អន្តរជាតិ
វៀតណាម សុំ​ឲ្យ​នូ​វែ​លសេ​ឡង់ បើក​ទីផ្សារ​ឲ្យ​ខ្លួន​កាន់តែ​ធំ ក្រោយ​ភាគី​ទាំងពីរ​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ថ្មី​
26, Jul 2020 , 3:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊ួនហ្វុក។ រូបភាព VNA
នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊ួនហ្វុក។ រូបភាព VNA
ដោយ:
​រដ្ឋាភិបាល​វៀតណាម បានស្នើ​ត្រង់ៗ​ទៅកាន់​រដ្ឋាភិបាល​នូ​វែ​លសេ​​ឡង់​ឲ្យ​បើកចំហ​ទីផ្សារ​របស់ខ្លួន​ សម្រាប់​វៀតណាម​ឲ្យ​កាន់តែ​ទូលាយ ​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ពិសេស​លើ​ផលិតផល​កសិកម្ម និង​ការកសាង​អត្តសញ្ញាណ​ពាណិជ្ជកម្ម​។ វៀតណាម រំពឹងថា​រដ្ឋាភិបាល​ទាំងពីរ នឹង​អាចធ្វើ​កិច្ចសហប្រតិបត្តិការ​​​កាន់តែ​សម្បូរបែប​ តាម​ក្របខណ្ឌ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពហុភាគី​។​

 
​ថ្ងៃ​២២ កក្កដា កន្លងទៅ គឺជា​កំណត់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ ​របស់​វៀតណាម​ជាមួយនឹង​នូវែលសេឡង់។ នោះ គឺ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ បានសម្រេច​ដំឡើង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ដែលជា​ការបើកផ្លូវ​មួយ​សម្រាប់​ការកសាង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ជិតស្និទ្ធ និង​គ្រប់​ជ្រុងជ្រោយ ខណៈដែល​ភាគី​ទាំងពីរ ស្ថិតក្នុង​ក្របខណ្ឌ​សហប្រតិបត្តិការ​ជាមួយគ្នាច្រើន​ស្រាប់​ហើយ​នោះ​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vietnam News ក្នុង​បរិការណ៍​នៃ​ការកសាង​ទំនាក់ទំនង​ថ្មី​នេះ នាយករដ្ឋមន្ត្រី​វៀតណាម បានស្នើ​ឲ្យ​រដ្ឋាភិបាល​ទាំងពីរ បន្ត​រក្សា​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ទំហំ ២ ពាន់​លាន​ដុល្លារ​ប្រចាំឆ្នាំ និង​ចង់​ឲ្យ​នូវែលសេឡង់ បើក​ទីផ្សារ​ឲ្យ​កាន់តែ​ទូលាយ​ សម្រាប់​ផលិតផល​កសិកម្ម​វៀតណាម និង​ចែករំលែក​បទពិសោធន៍​ នៃ​ការកសាង​សញ្ញា​ពាណិជ្ជកម្ម ក៏ដូចជា​ជួយ​ជំរុញ​ផ្លែឈើ​វៀតណាម​ អាច​ចូលទៅ​កាន់​ទីផ្សារ​បានកា​ន់​តែ​ច្រើន​ផងដែរ​។ 
 
​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​នូវែលសេឡង់ ការលើកកម្ពស់​ទំនាក់​ទំនង​ទ្វេភាគី ​ក្នុង​កម្រិត​កំពូល​មួយ​នេះ គឺជា​ការទទួលស្គាល់​ពី​កំណើន​ដ៏​រឹងមាំ ​របស់​ប្រទេស​ទាំងពីរ​ទាំង​ក្នុង​កិច្ចការ​នយោបាយ ពាណិជ្ជកម្ម ការពារ និង​សន្តិសុខ និង​ទំនាក់ទំនង ​រវាង​ប្រជាជន ​និង​ប្រជាជន​។ ក្នុង​ក្រសែភ្នែក​នូវែលសេឡង់ វៀតណាម នឹង​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​មួយ ​ក្នុង​តំបន់​អាស៊ី ដែលមាន​ការលូតលាស់​លឿន​ជាងគេ ​ក្នុង​រយៈពេល​បី បួន​ឆ្នាំ​ខាងមុខ​។​
 
​គួរ​ជម្រាប​បន្តិច​ថា ក្រៅពី​មាន​ទំនាក់ទំនង​ជិតស្និទ្ធ ​ក្នុង​ក្របខណ្ឌ​ទ្វេភាគី វៀតណាម និងនូវែលសេឡង់ ក៏មាន​កិច្ចសហប្រតិបត្តិការ​រួម​គ្ នា​ក្នុង​ក្របខណ្ឌ​ពាណិជ្ជកម្ម​ធំៗ​ក្នុង​តំបន់ ​ដូចជា ក្របខណ្ឌ អាស៊ាន​-​នូវែលសេឡង់​, ភាពជា​ដៃគូ​អភិវឌ្ឍ​គ្រប់​ជ្រុងជ្រោយ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ក៏ដូចជា​ក្របខណ្ឌ​ភាព​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ ក្នុង​តំបន់ (RCEP) ផងដែរ​៕ 

 

Tag:
 វៀតណាម​
  ណូ​វែ​ល​ហ្សេ​ឡង់​
© រក្សាសិទ្ធិដោយ thmeythmey.com