ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ គ្រោង​កាត់បន្ថយ​ការបញ្ជូន​នគរបាល​ទៅ​រៀន​នៅ​បរទេស ដោយ​ងាក​មក​ពង្រឹង​ការបណ្តុះបណ្តាល​ក្នុងស្រុក​វិញ​
28, Jul 2020 , 10:29 pm        
រូបភាព
សម្ដេច ស ខេង កំពុងមាន​ប្រសាសន៍​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ (២០១៥-២០១៩) និង​លើក​ទិសដៅ​ការងារ សម្រាប់​រយៈពេល​៥​ឆ្នាំ​បន្ត របស់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា​ថ្ងៃទី​២៧​កក្កដា ឆ្នាំ​២០២០ (​រូប​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្ដេច ស ខេង
សម្ដេច ស ខេង កំពុងមាន​ប្រសាសន៍​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ (២០១៥-២០១៩) និង​លើក​ទិសដៅ​ការងារ សម្រាប់​រយៈពេល​៥​ឆ្នាំ​បន្ត របស់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា​ថ្ងៃទី​២៧​កក្កដា ឆ្នាំ​២០២០ (​រូប​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្ដេច ស ខេង
​ភ្នំពេញ​៖ សម្ដេច ស ខេ រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ មានបំណង​កាត់បន្ថយ​ការបញ្ជូន​នគរបាល​ទៅ​សិក្សា​ក្រៅប្រទេស ដើម្បី​មាន​ជំហរ​ខ្លួនឯង​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផ្នែក​នគរបាល​នេះ នៅក្នុង​ស្រុក​វិញ​។ ការ​មាន​គម្រោង​ចង់​កាត់បន្ថយ​ការបញ្ជូន​នគរបាល​ទៅ​ក្រៅប្រទេស​នេះ គឺ​ដោយសារ​កន្លងមក កម្ពុជា បាន​បណ្ដុះ​ធនធានមនុស្ស​ផ្នែក​នគរបាល​ជាង​២​ម៉ឺន​នាក់ ដោយ​ខ្លួនឯង​រួចមកហើយ​។


​សម្ដេច ស ខេង ជឿថា កម្ពុជា​អាច​ធានាបាន​ភាពជា​ម្ចាស់​លើ​ខ្លួនឯង​ទាំងស្រុង លើ​ការបណ្ដុះបណ្ដាល​ធនធាន​នគរបាល​នៅពេល​ខាងមុខ​។ បើតាម​សម្ដេច​រដ្ឋមន្ត្រី រយៈពេល​៥​ឆ្នាំនេះ បណ្ឌិត្យសភា​នគរបាល​កម្ពុជា​បាន​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផ្នែក​នគរបាល​ជាង​២​ម៉ឺន​នាក់​ហើយ​។​
 
​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ​(២០១៥-២០១៩) និង​លើក​ទិសដៅ​ការងារ​សម្រាប់​រយៈពេល​៥​ឆ្នាំ​បន្ត របស់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា នា​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា  រដ្ឋមន្ត្រី​មហាផ្ទៃ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដើម្បី​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ផ្នែក​នគរបាល​ដោយ​ខ្លួនឯង​នោះ គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ជាគោលការណ៍​យុទ្ធសាស្ដ្រ​ដ៏​ត្រឹមត្រូវ ដែល​ខ្ញុំ​ចង់បាន​យូរហើយ ខ្ញុំ​ក៏​ធ្លាប់​និយាយ​ហើយ មកដល់ពេលនេះ​យើង​អាច​ចាប់ផ្ដើម​ចេញដំណើរ​បាន  ចង់​និយាយថា​យើង​អាចឈាន​កាត់បន្ថយ​បណ្ដើរៗ​។ ឧទាហរណ៍​ថា យើង​បាន​បញ្ជូនទៅ​ក្រៅប្រទេស​នេះ​៥០០​នាក់ ប្រទេស​នោះ​៤០០​នាក់ ឥឡូវ​យើង​អាច​បន្ថយ​៧០​ភាគរយ ឬ​កាត់បន្ថយ​៣០​ភាគរយ ឬ​កាត់​៥០​ភាគរយ និង​ឈាន​កាត់បន្ថយ​ជា​បន្ដបន្ទាប់​»​។ 
 
​រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ បាន​ឲ្យ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​នគរបាល បញ្ជូន​គ្រូ​មក​បង្ហាត់បង្រៀន​បន្ថែ​ម​នៅក្នុង​ស្រុក ខណៈពេល​កាត់បន្ថយ​ការបញ្ជូន​នគរបាល​ទៅ​សិក្សា​ក្រៅប្រទេស​។​
 
​យ៉ាងណាក៏ដោយ សម្ដេច ស ខេង បាន​លើកឡើងថា ការបញ្ជូន​នគរបាល​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​មាន​សារៈសំខាន់ ដើម្បី​ឲ្យ​នគរបាល​ទទួលបាន​ចំណេះដឹង​និង​សមត្ថភាព ដើរ​ទន្ទឹមនឹង​ការយល់ដឹង​របស់​នគ​របាល​បណ្ដា​ប្រទេស​ក្នុង​តំបន់​និង​សកលលោក​។ ប៉ុន្តែ ការកាត់បន្ថយ​ការបញ្ជូន​នគរបាល​ទៅ​ក្រៅប្រទេស សម្ដេច​ក៏បាន​អះអាងថា មិនមែនជា​ការលុបបំបាត់​ទាំងស្រុង​ឡើយ​៕ 

Tag:
 នគរបាល​
© រក្សាសិទ្ធិដោយ thmeythmey.com