កីឡាជាតិ
ជាតិ
Mobile Legends បានកែប្រែ និងបន្ថែមអានុភាពឲ្យ Hero ដើម្បីបង្កើនការទាក់ទាញ
24, Jul 2020 , 11:11 pm        
រូបភាព
ដោយ:
វិញ្ញាសាកីឡាអេឡិចត្រូនិក Mobile Legends: Bang Bang បានធ្វើបច្ចុប្បន្នភាព(Update)និមិត្តសញ្ញាកាន់តែទាក់ទាញ និងបានបន្ថែមថាមពលឲ្យតួអង្គ(Hero)កាន់តែមានសមត្ថភាពប្រយុទ្ធខ្លាំងជាងមុន។ បើតាមលោក ជាន ចាន់រ៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ការបង្ហាញគម្រោងថ្មី(Project Next)តាមរយៈការរចនា និងបន្ថែមថាមពលដល់តួអង្គ គឺដើម្បីឆ្លើយតបតម្រូវការអ្នកចូលចិត្តវិញ្ញាសាប្រភេទនេះ។



ដើម្បីបង្កើនប្រជាប្រិយភាព និងទាក់ទាញកាន់តែខ្លាំងសម្រាប់កីឡាករកីឡារិនី ឬអ្នកចូលចិត្តលេងកីឡាអេឡិចត្រូនិក Mobile Legends: Bang Bang បានរចនារូបរាងខាងក្រៅ និងបង្កើនអានុភាពដល់អាវុធរបស់ Heroes មួយចំនួនឲ្យមានសមត្ថភាពប្រយុទ្ធកាន់តែខ្លាំងជាងមុន។ ក្រៅពី Miya ដែលជា Hero ទី១ក្រុមការងាររបស់វិញ្ញាសានេះ ក៏បានកែប្រែ Hero មួយចំនួនទៀតឲ្យកាន់តែទាក់ទាញ និងសាហាវជាងមុនផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ជាន ចាន់រ៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។

ការរចនាសម្លៀកបំពាក់និងបន្ថែមថាមពលដល់សព្វាវុធរបស់ Hero ឲ្យមានសមត្ថភាពកាន់តែសាហាវនេះ គឺដើម្បីបំពេញតម្រូវការរបស់កីឡាករកីឡាការិនី និងអ្នកចូលចិត្តលេងកីឡាអេឡិចត្រូនិក។ «វិញ្ញាសា Mobile Legends: Bang Bang កំពុងអភិវឌ្ឍន៍បង្កើនប្រសិទ្ធភាពច្នៃប្រឌិតឥតឈប់ឈរ ដើម្បីឆ្លើយតបនឹងតម្រូវការ និងមតិស្ថាបនានានារបស់កីឡាករកីឡាការិនី និងអ្នកដែលចូលចិត្តលេងវិញ្ញាសាមួយនេះ»។ នេះជាការលើកឡើងរបស់លោក ជាន ចាន់រ៉ា។

អគ្គលេខាធិការរងរូបនេះបានបន្ថែមថា ក្រៅពីកែប្រែ Hero ក្រុមការងាររបស់ Mobile Legends: Bang Bang ក៏បានរចនាមិនិត្តសញ្ញាថ្មី ដែលមានឈ្មោះថា NEXT។ និមិត្តសញ្ញានេះ មានពណ៌មាសបញ្ជាក់ពីភាពរុងរឿង យុត្តិធម៌ និងសេចក្តីពេញចិត្ត។ ចំណែកត្បូងចែកចាំងពណ៌ខៀវនៅលើអក្សរ X គឺបញ្ជាក់ពីភាពរឹងមាំ ក្តីសង្ឃឹម និងពន្លឺឆ្ពោះទៅមុខជានិច្ច។ ចំណែកអក្សរ V ពណ៌មាសនៅផ្នែកខាងក្រោម គឺប្រៀបបានកំពូលភ្នំ ដែលជានិម្មិតរូបនៃសមិទ្ធិផលកន្លងមក និងការផ្សងព្រេងថ្មី។

វិញ្ញាសា Mobile Legends: Bang Bang ត្រូវបានម្ចាស់ផ្ទះហ្វីលីពីនដាក់ឲ្យប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០កាលពីឆ្នាំ២០១៩។ កាលនោះកម្ពុជាក៏បានបញ្ជូនក្រុមកីឡាករឲ្យចូលរួមប្រកួតផងដែរ តែពុំទទួលបានលទ្ធផលល្អនោះទេ។ វិញ្ញាសានេះ ទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងទូទាំងពិភពលោក។ គោលដៅឥតងាករេក្នុងការស្វែងរក«គុណភាពកាន់តែប្រសើរ និងបទពិសោធកាន់តែអស្ចារ្យ»ជាគោលបំណងនៃ Project Next៕

Tag:
 អេឡិចត្រូនិក
  ជាន ចាន់រ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com