ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តី៣រូប រួមដៃគ្នាដោះស្រាយបញ្ហាដីធ្លីនៅមណ្ឌលគិរី
29, Jul 2020 , 6:30 pm        
រូបភាព
លោក ជា សុផារ៉ា រដ្ឋមន្ត្រីរៀបចំដែនដី (បង់កក្រមា) លោក សាយ សំអាល់ រដ្ឋមន្រ្តីបរិស្ថាន (នៅកណ្តាល) និង លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម (ពាក់មួក) ពេលចុះទៅប្រជុំនៅខេត្តមណ្ឌលគិរីជាមួយគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី (រូបពីគណនីហ្វេសប៊ុករបស់លោក វេង សាខុន)
លោក ជា សុផារ៉ា រដ្ឋមន្ត្រីរៀបចំដែនដី (បង់កក្រមា) លោក សាយ សំអាល់ រដ្ឋមន្រ្តីបរិស្ថាន (នៅកណ្តាល) និង លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម (ពាក់មួក) ពេលចុះទៅប្រជុំនៅខេត្តមណ្ឌលគិរីជាមួយគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី (រូបពីគណនីហ្វេសប៊ុករបស់លោក វេង សាខុន)
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើការងាររួមគ្នា ដើម្បីដោះស្រាយបញ្ហាដីធ្លីនៅខេត្តមណ្ឌលគិរី ដូចជា ការចុះបញ្ជីដីរដ្ឋ ការចុះបញ្ជីដីរបស់ប្រជាពលរដ្ឋ ការចុះបញ្ជីដីរបស់សហគមន៍ជនជាតិដើមភាគតិច ការដោះស្រាវរាល់វិវាទដីធ្លី និង ការរៀបចំផែនការប្រើប្រាស់ដីធ្លីក្នុងខេត្តនេះ ជាដើម។



នៅថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២០ រដ្ឋមន្រ្តីទាំង៣ បានចុះទៅដល់ខេត្តមណ្ឌលគិរីផ្ទាល់ និងបានបើកកិច្ចប្រជុំជាមួយលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បីពិភាក្សាគ្នាពីការដោះស្រាយបញ្ហដីធ្លី។ កាលពីថ្ងៃទី២២ ខែកក្កដា រដ្ឋមន្រ្តីទាំង៣ បានឆ្លងកាត់ការប្រជុំជាមួយគ្នាម្តងរួចមកហើយ មុននឹងចុះទៅខេត្តមណ្ឌលគិរី។

លើសពីនេះ រដ្ឋមន្រ្តីទាំង៣ បានបង្កើតក្រុមការងារមួយ ដែលមានមន្រ្តីដល់ទៅ៥៥០នាក់ឯណោះ ដើម្បីដោះស្រាយបញ្ហាដីធ្លីនៅខេត្តសម្បូរព្រៃឈើមួយនេះ ហើយពួកគេ  ក៏បានចាប់ផ្តើមចុះបំពេញការងារភ្លាមៗ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី ចេញនៅថ្ងៃទី២៨ ខែកក្កដា បានឲ្យដឹងថា មន្រ្តីទាំងនោះ បានប្រើឧបករណ៍ម្យ៉ាង ហៅថា T 300 Plus GNSS ដែលមានភាពជាក់លាក់ខ្ពស់ក្នុងការវាស់វែងដីធ្លី តាមរយៈការចាប់យកទិន្នន័យពីផ្កាយរណប។

បើតាមសេចក្តីប្រកាសព័ត៌មាន ក្រុមមន្រ្តីទាំងនោះ នឹងវាស់វែងដីរដ្ឋ ដែលនៅសេសសល់ វាស់វែងនិងប្រមូលទិន្នន័យអំពីដីធ្លី ដែលប្រជាពលរដ្ឋ កាន់កាប់ជាក់ស្តែងក្នុងទីតាំងដីរដ្ឋ ចុះបញ្ជីដីធ្លីរបស់ប្រជាពលរដ្ឋ ដែលកាន់កាប់យូរមកហើយ ចុះបញ្ជីដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លី ព្រមទាំង រៀបចំផែនការប្រើប្រាស់ដីក្នុងខេត្តមណ្ឌលគិរី។

លោក វេង សាខុន បានយកសុន្ទរកថារបស់លោក ដែលថ្លែងក្នុងកិច្ចប្រជុំនៅខេត្តមណ្ឌលគិរី ទៅបង្ហោះលើកគណនីហ្វេសប៊ុករបស់លោក។ បើតាមសំណេររបស់លោករដ្ឋមន្រ្តីកសិកម្ម ការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់របស់រដ្ឋបាលព្រៃឈើ បានបង្ហាញថា ការទន្ទ្រានកាន់កាប់ដីព្រៃឈើនៅតែបន្តកើតមាន ក្រោមហេតុផលមួយ ក្នុងចំណោមហេតុផលផ្សេងទៀត គឺកង្វះដីបង្កបង្កើនផល និងពង្រីកលំនៅឋាន ជាដើម។

