ជាតិ
សង្គមជាតិ
វៀតណាម​៤៨​នាក់ ត្រូវ​បណ្តេញចេញ និង​ហាម​មិន​ឲ្យ​ចូល​កម្ពុជា​៣​ឆ្នាំ​
30, Jul 2020 , 6:29 pm        
រូបភាព
ជនជាតិវៀតណាមទាំង៤៨នាក់ ដែលត្រូវបណ្តេញចេញពីកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០
ជនជាតិវៀតណាមទាំង៤៨នាក់ ដែលត្រូវបណ្តេញចេញពីកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០
​សមត្ថកិច្ច​ផ្នែក​អន្តោប្រវេសន៍​កម្ពុជា បាន​បណ្តេញ​ជនជាតិ​វៀតណាម​៤៨​នាក់ (​ស្ត្រី​៣​នាក់​) ចេញពី​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ខេត្តស្វាយរៀង​។ នេះ​បើតាម​ព័ត៌មាន​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។

 
​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បញ្ជាក់ថា មិន​ត្រឹមតែ​បណ្តេញចេញ​ទេ កម្ពុជា នៅ​ដាក់​បម្រាម​មិន​ឲ្យ​ជនជាតិ​វៀតណាម​ទាំង​៤៨​នាក់​នោះ ចូលមក​កម្ពុជា​រយៈពេល​៣​ឆ្នាំ​ថែមទៀត​។ បើតាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ពួកគេ​ទាំង​៤៨​នាក់ ត្រូវបាន​សមត្ថកិច្ច ចុះ​ប​ង្រា​ប​និង​ឃាត់ខ្លួន កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង ពាក់ព័ន្ធ​នឹង​បទល្មើស លួច​ឆ្លងដែន ស្នាក់នៅ និង ធ្វើការ​ងារ​ដោយ​ខុសច្បាប់​។​
 
​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អះអាងថា ការបណ្តេញចេញ​និង​ការហាមឃាត់​ជនជាតិ​វៀតណាម​ទាំង​៤៨​នាក់​នោះ មិន​ឲ្យ​ចូលមក​កម្ពុជា​រយៈពេល​៣​ឆ្នាំ គឺធ្វើឡើង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​។ 
 
​លោក កែវ វណ្ណ​ថន អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ថា ចាប់ពី​ឆ្នាំ​២០១៤ ដល់ ឆ្នាំ​២០២០ កម្ពុជា បាន​បណ្ដេញ​ជនបរទេស​ជាង​១​ម៉ឺន​៧​ពាន់​នាក់ ដោយ​ក្នុងនោះ ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន មាន​ច្រើនជាងគេ​។​
 
​លទ្ធផល​នៃ​ការធ្វើជំរឿន ដែល​ផ្សព្វផ្សាយ​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៩ បង្ហាញថា ជនអន្តោប្រវេសន៍​នៅ​ទូទាំងប្រទេស​កម្ពុជា  មាន​ជិត​៩​ម៉ឺន​នាក់ (៨៩៧៨៦​នាក់​) មាន​១១​ជនជាតិ ដោយ​ក្នុងនោះ ស្ទើរតែ​ទាំងអស់ ជា​ជនជាតិ​វៀតណាម គឺមាន​ដល់​ទៅ​៨៩៤៧១​នាក់​។ ចំណែក ៣១៥​នាក់​ទៀត ជា​ជនជាតិ​ថៃ ឡាវ ចិន ភូមា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ណេ​ប៉ាល់ បង់​ក្លា​ដេ​ស តង់​ហ្សា​នី និង អាល្លឺម៉ង់​។​
 
​តាមរយៈ​សេចក្តីប្រកាស​មួយ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ ក្រសួងមហាផ្ទៃ  បង្ហាញ​ការប្តេជ្ញា​ដូច្នេះ​ថា​៖«​ជា​ទិសដៅ​ទៅខាង​មុខ​ទៀត ក្រសួងមហាផ្ទៃ នឹង​បន្ត​យកចិត្តទុកដាក់​ដឹកនាំ​អគ្គនាយកដ្ឋាន​ជំនាញ​ក្រោម​ឱវាទ ខិតខំ​គ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍​ឲ្យ​បាន​ម៉ត់ចត់ និង​មាន​វិធានការ​បង្ការ ទប់ស្កាត់ និង បណ្តេញចេញ​ទាន់ពេលវេលា​ចំពោះ​ជនបរទេស ដែល​ជ្រៀតចូល [​កម្ពុជា​] ដោយ​ខុសច្បាប់​ស្តីពី​អន្តោប្រវេសន៍​»៕ 
 

Tag:
 អន្តោ​វេស​ន៍​
  វៀតណាម​ខុសច្បាប់​
  បណ្តេញចេញ
© រក្សាសិទ្ធិដោយ thmeythmey.com