អន្តរជាតិ
អាមេរិក ដកទ័ព​ជាង​មួយ​ម៉ឺន​នាក់​ពី​អាល្លឺម៉ង់ ហើយ​ពង្រាយ​នៅ​ខ្លះ​នៅ​អ៊ីតាលី និង​បែលហ្ស៊ិក​
30, Jul 2020 , 10:29 pm        
រូបភាព
លោកស្រីអធិការបតីអាល្លឺម៉ង អែនជែឡា មើគែល និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងជំនួបNATO។ រូបភាព AFP
លោកស្រីអធិការបតីអាល្លឺម៉ង អែនជែឡា មើគែល និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងជំនួបNATO។ រូបភាព AFP
ដោយ:
​មន្ទីរ​បញ្ច​កោណ​អាមេរិក បាន​អះអាងថា កងទ័ព​អាមេរិក​ចំនួន ១១,៩០០​នាក់ នឹងត្រូវ​ដកចេញ​ពី​អាល្លឺម៉ង់​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​។ មន្ទី​បញ្ច​កោណ​អាមេរិក បាន​លើកឡើងថា ការដក​ទ័ព​នេះ​ជា​យុទ្ធសាស្ត្រ​បង្វែរ​កងទ័ព ប៉ុន្តែ​កន្លងទៅ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចាត់ទុក​ការ ដកទ័ព​នេះ​ជា​ពិន័យ​ចំពោះ​អាល្លឺម៉ង់​ដែល​ចំណាយ​លើ​កងទ័ព​តិចពេក​។​

 
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Mark Esper បាន​បញ្ជាក់ថា ក្នុងចំណោម​កងទ័ព​ចំនួន​១១,៩០០​នាក់​ដែល​នឹងត្រូវ​ដកចេញ​ពី​អាល្លឺម៉ង់ កងទ័ព​ចំនួន​៦,៤០០​នាក់ នឹងត្រូវ​បញ្ជូន​ត្រឡប់មកផ្ទះ​វិញ​។ ចំណែក​យោធា​ចំនួន​៥,៦០០ ផ្សេងទៀត​ត្រូវ​បង្វែរ​ទៅកាន់​ប្រទេស​ដែលជា​សមាជិក​ណា​តូ​ដទៃទៀត​ដូចជា​អ៊ីតាលី និង​បែលហ្ស៊ិក​ជាដើម​។​
 
​បន្ថែម​ពីនេះ កងទ័ព​នោះ​ក៏​អាច​យកទៅ​ឈរជើង​នៅ​ប្រទេស​ប៉ូឡូញ និង​បណ្តា​ប្រទេស​បាល់​ទិ​ក ដូចជា​អេ​ស្តូ​នី លី​ទុយ​អា​នី និង​ឡេ​តូ​នី បើសិន​ជាមាន​កិច្ចព្រមព្រៀង​។ នេះ​ជាការ​បញ្ជាក់​របស់លោក Esper នៅ​ថ្ងៃទី​២៩ ខែកក្កដា ។ កន្លងទៅ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្លាប់​លើកឡើងថា ទ័ព​អាមេរិក​ដែល​ដក​ពី​អាល្លឺម៉ង់​នេះ អាច​ត្រូវ​ពង្រាយ​ខ្លះ​នៅ​ប៉ូឡូញ​ដែល​ជាប់​រុស្ស៊ី​។ ប៉ូឡូញ ត្រូវការ​វត្តមាន​ទ័ព​អាមេរិក​ដើម្បី​ការពារ​ខ្លួន​ពី​ការ​គំរាម​របស់​រុស្ស៊ី ប៉ុន្តែ​អាមេរិក​មិនអាច​ដាក់​ទ័ព​នៅជាប់​រុស្ស៊ី​បានឡើយ​។ 
 
