COVID-19
អន្តរជាតិ
ប្រធានសភា​តំណាង​អាមេរិក គំរាម​បណ្ដេញ​សមាជិក​ចេញពី​អគារ​សភា បើ​អត់​ពាក់​ម៉ាស់​
30, Jul 2020 , 4:04 pm        
រូបភាព
ប្រធានសភាតំណាងអាមេរិក អ្នកស្រី ណាន់ស៊ី ផេឡូស៊ី និយាយទៅកាន់អ្នកសារព័ត៌មាន ក្នុងអគារ Capitol នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០ (Reuters)
ប្រធានសភាតំណាងអាមេរិក អ្នកស្រី ណាន់ស៊ី ផេឡូស៊ី និយាយទៅកាន់អ្នកសារព័ត៌មាន ក្នុងអគារ Capitol នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០ (Reuters)
ដោយ:
​សភា​តំណាង​អាមេរិក បានដាក់​បញ្ជា​ឲ្យ​សមាជិក​និង​បុគ្គលិក​ទាំងអស់ ពាក់​ម៉ាស់ ជា​ចាំបាច់ ខណៈ​ករណី​ស្លាប់ COVID-19 ក្នុងប្រទេស​កើន​លើស​១៥​ម៉ឺន​នាក់​។ ប្រធានសភា​តំណាង អ្នកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ព្រមាន​ថា នរណា​ដែល​ល្មើស​វិន័យ​នេះ ប្រឈម​នឹង​ការបណ្ដេញ​ចេញពី​បរិវេណ​អគារ​។

 
​ថ្លែង​ក្នុង​កិច្ចប្រជុំសភា​តំណាង នៅ​ថ្ងៃទី ២៩ ខែកក្កដា អ្នកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី និយាយថា​៖«​ប្រធាន រំពឹងថា សមាជិក​និង​បុគ្គលិក​ទាំងអស់​គោរព​តាម​ការណែនាំ​នេះ ដែលជា​សញ្ញា​មួយ​នៃ​ការគោរព​ចំពោះ​សុខភាព សុវត្ថិភាព និង​សុខុមាលភាព​របស់​អ្នកដទៃ ដែលមាន​វត្តមាន​ក្នុង​បរិវេណ​អគារ​នេះ​»​។​
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ BBC អ្នកស្រី អះអាងថា អ្នកស្រី​នឹង​ចាត់ទុក​ការមិន​ពាក់​ម៉ាស់ គឺជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សុភាវធម៌ ហើយ​ពួកគេ​អាច​នឹងត្រូវ​បណ្ដេញ​ចេញពី​បរិវេណ​អគារ​។ យ៉ាងណាមិញ អ្នកស្រី ផេ​ឡូ​ស៊ី បញ្ជាក់ថា សមាជិកសភា នឹងត្រូវ​អនុញ្ញាត​ឲ្យ​ដោះ​ម៉ាស់​ចេញ នៅពេល​ឡើង​ថ្លែង​សុន្ទរកថា​។ 
 
​យោងតាម​វេ​ប​សាយ GovTrack.us សមាជិកសភា​អាមេរិក​១០​នាក់ ក្នុងនោះ មកពី​ប្រជាធិបតេយ្យ​៣​នាក់ និង​សាធារណរដ្ឋ​៧​នាក់ មាន​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19 ។ ការសម្រេចចិត្ត​របស់​ប្រធានសភា​តំណាង​រូបនេះ បានធ្វើ​ឡើង​ក្រោយ​លោក Louie Gohmert សមាជិកសភា​មកពី​បក្ស​សាធារណរដ្ឋ ដែលជា​រឿយៗ ត្រូវបាន​គេ​មើលឃើញ ដើរ​ជុំវិញ​អគារ Capitol ដោយ​អត់​ពាក់​ម៉ាស់​នោះ បាន​ឆ្លង COVID-19 នៅ​ថ្ងៃទី​២៩ ខែកក្កដា​។​
 
​លោក Gohmert អាយុ ៦៦ ឆ្នាំ បានដឹងខ្លួន​ថា ឆ្លង COVID-19 នៅពេល​លោក​បានធ្វើ​តេស្ត COVID-19 ដែល​តម្រូវ​ដោយ​សេត​វិមាន​អាមេរិក ព្រោះ​ត្រូវ​ធ្វើដំណើរ​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទៅកាន់​រដ្ឋ Texas នៅ​ថ្ងៃទី​២៩ ខែកក្កដា​។ 
 
​គិត​មក​ត្រឹម​ថ្ងៃទី ៣០ ខែកក្កដា សហរដ្ឋអាមេរិក មាន​ករណី​ឆ្លង COVID-19 សរុប​៤,៥១​លាន​ករណី ក្នុងនោះ​ជាសះស្បើយ ២,២១​លាន​នាក់ ហើយ​អ្នក​ស្លាប់មាន​១៥,៣​ម៉ឺន​នាក់​។ អ្នក​ឆ្លង COVID-19 ទូទាំង​ពិភពលោក បច្ចុប្បន្ន មាន​១៧​លាន​ករណី ក្នុងនោះ​ជិត​១០​លាន​នាក់​ជាសះស្បើយ ខណៈ​អ្នក​ស្លាប់មាន ៦៦,៧​ម៉ឺន​នាក់​៕ 
 
 

Tag:
 សហរដ្ឋអាមេរិក​
  ណាន់​ស៊ី ផេ​ឡូ​ស៊ី​
  សភា​តំណាង
© រក្សាសិទ្ធិដោយ thmeythmey.com