ក្រុមបាល់ទាត់វិសាខាបានលត់ក្រុមអាស៊ីអឺរ៉ុបក្នុងលទ្ធផល ១០-១ នាជំនួបពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ខណៈកីឡាករពីររូបសម្រេចបាន Hat-Trick រៀងៗខ្លួន។ ក្រុមព្រះខ័នរាជស្វាយរៀង បន្តគ្រងកំពូលតារាងប្រចាំសប្តាហ៍ទី៩ ក្រោយយកឈ្នះអង្គរថាយហ្គឺរ ២-០ ខណៈជ័យជម្នះនេះ ជួយឲ្យពួកគេរក្សាកំណត់ត្រាមិនស្គាល់ចាញ់។
គ្រាប់បាល់ចំនួន១១គ្រាប់ត្រូវបានស៊ុតបញ្ចូលទីគ្នា្នក្នុងជំនួបរវាងក្រុមវិសាខាជាមួយអាស៊ីអឺរ៉ុប។ នេះជាលើកទី១ហើយដែលក្នុងមួយប្រកួតក្រុមទាំងពីរមានការស៊ុតបញ្ចូលទីគ្នាលើសពី១០គ្រាប់ បន្ទាប់ពីក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមយុវជនអាយុក្រោម១៨ឆ្នាំបាទី ១០-០ កាលពីសប្តាហ៍ទី៦។
អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងជ័យជម្នះ ១០-១ របស់ម្ចាស់ផ្ទះវិសាខាលើភ្ញៀវអាស៊ីអឺរ៉ុប ខ្សែប្រយុទ្ធ កែវ សុខផេង និងកីឡាករ Mihaljevic Folp សម្រេចបាន៣គ្រាប់ម្នាក់ឯង(Hat-Trick)រៀងៗខ្លួន។
នាជំនួបនៅកីឡដ្ឋានវិសាខានៅទី២៥ កក្កដា ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង បានរកគ្រាប់បាល់នាំមុខ ១-០ ឲ្យវិសាខាក្រោយការប្រកួតដំណើរការបាន៧នាទី។ ៣នាទីក្រោយមកកីឡាករ កែវ សុខផេង សម្រេចគ្រាប់ទី២សម្រាប់ម្ចាស់ផ្ទះ មុនកីឡាករ Mihaljevic Folp បន្ថែមមួយគ្រាប់ទៀត ដើម្បីបង្កើតការនាំមុខអាស៊ីអឺរ៉ុប ៣-០ នៅនាទី៣៥។ គ្រាប់ទី៤សម្រាប់ម្ចាស់ផ្ទះវិសាខាបានកើតឡើង៤នាទីបន្ទាប់ ក្រោយខ្សែប្រយុទ្ធ កែវ សុខផេង សម្រេចបានគ្រាប់ទីពីររបស់ខ្លួនមុនបញ្ចប់វគ្គទី១។
ឈានដល់វគ្គទី២នៅនាទី៥៥ ខ្សែប្រយុទ្ធ Mihaljevic Folp សម្រេចបានគ្រាប់ទីពីររបស់ខ្លួន ដែលជាគ្រាប់បាល់ទី៥សម្រាប់វិសាខា មុនខ្សែបម្រើអាហ្វហ្គានីស្ថាន Zazai Mustafa បន្ថែមមួយគ្រាប់ទៀតនៅនាទី៥៩។ គ្រាប់បាល់តាមពីក្រោយ ១-៦ សម្រាប់ភ្ញៀវអាស៊ីអឺរ៉ុបបានកើតឡើងនៅនាទី៧០ ដែលរកបានដោយកីឡាករ Abbee NDjoo Hurber។ ១២នាទីក្រោយមកកីឡាករ កែវ សុខផេង សម្រេចគ្រាប់បាល់ទី៧ឲ្យវិសាខា ដែលជាគ្រាប់បាល់ទី៣របស់គេ។
ការប្រកួតដំណើរការបាន២នាទីកីឡាករ ងយ ស្រ៊ីន បានរួមចំណែកមួយគ្រាប់បន្ថែម ដើម្បីបង្កើនការនាំមុខ ៨-១ ឲ្យវិសាខា មុនខ្សែប្រយុទ្ធ Mihaljevic Folp សម្រេចបាន Hat-Trick ដែលជាគ្រាប់បាល់ទី៩របស់វិសាខា មុនខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ajayi Opeyemi Korede សម្រេចគ្រាប់ជ័យជម្នះ ១០-១ នៅចុងវគ្គទីពីរ(៩០+២)។ ជ័យជម្នះនេះ ជួយឲ្យវិសាខាឡើងទៅឈរលេខរៀងទី៣បណ្តោះអាសន្នដោយមាន១៩ពិន្ទុ ប្រចាំសប្តាហ៍ទី៩នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូខខេមបូឌានលីគ។
