ជាតិ
សង្គមជាតិ
រយៈពេល៥ឆ្នាំ បណ្ឌិត្យសភានគរបាល បណ្ដុះបណ្តាលធនធានមនុស្សជាង២ម៉ឺននាក់
27, Jul 2020 , 6:26 pm        
រូបភាព
សម្ដេច ស ខេង អញ្ជើញចូលរួមក្នុងសន្និបាទបូកសរុបការងារយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។ (រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ)
សម្ដេច ស ខេង អញ្ជើញចូលរួមក្នុងសន្និបាទបូកសរុបការងារយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។ (រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ)
ភ្នំពេញ៖ រយៈពេល៥ឆ្នាំ បណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលជាង២០០លើក ដោយបានបណ្ដុះបណ្ដាលធនធានមនុស្សជាង២ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់ លោក សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។



នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងពិធីបូកសរុបការងាររយៈពេល៥ឆ្នាំរបស់បណ្ឌិត្យសភានគរបាលកម្ពុជា (២០១៥-២០១៩) លោក សេង ផល្លី បានបញ្ជាក់ថា ការអនុវត្តផែនការយុទ្ធសាស្ដ្ររយៈពេល៥ឆ្នាំ បានបណ្ដុះបណ្ដាលធនធានមនុស្ស២០៩៩៦នាក់ ដោយក្នុងនោះមាននារី២៥៣៤នាក់។ លោកបន្ដថា ក្នុង១ឆ្នាំ បណ្ឌិត្យសភានគរបាលកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលជាង៤០លើក ដែលជាមធ្យម មានសិក្ខាកាមប្រមាណ៤,២ពាន់នាក់។

សម្ដេច ស ខេង រដ្ឋមន្រី្តក្រសងួមហាផ្ទៃ ដែលចូលរួមធ្វើជាអធិបតីក្នុងពិធីនេះ បានប្រកាសដាក់គោលដៅ កាត់បន្ថយនគរបាលទៅសិក្សាក្រៅប្រទេស ដើម្បីឲ្យកម្ពុជាមានម្ចាស់ការលើផ្នែកបណ្ដុះបណ្ដាលដោយខ្លួនឯង។ រដ្ឋមន្រ្តីមហាផ្ទៃ ថ្លែងថា៖«ការសម្រេចចិត្តជាយុទ្ធសាស្ដ្រមួយថា យើងត្រូវតែម្ចាស់ការ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកនគរបាលដោយខ្លួនឯងនោះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ជាគោលការណ៍យុទ្ធសាស្ដ្រដ៏ត្រឹមត្រូវ ដែលខ្ញុំចង់បានជាយូរហើយ ខ្ញុំក៏ធ្លាប់និយាយហើយ មកដល់ពេលនេះយើងអាចចាប់ផ្ដើមចេញដំណើរបាន ចង់និយាយថា យើងអាចឈានកាត់បន្ថយបណ្ដើរៗ។ ឧទាហរណ៍ថា យើងបានបញ្ជូនទៅក្រៅប្រទេសនេះ៥០០នាក់ ប្រទេសនោះ៤០០នាក់ ឥឡូវយើងអាចបន្ថយ៧០ភាគរយ ឬកាត់បន្ថយ៣០ភាគរយ ឬកាត់៥០ភាគរយ និងឈានទៅកាត់បន្ថយជាបន្ដបន្ទាប់»។

សម្តេចរដ្ឋមន្រ្តី បន្ថែមថា ទន្ទឹមនឹងការកាត់បន្ថយនគរបាលទៅសិក្សានៅក្រៅប្រទេសនេះ បណ្ឌិត្យសភានគរបាល ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផ្នែកនគរបាល ដើម្បីបញ្ជូនគ្រូមកបង្ហាត់បង្រៀនបនគរបាលក្នុងស្រុកបន្ថែម៕

Tag:
 នគរបាល
  ធនធានមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com