ជាតិ
ពាម​ក្រសោប ឆ្នេរ​កោង​កាង និង​ទឹកធ្លាក់​តា​តៃ តំបន់​ទេសចរណ៍​សក្តា​នុព​ល​នៅ​កោះកុង​
31, Jul 2020 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ ខេត្តកោះកុង ជា​ខេត្ត​ដែលមាន​សក្ដានុពល​ធន​ធាន​ធម្មជាតិ ហើយក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខេត្ត​នេះ​សម្បូរបែប​នៃ​កន្លែង​ទេសចរណ៍​ផងដែរ​។ កាលពីពេល​កន្លងទៅ ក្រសួង​ទេសចរ បានបង្ហាញ​តំបន់​ទេសចរណ៍​សក្តានុពល​ចំនួន​៣​នៅក្នុង​ខេត្ត​ភាគ​និរតី​មួយ​នេះ ដែល​តំបន់​ទាំង​៣​នោះ មាន​សហគមន៍​ការពារ​ធម្មជាតិ​ពាម​ក្រសោប​,​រមណីយដ្ឋាន​ឆ្នេរ​កោង​កាង និង​តំបន់​ទឹកធ្លាក់​តា​តៃ​។

 
​សហគមន៍​ការពារ​ធម្មជាតិ​ពាម​ក្រសោប ជា​តំបន់​អេកូ​ទេសចរណ៍​មួយ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​បា​កា​យ៉ាក ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៩៧ សហគមន៍​ការពារ​ធម្មជាតិ​ពាម​ក្រសោប មាន​ព្រៃកោងកាង​លាតសន្ធឹង​ប្រមាណ ៥ ម៉ឺន​ហិកតា ដែលមាន​ប្រព​ន្ធ័​អេកូឡូស៊ី និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ ព្រមទាំង​ជា​ជម្រក​សត្វ​ក្នុង​ទឹក និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ផងដែរ​។ នៅ​សហគមន៍​ការពារ​ធម្មជាតិ​ពាម​ក្រសោប អ្នកទេសចរ ជិះទូក​កម្សាន្ត​តាម​ដងព្រែក គយគន់​ទេសភាព​ព្រៃកោងកាង និង សត្វ​ស្លាប​ជាដើម​។​


 
​តំបន់​សក្តានុពល​រដ្ឋ​ទេសចរណ៍​មួយទៀត​របស់​ខេត្តកោះកុង​នោះ​គឺ​រមណីយដ្ឋាន​កោង​កាង កាង​។ រមណីយដ្ឋាន​នេះ មាន​ទីតាំងនៅ​ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ចម្ងាយ​តែ​១៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ផ្លូវបំបែក​ស្រែអំបិល​។ ក្រៅពី​គយគន់​ឆ្នេរសមុទ្រ​ស្រស់ស្អាត អម​ជាមួយនឹង​ខ្យល់​បរិសុទ្ធ​ហើយ​នោះ អ្នកទេសចរ អាច​ទទួល​អាហារ​តាម​តូប​តូចៗ​ដែល​ត្រូវបាន​សង់​ឡើង​ប្រប​មាត់សមុទ្រ គយគន់​ថ្ងៃ​លិច និង​អាច​អាំង​សាច់ និង​គ្រឿង​សមុទ្រ​ស្រស់ៗ​ដែល​សហគមន៍​នេសាទ និង​អាច​បោះតង់​គេង​បាន​ទៀតផង​។ 


 
​តំបន់​ទឹកធ្លាក់​តា​តៃ ក៏​ជា​តំបន់​ទេសចរណ៍​សក្តានុពល​ដែល​ណែនាំ​ដោយ​ក្រសួងទេសចរណ៍​ដែរ​។ ទឹកធ្លាក់​តា​តៃ មាន​ទីតាំងនៅ​ក្នុងភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង ខេត្តកោះកុង ចម្ងាយ​ប្រមាណ​១៧​គីឡូម៉ែត្រ ពី​ក្រុង​ខេមរភូមិន្ទ​។ អ្នកទេសចរ​បាន​សម្រាក​ល​ម្អែ​អារម្មណ៍​ជាមួយនឹង​ទេសភាព​ធម្មជាតិ អមដោយ​ទឹកធ្លាក់​តាម​ជម្រាល​ថ្ម ងូតទឹក​កម្សាន្ត និង​ជិះទូក​កៃ​យ៉ាក់​នៅ​តំបន់​នេះ​បានដែរ​។ 
 
​ខេត្តកោះកុង មាន​ទីតាំង​ស្ថិតនៅ​ភាគ​និរតី នៃ​ប្រទេស​កម្ពុជា ចម្ងាយ​២៩០​គីឡូម៉ែត្រ​ពី រាជធានី​ភ្នំពេញ និង​មាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ ខាងលិច​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ និង​ប្រទេស​ថៃ ខាងជើង​ជាប់​នឹង​ខេត្តពោធិ៍សាត់ និង​ខាងត្បូង​ជាប់​នឹង​ខេត្ត​ព្រះសីហនុ និង​ឈូង​សមុទ្រ​ថៃ​៕




 
 រូបភាពពីក្រសួងទេសចរណ៍

© រក្សាសិទ្ធិដោយ thmeythmey.com