន្ទ្រី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តតាកែវ បញ្ជាក់ថា ជា​ផ្នែក​មួយ​ក្នុងការ​ជំរុញ​ការទាក់ទាញ​អ្នកទេសចរ​ឲ្យ​ទៅ​កម្សាន្ត​នៅ​ខេត្តតាកែវ នៅតាម​តំបន់​រមណីយដ្ឋាន​នានា ក្រៅពី​បង្កើន​និង​អភិរក្ស​ការចិញ្ចឹម​បង្កង​ធម្មជាតិ ក៏មាន​ពង​ទា​កូន​ស្រែ​រនោង មាន​រសជាតិ​ឆ្ងាញ់ ដែលជា​កត្តា​ជួយ​ស្រូប​ទាញ​អ្នកទេសចរ​ប្រមាណ ៦០​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​។ 


 
​សូមបញ្ជាក់ថា ក្រៅពី​ទទួលបាន​ចំណូល​ពី​ការនេសាទ​បង្កង​ធម្មជាតិ ពលរដ្ឋ​ខេត្តតាកែវ មាន​ផលិតផល​កសិកម្ម​ដែលមាន​សក្តានុពល​ជាច្រើន​ទៀត​ដូចជា​៖ ស្វាយ ដំឡូង​មី និង​ផលិតផល​ផ្សេងៗ ទៀត​៕ 
 

Tag:
 ​បង្កង​
 ​តាកែវ​
© រក្សាសិទ្ធិដោយ thmeythmey.com