អន្តរជាតិ
តុលាការ​ម៉ាឡេស៊ី​រកឃើញ​លោក ណា​ជីប មាន​កំហុស​៧​ករណី​ក្នុង​សំណុំរឿង​លួច​លុយ​រដ្ឋ​
28, Jul 2020 , 3:31 pm        
រូបភាព
​អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ បង្ហាញខ្លួននៅតុលាការជាន់ខ្ពស់ នៅថ្ងៃទី ២៨ ខែកក្កដា ចាំស្ដាប់ការប្រកាសសាលក្រម (AFP)
​អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ បង្ហាញខ្លួននៅតុលាការជាន់ខ្ពស់ នៅថ្ងៃទី ២៨ ខែកក្កដា ចាំស្ដាប់ការប្រកាសសាលក្រម (AFP)
ដោយ:
​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ ត្រូវបាន​តុលាការ​រកឃើញ​មានទោស​កំហុស​៧​ករណី​ក្នុង​សំណុំរឿង​ពុករលួយ ដែលជា​សវនាការ​កាត់ក្តី​ដំបូង​ក្នុងចំណោម​៥​សំណុំរឿង​ពាក់ព័ន្ធ​បទ​ចោទ​លួច​លុយ​ជាតិ​រាប់ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​រដ្ឋ 1MDB ។ ក្រោយ​ប្រកាស​សាលក្រម​រួច លោក ណា​ជីប ក្លាយជា​មេដឹកនាំ​ម៉ាឡេស៊ី​ទីមួយ​ដែលមាន​កំហុស​រឿង​ពុករលួយ​។

 
​អំឡុងពេល​ប្រកាស​សាលក្រម នៅ​ថ្ងៃទី​២៨ ខែកក្កដា ចៅក្រម​នៃ​តុលាការ​ជាន់ខ្ពស់​ម៉ាឡេស៊ី Mohamad Ghazali បញ្ជាក់​ដូច្នេះ​ថា លោក​រកឃើញថា ព្រះរាជអាជ្ញា​បានបញ្ជាក់​ដោយ​ជោគជ័យ​ក្នុង​សំណុំ​រឿងនេះ​ដោយ​មិនបាច់​សង្ស័យ​អ្វី​ឡើយ ដូច្នេះហើយ​លោក​រកឃើញ​ទោសកំហុស​ដែល​បាន​ចោទប្រកាន់ និង​សម្រេច​ដាក់ទោស​លោក ណា​ជីប ទាំង​៧​ករណី គឺ​ការបំពាន​ទំនុកចិត្ត​៣​ករណី បទល្មើស​លាងលុយកខ្វក់​ចំនួន​៣​ករណី និង​បទល្មើស​រំលោភ​អំណាច​មួយ​ករណី​។​
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក​ចៅក្រម Ghazali អះអាង​ទៀតថា ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ណា​ជីប បរាជ័យ​ក្នុងការ​ការឆ្លើយតប​ចំពោះ​ការចោទប្រកាន់​លើ​កូនក្តី​ខ្លួន​ចំពោះ​បទល្មើស​រំលោភ​អំណាច​។ 
 
​បទ​ចោទ​ប្រឆាំង លោក ណា​ជីប ដែល​បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ​២០០៩ ដល់ ឆ្នាំ​២០១៨ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​លុយ​ប្រមាណ ៩,៨​លាន​ដុល្លារ ពី​ក្រុមហ៊ុន SRC International ដែលជា​អតីត​ស្ថាប័ន​មួយ​របស់​មូលនិធិ​រដ្ឋ 1MDB ចូលទៅ​គណនី​ធនាគារ​ផ្ទាល់ខ្លួន​លោក​ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥​។ 
 
​ក្រោយ​ប្រកាស​សាលក្រម​រកឃើញ​ទោសកំហុស មេធាវី​ការពារ​ក្តី​លោក​ណា​ជីប គឺ លោក Shafee Abdullah បានស្នើ​សុំ​ឲ្យ​ការកាត់ទោស​ពន្យារពេល រហូតដល់​ថ្ងៃទី ៣ ខែសីហា សិន​។ បើតាម​ទូរទស្សន៍​ដដែល លោក Abdullah បកស្រាយ​ដូច្នេះ​ថា​៖«​ដូចដែល​យើង​ដឹង​ហើយ ប្រទេស​ទាំងមូល គឺ​ត្រូវ​បិទ កូនក្តី​ខ្ញុំ​ទៅណា​មិន​រួច​ទេ​»​។ យ៉ាងណាមិញ ព្រះរាជអាជ្ញា​ម៉ាឡេស៊ី និយាយថា វា​គ្មាន​ហេតុផល​គ្រប់គ្រាន់​ក្នុង​ការលើក​ពេល​ការកាត់ទោស​នោះឡើយ​។  
 
​ការប្រកាស​ខាងលើ ធ្វើឡើង​ត្រឹម​៦​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​តុលាការ​ជាន់ខ្ពស់​បា​នប​ញ្ជា​ឲ្យ​លោក ណា​ជីប​បង់លុយ​៤០០​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល ជា​ថ្លៃ​ពន្ធ​ដែល​លោក​អត់​បង់ និង​ថ្លៃ​ពិន័យ គិត​ចាប់ពី​ឆ្នាំ ២០១១ ដល់ ឆ្នាំ​២០១៧ ។ 
 
​ក្រៅពី​សវនាការ​ខាងលើ អតីត​នាយករដ្ឋមន្ត្រី​អាយុ ៦៧​ឆ្នាំ​រូបនេះ ក៏​កំពុង​ប្រឈម​សវនាការ​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​មូលនិធិ​រដ្ឋ 1MDB ដដែល​។ លោក ណា​ជីប រង​ការ​ចោទ​បទល្មើស​មួយចំនួនទៀត​រួមមាន ការលាង​លុយ​ចំនួន​២២​ករណី​ពាក់ព័ន្ធ​រឿង​លុយ ៥៥០​លាន​ដុល្លារ ដែល​ផ្ទេរ​ដោយផ្ទាល់​ពី​មូលនិធិ 1MDB ។ សវនាការ​មួយទៀត ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៨ ខែធ្នូ ខាង​មុន មាន​ជាប់ទាក់ទង​នឹង​បទល្មើស​រំលោភ​អំណាច និង​បិទបាំង​របាយការណ៍​។ ចំណែក សវនាការ​កាត់ក្តី​២​លើ​សំណុំរឿង​ផ្សេងទៀត កំពុងស្ថិត​ក្នុងការ​រង់ចាំ​៕
 
 

Tag:
 ម៉ាឡេស៊ី​
  ណា​ជីប រ៉ា​ហ្សា​ក់​
  IMDB
© រក្សាសិទ្ធិដោយ thmeythmey.com