លោក សរសេរបន្តថា កត្តាទាំងនេះ បានជះឥទ្ធិពលដល់ដីព្រៃឈើរបស់រដ្ឋ ហើយចលនានៃការរំលោភដីព្រៃឈើ មានដូចជា អ្នក ខ្វះខាតដីពិតប្រាកដ បានកាប់រានដីព្រៃឈើ អ្នកកាប់រានដីព្រៃឈើ ហើយលក់ រួចក៏កាប់រានបន្តទៀត រួមទាំង ការគប់គិតគ្នាកាប់រាន និង ការហ៊ុមព័ទ្ធដីព្រៃឈើ ជាដើម។

ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈម ដែលកើតមានឡើងកន្លងមកនេះ លោករដ្ឋមន្រ្តីកសិកម្ម ស្នើសុំឲ្យមានចំណាត់ការមួយចំនួន គឺ ទី១ ចុះបញ្ជីដីរដ្ឋទាំងអស់ជាមុនសិន មុនពិនិត្យចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការរាលដាលបន្ថែមទៀត ទី២ ផ្ទៃដីព្រៃឈើ សម្រាប់ផ្ទេរយកទៅអភិវឌ្ឍណាមួយ ត្រូវមានការសម្រេចពីរាជរដ្ឋាភិបាល និង ទី៣ ដីសម្បទានសេដ្ឋកិច្ច សហគមន៍ព្រៃឈើ ស្ថានីយផ្សព្វផ្សាយនិងស្ដារព្រៃឈើ សុំចុះបញ្ជី ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មតែមួយ។

រដ្ឋមន្រ្តីកសិកម្មរូបនេះ នៅមានសំណើទី៤ទៀត គឺស្នើឲ្យចាត់វិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ការកាប់រាន ការដុត ការឈូសឆាយដីព្រៃឈើ និង ព្រៃលិចទឹក តាមគ្រប់រូបភាព ក្រោមយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត។

លើសពីនេះ លោក ស្នើឲ្យអាជ្ញាធរថ្នាក់ខេត្ត ដែលគ្រប់គ្រងដីរដ្ឋ បន្តចាត់វិធានការផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ ដោយមិនគួរអនុញ្ញាតឲ្យមានការស្នាក់នៅ ឬការអាស្រ័យផលទៅលើដីរដ្ឋដោយខុសច្បាប់នោះឡើយ។ លោក បន្ថែមថា ក្នុងករណីចាំបាច់ អាជ្ញាធរដែនដី ត្រូវស្នើសុំយោបល់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំនៅខេត្តមណ្ឌលគិរី លោក ជា សុផារ៉ា បង្ហាញក្តីសង្ឃឹមថា ក្រោយក្រុមមន្រ្តីទាំង៥៥០នាក់ ចុះវាស់វែងកំណត់ព្រំដីរដ្ឋ ព្រំដីរបស់ប្រជាពលរដ្ឋ និង ព្រំដីរបស់សហគមន៍ បានច្បាស់លាស់ហើយនោះ ភាគីទាំងអស់ នឹងលែងមានមន្ទិលសៅហ្មងទៀតហើយ។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីរៀបចំដែនដី ឆ្លៀតក្រើនរំឮកអាជ្ញាធរមូលដ្ឋាន ឲ្យចុះហត្ថលេខា លើឯកសារទិញ-លក់ដីធ្លីរបស់ប្រជាពលរដ្ឋ ឲ្យមានភាពត្រឹមត្រូវ ដើម្បីចៀសវាងការបង្កើតទំនាស់។ សម្តីរបស់លោក ជា សុផារ៉ា ត្រូវបានដកស្រង់ដោយ Fresh News។

រដ្ឋមន្រ្តីទាំង៣ សហការគ្នាដោះស្រាយបញ្ហាដីធ្លីនេះ បន្ទាប់ពីមានអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលដើមខែកក្កដា ឆ្នាំ២០២០នេះ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាទៅរដ្ឋមន្រ្តីទាំង៣ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យកាត់ឆ្វៀលដីនិងផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់យូរឆ្នាំមកហើយ នៅលើទីតាំងដី ក្នុងតំបន់ការពារធម្មជាតិនិងគម្របព្រៃឈើ នៅតាមខេត្តនានា ដូចជា មណ្ឌលគិរី រតនគិរី កោះកុង ព្រះវិហារ និង ឧត្តរមានជ័យ ជាដើម។

