ពីនេះ ពីនោះ
តើ​ពាក្យ​«​ខារ៉ាអូខេ​»​មាន​ប្រ​វ​តិ្ត​មកពីណា និង​មាន​អត្ថន័យ​ដូចម្តេច​?
28, Jul 2020 , 7:29 am        
រូបភាព
«​ខារ៉ាអូខេ​» តាម​សំនៀង​ភាសា​ខ្មែរ ឬ​កា​រ៉ា​អុ​កិ (Karaoke) តាម​ភាសា​ជប៉ុន​កំពុង​ពេញនិយម​ទាំង​នៅ​កម្ពុជា និង​នៅ​សកលលោក ប៉ុន្តែ​សម្រាប់​នៅ​កម្ពុជា មនុស្ស​ភាគច្រើន​ពុំបាន​ដឹង ឬ​យល់​អត្ថន័យ នៃ​ពាក្យ​ខារ៉ាអូខេ ឬ​កា​រ៉ា​អុ​កិ​នេះ​ទេ​។​

 
«​ខារ៉ាអូខេ ឬ​កា​រ៉ា​អុ​កិ​» គឺជា​ពាក្យ​ពីរ​ម៉ា​ត់នៃ​ភាសា​ជប៉ុន ផ្សំ​ចូលគ្នា គឺ​កា​រ៉ា និង​អុ​កិ​។ ភាសា​ជប៉ុន ពាក្យ​ថា កា​រ៉ា មានន័យថា ទទេ ឬ​គ្មាន​។ ចំណែក​ពាក្យ​ថា អុ​កិ មកពី​ភាសា​បារាំង ថា អ័គ​កេះ ដែល​ខ្មែរ​យើង​ហៅថា តន្ត្រី ឬ​ភ្លេង​។ ដូច្នេះ​ពាក្យ​ថា ខារ៉ាអូខេ ឬ​កា​រ៉ា​អុ​កិ មានន័យថា​កម្មវិធី​ដែល​មានតែ​តន្ត្រី ឬ​ភ្លេង​ទទេ​។​
 
​ប្រសិនបើ​យើង​ទៅ​កា​រ៉ា​អុ​កិ មានន័យថា​យើង​ទៅ​ច្រៀង​ចម្រៀង ដែល​មានតែ​ភ្លេង ឬ​តន្ត្រី​ទទេ​។ ប៉ុន្តែ សម្រាប់​នៅ​កម្ពុជា ឬ​នៅ​ប្រទេស​ផ្សេងៗ​មួយចំនួនទៀត ពេល​ទៅ​ខារ៉ាអូខេ ឬ​កា​រ៉ា​អុ​កិ គឺ​ទៅ​ដើម្បី​បាន​ឱប ស្ទាបអង្អែល បាន​កេះកៀវ នារី​ក្មេងៗ ឬ​អាច​ឈានដល់​សេវា​ផ្លូវភេទ​ផងដែរ​។ 
 
​កា​រ៉ា​អុ​កិ​(Karaoke) ឬ​ខារ៉ាអូខេ  ត្រូវបាន​បង្កើតឡើង​ដោយ​លោក​ដាយ​ស៊ូ​កិ អ៊ី​ណូ​អិ (DAISUKE INOUE) ជនជាតិ​ជប៉ុន កាលពី​អំឡុង​ឆ្នាំ​១៩៧០ ហើយ​នៅ​ឆ្នាំ​១៩៧១ កម្មវិធី​នេះ ចាប់ផ្តើម​ល្បីល្បាញ​ខ្លាំង​នៅ​ទីក្រុង​កូ​បេ និង​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​។​
 
