កីឡាអន្តរជាតិ
អន្តរជាតិ
Vardy ឈ្នះ​ស្បែកជើង​មាស ខណៈ Ederson បាន​ស្រោមដៃ​មាស​នៅ Premier League
27, Jul 2020 , 9:39 pm        
រូបភាព
Jamie Vardy ឈ្នះ​ស្បែកជើង​មាស Golden Boot ប្រចាំ​ក្របខណ្ឌ Premier League រដូវ​កាល ២០១៩-២០ ក្រោយ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ គឺ​ចំនួន​២៣​គ្រាប់​។ Ederson Moraes អ្នកចាំទី Manchester City ទទួលបាន​ស្រោមដៃ​មាស Golden Glove ខណៈ​មិត្ត​រួម​ក្រុម Kevin De Bruyne ជាប់​ជា​កីឡាករ​នាំ​លេង​ល្អ​បំផុត Playmaker award និង​ជា​អ្នក​បញ្ជូន​បាល់​ឲ្យ​ដៃគូ​សម្រេច​ទី (Assists) ច្រើនជាងគេ​។​



​នេះ​ជាការ​ឈ្នះ​ស្បែកជើង​មាស​ជា​កំណត់ត្រា​សម្រាប់​ខ្សែប្រយុទ្ធ​ដែលមាន​វ័យ​ចំណាស់ និង​ជា​លើកដំបូង​ក្នុង​អាជីព​របស់ Vardy​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស និង​ក្លិប Leicester City វ័យ​៣៣​ឆ្នាំ​រូបនេះ​រកបាន​២៣​គ្រាប់ នាំមុខ Pierre-Emerick Aubameyang ខ្សែប្រយុទ្ធ Arsenal ដែល​រកបាន​២២​គ្រាប់ ស្មើគ្នា​ជាមួយ Danny Ings របស់ Southampton​។ Raheem Sterling ខ្សែប្រយុទ្ធ Man City ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៤ ដោយ​រកបាន​២០​គ្រាប់ តាម​ពីក្រោយ​ដោយ Mohamed Salah របស់ Liverpool ដែល​ស៊ុត​បញ្ចូល​ទី​បាន​១៩​គ្រាប់​។​


 
​ដោយឡែក Ederson អ្នកចាំទី​សញ្ជាតិ​ប្រេ​ស៊ី​ល តាមរយៈ​ការសង្គ្រោះ​បាល់​មិន​ឲ្យ​ចូល​ទី (Clean Sheet) ចំនួន​១៦​ប្រកួត បាន​នាំ​ឲ្យ​រូបគេ​គ្រង​ស្រោមដៃ​មាស​សម្រាប់​រដូវ​កាល​នេះ បើ​ទោះ​មិនបាន​ជួយ Man City ការពារ​ជើងឯក​លី​គ​កំពូល​អង់គ្លេស​ក្តី​។​
 
Kevin De Bruyne ខ្សែបម្រើ​ឆ្នើម​របស់​ក្រុម​មេឃ​ខៀវ ក្រោយពី​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​ក្របខណ្ឌ Premier League ដោយបាន​ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​បញ្ជូន​បាល់​ឲ្យ​ដៃគូ​សម្រេច​ទី (Assist) ច្រើនជាង​១៥​លើក​ក្នុង​រយៈពេល​បី​រដូវ​កាល​ផ្សេងគ្នា នៅពេលនេះ​រូបគេ​បាន​ដេញទាន់​កំណត់ត្រា​របស់ Thierry Henry ក្នុងនាម​អ្នក​បញ្ជូន​បាល់​ច្រើន​បំផុត​ចំនួន​២០​ដង​ក្នុង​មួយ​រដូវ​កាល​។​
 
​តាមរយៈ​ជំនាញ​បញ្ជូន​បាល់​ដ៏​អស្ចារ្យ​នេះដែរ បានធ្វើ​ឲ្យ​ខ្សែបម្រើ​សញ្ជាតិ​បែ​ល​ស្ស៊ិ​ក​រូបនេះ ត្រូវបាន​ផ្តល់​ឲ្យ​ជា​កីឡាករ​នាំ​លេង Playmaker award ល្អ​ជាងគេ​ក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ​ផងដែរ​។ ក្រៅពី Assist ច្រើន De Bruyne ក៏​អាចរ​គ្រាប់​បាល់​បាន ១៣​គ្រាប់​ផង សម្រាប់​ការប្រកួត​ក្នុង​លី​គ​៕
 

Tag:
 Jamie Vardy
  Ederson Moraes
  Kevin De Bruyne
© រក្សាសិទ្ធិដោយ thmeythmey.com