មាត្រា៣០នៃច្បាប់ភូមិបាល ចែងថា បុគ្គលទាំងឡាយ ដែលបានអាស្រ័យផល នៃភោគៈដោយសន្តិវិធី និង មិនមានការជំទាស់ចាប់ពី៥ឆ្នាំយ៉ាងតិច មានសិទ្ធិស្នើសុំបណ្ណកម្មសិទ្ធិ។ ភោគៈ គឺសំដៅលើទ្រព្យសម្បតិ្តជាដីធ្លី ដែលបុគ្គលណាម្នាក់ កំពុងកាន់កាប់ស្របច្បាប់និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន តែមិនទាន់មានប្លង់រឹង ពីក្រសួងរៀបចំដែនដី។

ប្រមុខរាជរដ្ឋាភិបាល ថែមទាំងបញ្ជាមន្រ្តីគ្រប់ថ្នាក់ ឲ្យទប់ស្កាប់ជាដាច់ខាត កុំឲ្យមានការរុករានទន្ទ្រានដីខុសច្បាប់ ដើម្បីបង្ការកុំឲ្យក្លាយទៅជាសង្គ្រាមដីធ្លី។ ប្រមុខរាជរដ្ឋាភិបាល មានប្រសាសន៍នាពេលនោះថា៖«ដំណាក់កាលនេះ ជាពេលដែលត្រូវវះកាត់រាល់ជនខិលខួចទាំងឡាយណា ដែលគប់គិតគ្នា យកដីរដ្ឋនិងដីរបស់ប្រជាពលរដ្ឋ ហើយប្រើកលល្បិចផ្សេងៗ គឺត្រូវផ្តន្ទាទោស ហើយនឹងឈានដល់ការដកហូតមុខតំណែង និងត្រូវបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជាតែម្តង»។

ក្រសួងរៀបចំដែនដី បានផ្សាយលើគេហទំព័ររបស់ខ្លួនថា មកដល់ខែកក្កដា ឆ្នាំ២០២០ ក្នុងខេត្តមណ្ឌលគិរី មានភូមិ៤៦ហើយ ដែលត្រូវបានចុះបញ្ជីនិងចេញបណ្ណកម្មសិទ្ធិរួចរាល់ លើផ្ទៃដីទំហំជិត២សែនហិកតា ដោយក្នុងនោះ ការចុះបញ្ជីដីរដ្ឋ មានទំហំជាង១,៤សែនហិកតា ការចុះបញ្ជីដីជូនប្រជាពលរដ្ឋ មានទំហំជាង៣,៩ម៉ឺនហិកតា និង ការចុះបញ្ជីដីរបស់សហគមន៍ជនជាតិដើមភាគតិច បាន៧សហគមន៍ ដែលទំហំជាង៦ពាន់ហិកតា។

ក្រសួងរៀបចំដែនដី បានឲ្យដឹងទៀតថា អាជ្ញាធរនិងមន្រ្តីពាក់ព័ន្ធ កំពុងបន្តចុះបញ្ជីដីធ្លីតាមភូមិ និងតាមសហគមន៍ជនជាតិដើមភាគតិច ដែលនៅសេសសល់។ ក្រសួងរៀបចំដែនដី បញ្ចេញព័ត៌មានបន្ថែមថា ចំពោះវិវាទដីធ្លីក្នុងខេត្តមណ្ឌលគិរី មកដល់បច្ចុប្បន្ន អាជ្ញាធរ ដោះស្រាយបាន២២ករណីហើយ ខណៈមាន៣៨ករណីទៀត កំពុងស្ថិតក្នុងដំណើរការដោះស្រាយ។

យ៉ាងណាក៏ដោយ គេ មិនទាន់ដឹងថា រដ្ឋមន្រ្តីទាំង៣ខាងលើ អាចបញ្ចប់បញ្ហាដីធ្លីទាំងស្រុងក្នុងខេត្តមណ្ឌលគិរីនៅពេលណានោះទេ។

លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី ធ្លាប់អះអាងថាកន្លងមកថា គិតត្រឹមខែមីនា ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី ចុះបញ្ជីក្បាលដី ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស បានជាង៥លានក្បាលដី ក្នុងចំណោមក្បាលដីសរុបជាង៧លានក្បាលដី។ បើតាមសម្តីរបស់អ្នកនាំពាក្យរូបនេះ ក្រសួងរៀបចំដែនដី នឹងប្រឹងប្រែងបញ្ចប់ការចុះបញ្ជីក្បាលដីប្រមាណ២លានក្បាលដីទៀត ជូនប្រជាពលរដ្ឋ នៅត្រឹមឆ្នាំ២០២១៕

Tag:
 បញ្ហាដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com