ដោយឡែក ក្រុមព្រះខ័នរាជស្វាយរៀងបានបន្តរក្សាកំណត់ត្រាមិនស្គាល់ចាញ់ ក្រោយយកឈ្នះអង្គរថាយហ្គឺរ ២-០ នៅលើទឹកដីខ្លួនកាលពីថ្ងៃសៅរ៍ ទី២៥ កក្កដា ឆ្នាំ២០២០។ ខ្សែប្រយុទ្ធ Jean Marie Privat Befolo Mbarga និងខ្សែប្រយុទ្ធប្រេស៊ីល Pedro Augusto ជាអ្នករកគ្រាប់បាល់ឲ្យព្រះខ័នរាជស្វាយរៀង។ ជ័យជម្នះនេះ ជួយឲ្យក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ បន្តគ្រងកំពូលតារាងបណ្តោះអាសន្នមាន២២ពិន្ទុ ជាមួយកំណត់ត្រាឈ្នះ៧ ស្មើ១។
សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ ទី២៥ កក្កដា នោះដែរ ក្រុមកងយោធពលខេមរភូមិន្ទបានយកឈ្នះក្រុមសូលទីឡូអង្គរក្នុងលទ្ធផល ៣-០។ គ្រាប់បាល់ជ័យជម្នះទាំងនេះរួមចំណែកម្នាក់១គ្រាប់ពីកីឡាករ ជឿម ចាន់រឿន, ណារ៉ុង កក្កដា និង Yannick Francois Nduomene។ ទ័ពបន្តឈរលេខរៀងទី៧ដោយមាន១៤ពិន្ទុ។
បឹងកេតបានឡើងទៅឈរលេខរៀងទី២បណ្តោះអាសន្នក្នុងសប្តាហ៍ទី៩ ក្រោយធ្វើឲ្យភ្នំពេញក្រោនខកចិត្តជាមួយបរាជ័យ ៣-១។ នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២០ បឹងកេតបានបើកទ្វារកីឡដ្ឋានខេមបូឌាអ៊ែរវ៉េស្វាគមន៍ភ្ញៀវភ្នំពេញក្រោន ដែលជាប្រកួតដ៏ស្វិតស្វាញ និងទាក់ទាញប្រចាំសប្តាហ៍ ក៏ដូចជាសម្រាប់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា។
គ្រាប់បាល់ទី១បានកើតឡើងក្រោយការប្រកួតដំណើរការបាន៦នាទី បន្ទាប់ពីខ្សែប្រយុទ្ធ ម៉ាត់ នូរុណ សម្រេចគ្រាប់បាល់នាំមុខ ១-០ ឲ្យម្ចាស់ផ្ទះបឹងកេត។ ការនាំមុខនេះមិនបានធ្វើឲ្យភ្នំពេញក្រោនបាត់បង់ការព្យាយាមរបស់ខ្លួននោះទេ ពោលគឺពួកគេបានខិតខំយ៉ាងខ្លាំងក្នុងការដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះ។ គ្រាប់បាល់តាមស្មើ ១-១ សម្រាប់ភ្ញៀវភ្នំពេញក្រោនបានកើតឡើងនៅនាទី៥២ ដែលសម្រេចបានដោយកីឡាករ ប្រាក់ ធីវ៉ា។
ឈានដល់វគ្គទីពីរ កីឡាករ ឱ ភារុណ បានបង្កើនការនាំមុខ ២-១ សាជាថ្មីសម្រាប់បឹងកេតនៅនាទី៦៣។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត៩០នាទី ប៉ុន្តែនៅនាទីបន្ថែម ៩០+១ កីឡាករ ម៉ាត់ នូរុណ សម្រេចបានគ្រាប់ទីពីរ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះ ៣-១ សម្រាប់បឹងកេតលើភ្ញៀវភ្នំពេញក្រោនផងដែរ។ បរាជ័យនេះធ្វើឲ្យភ្នំពេញក្រោនធ្លាក់ពីលេខរៀងទី២មកឈរលេខរៀងទី៤ ដោយរក្សា១៨ពិន្ទុ។
សម្រាប់ការប្រកួតកាលពីថ្ងៃអាទិត្យ នោះដែរ ក្រុមអគ្គស្នងការដ្នាននគរបាលជាតិស្គាល់ជ័យជម្នះជាលើកដំបូង ក្រោយយកឈ្នះម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ៣-០។ ជ័យជម្នះ ៣-០ ក៏កើតឡើងសម្រាប់ណាហ្គាវើលលើយុវជនអាយុក្រោម១៨ឆ្នាំបាទីផងដែរ។
គិតត្រឹមសប្តាហ៍ទី៩ ព្រះខ័នរាជស្វាយរៀងបន្តឈរកំពូលតារាងដោយមាន២២ពិន្ទុ, បឹងកេតឈរលេខ២មាន២០ពិន្ទុ, វិសាខាឈរលេខ៣មាន១៩ពិន្ទុ, ភ្នំពេញក្រោនឈរលេខ៤មាន១៨ពិន្ទុ, ណាហ្គាវើលឈរលេខ៥មាន១៨ពិន្ទុ, អង្គរថាយហ្គឺរឈរលេខ៦មាន១៥ពិន្ទុ ខណៈកងយោធពលខេមរភូមិន្ទ, គីរីវង់សុខសែនជ័យ, អាស៊ីអឺរ៉ុប, អគ្គិសនីកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ, សូលទីឡូអង្គរ និងយុវជនអាយុក្រោម១៨ឆ្នាំបាទី ឈរលេខរៀងជាបន្តបន្ទាប់៕