​អាមេរិក នឹងត្រូវ​ចំណាយ​ច្រើន​លើ​ការកាត់បន្ថយ​កងទ័ព​អាមេរិក​ដែល​ឈរជើង​នៅ​អាល្លឺម៉ង់ ដែល​ក្រោយ​ការកាត់បន្ថយ​នេះ វត្តមាន​កងទ័ព​អាមេរិក​នៅ​អាល្លឺម៉ង់​ធ្លាក់​មក​នៅត្រឹម​ប្រមាណ ២៤,០០០​នាក់​។ ក្រៅពី​ដកទ័ព​នេះ អាមេរិក​ក៏​ប្ដូរ​ទី​ស្នាក់​កងទ័ព​ប្រចាំ​អឺរ៉ុប​ពី​អាល្លឺម៉ង់​ទៅ​បែលហ្ស៊ិក​ផងដែរ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋមន្ត្រី​ការពារជាតិ អាមេរិក​បាន​អះអាង​បន្ថែមថា ការ​កាត់​ទ័ព​ពី​អាល្លឺម៉ង់​នេះ ជា​ផ្នែក​មួយ​នៃ​ផែនការ​ដ៏​ធំ​របស់​អាមេរិក​ក្នុងការ​បង្វែរ​កងទ័ព​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ទប់ទល់​នឹង​ការ​គម្រាមកំហែង និង​បង្កើន​ភាពបត់បែន នៅក្នុង​ចំណោម​សម្ព័ន្ធភាព​ណា​តូ​។ ការ​សម្ញែង​ឥទ្ធិពល​ដើម្បី​ទប់ទល់​ការ​គំរាម​ពី​រុស្ស៊ី​ដែល​អាច​នឹង​កើតមានឡើង​នៅពេល​ខាងមុខ គឺជា​គោលដៅ​នៃ​ការ​ដកទ័ព​នេះដែរ​។​
 
​កងទ័ព​អាមេរិក មាន​វត្ត​មាននៅ​អាល្លឺម៉ង់​តាំងតែ​ពី​ចប់​សង្គ្រាមលោកលើកទី​២​។ ក្នុងអំឡុង​សង្គ្រាមត្រជាក់ អាមេរិក​មាន​កងទ័ព​របស់ខ្លួន​ដល់​ទៅ​២​សែន​នាក់​ក្នុងប្រទេស​អាល្លឺម៉ង់ ដើម្បី​ទប់ទល់​នឹង​គំរាមកំហែង​សន្តិសុខ​ពី​សហភាពសូវៀត​។ ក្រោយ​សង្គ្រាមត្រជាក់​បាន​ផុតរលត់​ទៅ អាមេរិក​បាន​កាត់បន្ថយ​កងទ័ព​ពី​អាល្លឺម៉ង់ ក៏ដូចជា​អឺរ៉ុប​ទាំងមូល ប៉ុន្តែ​ការព្រួយបារម្ភ​សន្តិសុខ​ពី​បណ្តា​ប្រទេស ណា​តូ កើតមានឡើង​សារជាថ្មី ក្រោយពេល​រុស្ស៊ី​ផ្តាច់​យក​ទឹកដី​កោះ​គ្រី​មៀ របស់​អ៊ុយ​ក្រែ​ន​នៅ​ឆ្នាំ​២០១៤​។ 
 
​លោក ត្រាំ ជា​អ្នក​ទាមទារ​ឲ្យ​ដកទ័ព​អាមេរិក​ពី​អាល្លឺម៉ង់ ដោយ​លោក​ចោទ​សម្ព័ន្ធមិត្ត​មួយ​នេះ​ថា មិន​ព្រម​បង្កើន​ការចំណាយ​ឲ្យ​ណា​តូ​។ លើសពីនោះ លោក ត្រាំ ក៏​មិន​ពេញចិត្ត​អាល្លឺម៉ង់​ដែល​កេងចំណេញ​ផ្នែក​ពាណិជ្ជកម្ម​ពី​អាមេរិក​ទៅទៀត​៕

Tag:
 អាមេរិក​
 ​អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com