ជាតិ
សុខភាព
អាជ្ញាធរ នឹង​រឹបអូស​ផលិតផល​ចិញ្ចឹម​ទារក និង​កុមារ ដែល​មិន​បង្ហាញ​ការណែនាំ​ដល់​អ្នក​ប្រើ​
30, Jul 2020 , 10:39 am        
រូបភាព
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបថត MOC
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបថត MOC
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម នឹង​ដកហូត​ឬ​រឹបអូស​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ ណា​ដែល​មិន​បង្ហាញ​ការណែនាំ​ដល់​អ្នកប្រើប្រាស់ ហើយ​នាំឱ្យមាន​ផលប៉ះពាល់​។ នេះ​បើតាម​យោង​សេចក្តីជូនដំណឹងរ​បស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​២៨​កក្កដា​។​



​ក្រសួងពាណិជ្ជកម្ម បាន​សង្កេតឃើញថា ផលិតផល​មួយចំនួន ដែល​កំពុង​ចរាចរ​នៅលើ​ទីផ្សារ​បច្ចុប្បន្ន គឺ​មិនបាន​អនុវត្តតាម​ច្បាប់​ស្តីពី «​ការផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ទារក និង​កុមារ​»​ឡើយ ។ ក្រសួង​មើលឃើញថា អាជីវកម្ម​នាំចូល ចែកចាយ និង​ផ្គត់ផ្គង់​ទាំងនោះ មិនបាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន នៅលើ​សំបក​វេច​ខ្ចប់​ជាប់​នឹង​ផលិតផល​នោះទេ ដូចជា មិន​បង្ហាញ​ការណែនាំ​អំពី​វិធី​ប្រើ​ផលិតផល​ជា​ភាសារ​ខ្មែរ​ជាដើម ។ ជាពិសេស​គឺ​ផលិតផល​ទាំងនោះ​គ្មាន​ពាក្យ​ណែនាំ​ថា​«​គ្មានអ្វី​ប្រសើរ​ជាការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់​រហូតដល់​អាយុ​៦​ខែ និង​បន្ត​ការ​បំបៅ​ដោះ​ម្តាយ​រហូតដល់​អាយុ​២​ឆ្នាំ ឬ​លើសពី​នេះឡើយ​»​។ 
 
​ក្រសួងពាណិជ្ជកម្ម បាន​ទុកពេល​៣០​ថ្ងៃ រាប់​ចាប់​ពីថ្ងៃ​ជូនដំណឹង​ខាងលើ ដល់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​នាំចូល ចែកចាយ និង​ផ្គត់ផ្គង់​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ទាំងឡាយណា ដែល​មិនទាន់បាន​បំពេញ​តាម​លក្ខខណ្ឌ​ច្បាប់ ត្រូវ​ប្រញាប់​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ច្បាប់ និង​ឯកសារ​គតិយុត្ត ដែលមាន​ជា​ធរមាន​។ 
 
​បន្ទាប់ពី​ឱសានវាទ​៣០​ថ្ងៃ​ខាងលើនេះ  មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​) នៃ​ក្រសួងពាណិជ្ជកម្ម នឹង​ដកហូត​ផលិតផល​ទាំងនោះ បើសិនជា​មិន​គោរព​តាម​គោលការណ៍​ណែនាំ ហើយ​បន្ត​ចរាចរ​លើ​ទីផ្សារ​។ មិនតែប៉ុណ្ណោះ​អាជ្ញាធរ នឹង​ឈានដល់​ការផ្អាក​ដំណើរការ​អាជីវកម្ម​បណ្តោះអាសន្ន ឬ​អនុវត្ត​និតិ​វិធី​ផ្សេងៗ តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល​ទំនិញ និង​សេវាកម្ម រួមទាំង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ទៀតផង​៕ 
 
 


 

Tag:
 កុមារ​
  ទារក​
© រក្សាសិទ្ធិដោយ thmeythmey.com