COVID-19
អន្តរជាតិ
លោក លី សៀន​ឡុង ថា នឹង​ផ្ទេរតំណែង​ឲ្យ​អ្នកជំនាន់ក្រោយ ពេល​ចប់ COVID-19
28, Jul 2020 , 8:29 pm        
រូបភាព
លោក ហេង ស្វីគៀត (ឆ្វេង) កំពុងស្បថចូលកាន់តំណែងជាឧបនាយករដ្ឋមន្រ្តីក្នុងពិធីថ្ងៃទី២៧ ខែកក្កដា ដែលមាននាយករដ្ឋមន្រ្តី លី សៀនឡុង (កណ្ដាល) និងប្រធានាធិបតី ហាលីម៉ា យ៉ាកុប (ស្ដាំ) ធ្វើជាអធិបតី។
លោក ហេង ស្វីគៀត (ឆ្វេង) កំពុងស្បថចូលកាន់តំណែងជាឧបនាយករដ្ឋមន្រ្តីក្នុងពិធីថ្ងៃទី២៧ ខែកក្កដា ដែលមាននាយករដ្ឋមន្រ្តី លី សៀនឡុង (កណ្ដាល) និងប្រធានាធិបតី ហាលីម៉ា យ៉ាកុប (ស្ដាំ) ធ្វើជាអធិបតី។
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង និយាយ​នៅ​ថ្ងៃទី​២៧ ខែកក្កដា ថា លោក​នឹង​ដឹកនាំ​សិង្ហ​បុរី​ឲ្យ​ចេញពី​វិបត្តិ​ជំងឺ COVID-19 ហើយ​រៀបចំ​ប្រទេស​ឲ្យ​ស្រេចបាច់ មុននឹង​ផ្ទេរតំណែង​ទៅ​ឲ្យ​អ្នកជំនាន់ក្រោយ​។ សម្រាប់​លោក លី ថ្នាក់ដឹកនាំ​សិង្ហ​បុរី ត្រូវតែមាន​ការគោរព​ពី​សំណាក់​ប្រជាជន និង​អាចដឹកនាំ​ប្រជាជន​ឲ្យ​សម្រេច​លទ្ធផល​រួមគ្នា​។ 

 
​ការ​រាលដាល​ជំងឺ COVID-19 ទំនងជា​បាន​បង្អាក់​ផែនការ​ផ្ទេរតំណែង​រប​ស់លោក លី សៀន​ឡុង នាយករដ្ឋមន្ត្រី​ទី​បី​របស់​សិង្ហ​បុរី​។ លោក លី កូនប្រុស​បង្កើត​ស្ថាបនិក​សិង្ហ​បុរី​លោក លី ក្វាន់ យូ ធ្លាប់​ប្រកាស​ហើយ​ថា លោក​នឹង​ចុះ​ចេញពី​តំណែង​នៅមុន​អាយុ​៧០​ឆ្នាំ​។​
 
​ខណៈ​ជំងឺ​COVID-19 នៅ​មិនទាន់​សាបរលាប​នោះ លោក លី បាន​ទុក​ផែនការ​នេះ​មួយ​ឡែក​សិន ហើយ​ផ្ដោត​ការងារ​សំខាន់​លើ​ការប្រយុទ្ធប្រឆាំង​ជំងឺ​រាលដាល​សាកល​មួយ​នេះ និង​ធ្វើយ៉ាងណា​ឲ្យ​សិង្ហ​បុរី​រៀបរយ​ពេល​លោក​ចាកចេញ​។ ថ្លែង​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី ដែលមាន​វ័យ​៦៨​ឆ្នាំ​ទៅហើយនោះ បញ្ជាក់ថា ដឹកនាំ​សិង្ហ​បុរី​ឲ្យ​ឆ្លង​ផុត​វិបត្តិ COVID-19 ជា​គោលដៅ​ធំចម្បង​មួយ​។​
 
​បន្ទាប់ពីនោះ លោក ក៏​នឹង​ប្រគល់​សិង្ហ​បុរី​ដែលមាន​សណ្ដាប់ធ្នាប់​ធ្វើការ​ត្រឹមត្រូវ ទៅ​ឲ្យ​អ្នក​ដែលមាន​សមត្ថភាព​ដឹកនាំ​ប្រទេស​ឆ្ពោះទៅមុខ​។ អ្នក​ស្នង​តំណែង​ពី​លោក លី ត្រូវបាន​កំណត់​រួចហើយ គឺ​លោក ហេង ស្វី​គៀត ដែលជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ផង​។ លោក ហេង ត្រូវបាន​ជ្រើសរើស​ចេញពី​ក្រុមមន្ត្រី​វ័យក្មេង​ដែល​ត្រូវបាន​ស្គាល់​ថា​ថ្នាក់ដឹកនាំ​ជំនា​ន់ទី​បួន ដែល​កំពុង​កាន់តំណែង​សំខាន់​ក្នុង​រដ្ឋាភិបាល​របស់លោក លី ស្រាប់​។​
 
«​ខ្ញុំ​ស្នើ​ប្រជាជន​សិង្ហ​បុរី​ទាំងអស់​ផ្ដល់​ការគាំទ្រ​ដល់​រដ្ឋមន្ត្រី​វ័យក្មេង​ដូចដែល​ធ្លាប់​ផ្ដល់​ឲ្យ​ខ្ញុំ​អស់​ពេល​ជាច្រើន​ឆ្នាំ​មកនេះ​។​» លោក លី ថ្លែង​បែបនេះ​ក្នុង​ពិធី​នៅ​ថ្ងៃទី​២៧ ខែកក្កដា​។ មេដឹកនាំ​រូបនេះ ក៏​ឆ្លៀត​លើកឡើង​ពី​លក្ខណៈសម្បត្តិ​ខ្លះ​ដែល​មេដឹកនាំ​សិង្ហ​បុរី​ត្រូវមាន​។ លោក​អះអាងថា សិង្ហ​បុរី ត្រូវតែមាន​មេដឹកនាំ​ដែល​អាច​ប្រឈមមុខ​ភាព​គ្រោតគ្រាត​របស់​នយោបាយ ហើយ​មានការ​ប្ដេជ្ញាចិត្ត​តស៊ូ​ដោយ​កម្លា​យ​ថាមពល​ដើម្បី​ជំនឿ​របស់ខ្លួន​។​
 
​ខុសពី​ប្រទេស​ផ្សេង សិង្ហ​បុរី ក៏​ត្រូវការ​មេដឹកនាំ​មាន​សមត្ថភាព និង​ការប្ដេជ្ញាចិត្ត ដែលជា​អ្នក​ពេញ​ដោយ​សេចក្ដីក្លាហាន អ្នកមាន​ទទួលបាន​ការគោរព​ពី​ប្រជាជន ហើយ​អាច​កៀរគរ​ប្រជាជន​ទាំងមូល​ឲ្យ​សម្រេចបាន​លទ្ធផល​ទាំងអស់គ្នា​។ នេះ​ជាការ​បន្ថែម​របស់លោក លី ដែល​បន្តថា ការផ្លាស់ប្ដូរ​មេដឹកនាំ ជា​ដំណើរការ​មិនចេះចប់ ហើយ​សិង្ហ​បុរី​ត្រូវការ​ប្រជាជនមាន​សមត្ថភាព​នៅ​គ្រប់​ជំនាន់​ទៅមុខ​បម្រើ​ប្រទេស​៕ 
 
 

Tag:
 សិង្ហ​បុរី​
  លី សៀន​ឡុង​
  ហេង ស្វី​គៀត​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com