កីឡាជាតិ
ជាតិ
លោក ស សុខា ថា មន្ត្រី​សហព័ន្ធ​ខ្លះ​ឈរឈ្មោះ​ជា​គ្រូបង្វឹក គឺ​ដោយសារ​ចង់បាន​ផលប្រយោជន៍​
28, Jul 2020 , 9:29 pm        
រូបភាព
លោក_ស_សុខា_រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា (រូបភាពពីហ្វេសប៊ុក)
លោក_ស_សុខា_រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា (រូបភាពពីហ្វេសប៊ុក)
ដោយ:
​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បន្ត​ដាស់តឿន​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ​បែងចែក​ឲ្យ​ដាច់​រវាង​តួនាទី​មន្ត្រី​សហព័ន្ធ និង​គ្រូបង្វឹក​។ ការ​ដាស់តឿន​នេះ ធ្វើឡើង​ក្រោយ លោក សង្កេតឃើញថា នៅតែមាន​សហព័ន្ធ​កីឡា​ជាតិ​មួយចំនួន​តូច​មាន​មន្ត្រី​មាន​តួនាទី​ក្នុង​សហព័ន្ធ ដើរតួ​ជា​គ្រូបង្វឹក​។ លោក​ចាត់ទុក​ទង្វើ​រប​ស់​មន្ត្រី​ទាំងនោះ គឺ​ដោយសារ​ចង់បាន​ផលប្រយោជន៍​។

 
​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ស សុខា មិន​អនុញ្ញាត​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ​មាន​មន្ត្រី​ដើរតួនាទី​ពីរ​ក្នុងពេល​តែមួយ​នោះឡើយ​។ ការលើកឡើង​បែបនេះ ធ្វើឡើង​ក្រោយ លោក សង្កេតឃើញថា សហព័ន្ធ​កីឡា​ជាតិ​មួយចំនួន​តូច​នៅតែមាន​មន្ត្រី​ដើរតួ​ជា​មន្ត្រី​សហព័ន្ធ​ផង និង​ជា​គ្រូបង្វឹក ឬ​គ្រូ​ជំនួយ​ផង​។ 
 
​លោក អះអាងថា មូលហេតុ​តែមួយគត់​ដែល​ជំរុញ​ឲ្យ​មន្ត្រី​ទាំងនោះ​បន្ត​ក្រាញននាល​ធ្វើជា​មន្ត្រី​ផង ជា​គ្រូបង្វឹក​ផង គឺ​ដោយសារ​ចង់បាន​ផលប្រយោជន៍​។ ពាក់ព័ន្ធ​បញ្ហា​នេះ លោក​បាន​ពន្យល់ថា បើ​ពួកគេ​ឈរឈ្មោះ​ជា​គ្រូបង្វឹក ពួកគេ​នឹង​ទទួល​បានជា​ថវិកា​លើកទឹកចិត្ត នៅពេល​កីឡាករ​កីឡាការិនី​ជា​កូនសិស្ស​របស់ខ្លួន​ដណ្តើមបាន​មេដាយ​ក្នុងការ​ប្រកួត​កម្រិត​អន្តរជាតិ​ណាមួយ​។ 
 
​ទន្ទឹមនឹងនេះ លោក ជំរុញ​ឲ្យ​សហព័ន្ធ​ដែល​នៅមាន​មន្ត្រី​ដើរតួ​ជាម​ន្ត្រី និង​គ្រូបង្វឹក​ទាំងនោះ បែង​ចែង​ឲ្យ​ដាច់​រវាង​តួនាទី​ជាម​ន្ត្រី​សហព័ន្ធ និង​គ្រូបង្វឹក​។ ក្នុងន័យនេះ បើ​មន្ត្រី​ម្នាក់​ចង់​ធ្វើជា​គ្រូបង្វឹក ត្រូវ​លាលែង​តំណែង​ចេញ​មន្ត្រី​សហព័ន្ធ តែបើ​ចង់​ធ្វើជា​មន្ត្រី​សហព័ន្ធ ត្រូវ​លាលែង​ចេញពី​តំណែង​គ្រូបង្វឹក ឬ​គ្រូ​ជំនួយ​។ 
 
«​ក្នុង​សហព័ន្ធ​មួយ​មន្ត្រី​ម្នាក់​មិនអាច​ដើរតួ​ជា​ប្រធាន ឬ​អគ្គលេខាធិការ​សហព័ន្ធ​ផង គ្រូបង្វឹក ឬ​គ្រូ​ជំនួយ​ផង​នោះទេ​។ គ្រូ​គឺជា​គ្រូ ប្រធាន អនុប្រធាន គឺជា​ប្រធាន​អនុប្រធាន​របស់​សហព័ន្ធ​នីមួយៗ ហើយ​អគ្គលេខាធិការ ក៏​មិនអាច​ក្លាយជា​គ្រូ​បានដែរ​។ ខ្ញុំ​សូម​សំណូមពរ​ចែក​ឲ្យ​ដាច់​ពាក់ព័ន្ធ​រឿងនេះ តាមពិត​និយាយ​រួមមាន​តែមួយ​ទេ គឺ​ដោយសារ​ផលប្រយោជន៍​។ បើ​គាត់​ធ្វើជា​គ្រូ​ពេល​បាន​ចេញទៅ​ជាមួយ​សិស្ស ហើយ​សិស្ស​ទទួលបាន​ជ័យលាភី គាត់​ក៏បាន​មួយផ្នែក​ដែរ​»​។ លោក ស សុខា លើកឡើង​ដូច្នេះ​ក្នុង​ពិធី​បិទ​សិក្ខា​ស្តីពី​ការប្រមូល​ធាតុ​ចូល​សម្រាប់​តាក់តែង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ​និង​កីឡា​។​
 
​បើតាម​លោក ស សុខា សហព័ន្ធ​ដែល​នៅតែ​បន្ត​តែងតាំង​មន្ត្រី​របស់ខ្លួន​ជា​គ្រូបង្វឹក ឬ​គ្រូបង្វឹក​ជំនួយ​ដោយសារ​កង្វះ​ធនធាន​គ្រូបង្វឹក ខណៈដែល​សហព័ន្ធ​ទាំងនោះ​បានកកើតឡើង​អស់​រយៈពេល​ជិត​១០​មកហើយ​។ សម្រាប់​លោក ស សុខា នេះ​ជា​ក្តីបារម្ភ​ដ៏​ធំ​មួយ ដែល​សហព័ន្ធ​បាន​បង្កើតឡើង​ជិត​១០​ឆ្នាំ តែ​អសមត្ថភាព​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​គ្រូបង្វឹក​។ 
 
​ជាមួយគ្នានេះ លោក ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ឲ្យ​បាន​រួចរាល់ ដ្បិត​បច្ចុប្បន្ន​ក្នុងចំណោម​សហព័ន្ធ​ជាង​៤០​មានតែ​សហព័ន្ធ​ប្រមាណ​៥​ទៅ​៦​ប៉ុណ្ណោះ ដែល​បានរៀបចំ​ផែនការមេ​របស់ខ្លួន ដាក់​ឲ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ឈ្មោះ​សហព័ន្ធ​កីឡា​ទាំង​នោះឡើយ​៕  

Tag:
 ស សុខា​
  ក្រសួង​អប់រំ​យុវជន​និង​កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com