​លោក​ដាយ​ស៊ូ​កិ អ៊ី​ណូ​អិ ជា​ក្រុម​តន្ត្រី​មួយ​ប្រចាំ​ក្លឹប​កម្សាន្ត​នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន​។ លោក​ពុំមែន​ជា​អ្នកជំនាញ​ខាង​តន្ត្រី​ទេ តែ​លោក​បង្កើតជា​ខា​រា​អូ​ខេ ឬ​កា​រ៉ា​អុ​កិ នេះ គឺ​ធ្វើ​ទៅតាម​សំណើ របស់​ប្រធាន​ក្រុមហ៊ុន​ម្នាក់ ដែល​គេ​មិន​បង្ហាញ​ឈ្មោះ ចង់​ច្រៀង​លេង​ម្នាក់​នៅពេល​ខ្លួន​អផ្សុក​។ ប្រធាន​ក្រុម​ហ៊ុ​នេះ ស្នើ​ឲ្យ​លោក​ដាយ​ស៊ូ​កិ អ៊ី​ណូ​អិ ប្រគុំ​តន្ត្រី ក្នុង​ក្លឹប  ដើម្បី​គាត់​ច្រៀង​ម្នាក់ឯង​។  
 
​លោក​ដាយ​ស៊ូ​កិ អ៊ី​ណូ​អិ មាន​អារម្មណ៍​ថា ប្រសិនបើ​គេ​អាច​ច្រៀង​ម្នាក់ឯង​បាន ម្តេចក៏​យើង​មិន​រក​វិធី បំពាក់​បច្ចេកវិជ្ជា​ថ្មី​ទៅ​ម៉ាស៊ីន​ចាក់​ថាស ហើយ​ច្រៀង​តែម្នាក់ឯង​ខាងក្រៅ​ក្លឹប​ទៅ​?​។ ចាប់ពីពេលនោះ​មក​លោក និង​សហការី បាន​បង្កើត​បន្ទប់​សម្រាប់​ច្រៀង​ជា​ឯកជន ចំនួន​១១​បន្ទប់ ដោយ​បំពាក់​គ្រឿង​បរិក្ខារ មាន​កាស្សែត មាន​អំភ្លី និង​ចាប់ផ្តើម​ចុះកិច្ចសន្យា​ជួល​ម៉ាស៊ីន​ចាក់​តាម​រង្គសាល ក្នុង​ទីក្រុង​កូ​បេ នៅ​ឆ្នាំ​១៩៧១​។​
 
​លោក​អ៊ី​ណូ​អិ បានធ្វើ​ឲ្យ​ការ​ខ្មាសអៀន​របស់​ប្រជាជន​ជប៉ុន ដែល​មិន​ហ៊ាន​ច្រៀង មានការ​ផ្លាស់ប្តូរ ចាប់ពីពេលនោះ​មក ហើយ​ពិភពលោក​ទាំងមូល ក៏​ទទួលយក​កម្មវិធី​រប​ស់លោក​ទៅធ្វើ​អាជីវកម្ម​ដោយ​សេរី ប៉ុន្តែ​ប្រហែល​ដោយសារ​បញ្ហា​កម្មសិទ្ធិបញ្ញា សព្វថ្ងៃ​លោក​ស្ទើរតែ​ពុំមាន​អ្វី​សោះ​។ ឯ​ក្រុមហ៊ុន ខារ៉ាអូខេ ដែល​លោក​ប្រគល់​ឲ្យ​ប្អូនប្រុស របស់លោក​គ្រប់គ្រង​នោះ បាន​បិទទ្វារ​ទៅហើយ​។  លោក​អ៊ី​ណូ​អិ និយាយថា ខ្ញុំ​ជា​អ្នក​បង្កើតជា​ម៉ែឪ​ខារ៉ាអូខេ តែ​ឥឡូវ​ខ្ញុំ​បាន​បោះបង់​វា​ចោល​ហើយ​។​
 
​បច្ចុប្បន្ន​ពាក្យ​«​ខារ៉ាអូខេ​» នេះ​មាន​ពលរដ្ឋ​នៅក្នុង​ប្រទេស​មួយចំនួន ព្រមទាំង​ពលរដ្ឋ​កម្ពុជា​និយម​ហៅ​ពាក្យ​ម្យ៉ាងទៀត​ដែលមាន​ន័យ​ដូចនឹង​ពាក្យ​«​ខារ៉ាអូខេ​»​ដែរ គឺ​«KTV»៕ 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com