លើកទី២ ឧកញ៉ា សុខ ប៊ុន ជាប់ពន្ធនាគារ៧ឆ្នាំ
ជាតិ
សង្គមជាតិ
លើកទី២ ឧកញ៉ា សុខ ប៊ុន ជាប់ពន្ធនាគារ៧ឆ្នាំ
31, Jul 2020 , 12:30 pm        
រូបភាព
លោក សុខ ប៊ុន ពេលសមត្ថកិច្ចឃាត់ខ្លួន កាលពីឆ្នាំ២០១៥ ក្រោយវាយកញ្ញា សាសា
លោក សុខ ប៊ុន ពេលសមត្ថកិច្ចឃាត់ខ្លួន កាលពីឆ្នាំ២០១៥ ក្រោយវាយកញ្ញា សាសា
ដោយ: ថ្មីៗ
ឧកញ៉ា សុខ ប៊ុន អ្នករកស៊ីខាងដីធ្លី ត្រូវជាប់ពន្ធនាគារជាលើកទី២។ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការនិងប្រកាសសាលក្រម ផ្តន្ទាទោសលោក ឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ក្រោមការចោទប្រកាន់ថា ពាក់ព័ន្ធនឹងការរំលោភយកដីរដ្ឋនិងដីប្រជាជន។



លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាម នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ថា តុលាការ កំណត់ឲ្យលោក សុខ ប៊ុន ជាប់ពន្ធនាគារទាំង៧ឆ្នាំ ដោយគ្មានការព្យួរទោសខ្លះ ដូចលើកមុនឡើយ។

ក្រៅពីលោក សុខ ប៊ុន នៅមានគ្នីគ្នារបស់លោក៥នាក់ទៀត ក៏ត្រូវជាប់ពន្ធនាគារដែរ។ ក្នុងចំណោមពួកគេទាំង៥នាក់ គឺ ២នាក់ ត្រូវជាប់ពន្ធនាគារ៧ឆ្នាំ ស្មើនឹងលោក សុខ ប៊ុន, ម្នាក់ ត្រូវជាប់ ពន្ធនាគារ៦ឆ្នាំ, ម្នាក់ទៀត ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ ខណៈ ម្នាក់ចុងក្រោយ មានទោសធ្ងន់ជាងគេ គឺត្រូវជាប់ពន្ធនាគារដល់ទៅ១០ឆ្នាំ។

ក្រៅពីជាប់ពន្ធនាគារ តុលាការ នៅតម្រូវឲ្យពួកគេ បង់ថវិកា១០លានរៀលស្មើគ្នាក្នុងម្នាក់ៗ ចូលទៅរដ្ឋ។

ពួកគេទាំង៧នាក់ រងការចោទប្រកាន់ថា ពាក់​ព័ន្ធ​នឹងការ​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​ និងពាក់ព័ន្ធនឹងការ​ក្លែង​លិខិត​បន្លំ​យក​ដី​ប្រជាពលរដ្ឋ នៅ​សង្កាត់​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ។

ពួកគេ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននិងយកទៅសាកសួរ កាលពីពាក់កណ្តាលឆ្នាំ២០១៩ ហើយបន្ទាប់មកក៏បញ្ជូនពួកគេ ទៅតុលាការរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។

ចំពោះលោក សុខ ប៊ុន ដែលមានអាយុ៤១ឆ្នាំ តុលាការ រកឃើញថា លោក ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈ ផ្តើមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និង គៃបំបាត់ដោយទុច្ចរិត ក្នុងរឿងដីធ្លីនេះ ដែលមានដល់ទៅរាប់រយហិកតា។ 

លោក សុខ ប៊ុន ធ្លាប់មានក្តីក្តាំនៅតុលាការម្តងរួចទៅហើយ កាលពីឆ្នាំ២០១៥  ដោយសារប្រើអំពើហិង្សាលើកញ្ញា ឯក សុជាតា ហៅ សាសា ជាអតីតពិធីការិនី។ កាលនោះ តុលាការរាជធានីភ្នំពេញ ឲ្យលោក ជាប់ពន្ធនាគារ៣ឆ្នាំ តែអនុវត្តទោសតែ១០ខែប៉ុណ្ណោះ គឺមានន័យថា ២ឆ្នាំ២ខែទៀត លោក មិនស្ថិតក្នុងពន្ធនាគារនោះទេ។

មិនមែនតែលោក សុខ ប៊ុន ទេ ឧកញ៉ា និងអ្នកមានអំណាចផ្សេងទៀត ក៏កំពុងប្រឈមមុខនឹងច្បាប់ដែរ។ ជាក់ស្តែង នៅដើមខែកក្កដា ឆ្នាំ២០២០នេះ ឧកញ៉ា សង ថន  ជាអ្នករកស៊ីខាងដីធ្លីដែរនោះ និង លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ នាំខ្លួនទៅសួរ ហើយក៏បញ្ជូនទៅតុលាការរាជធានីភ្នំពេញ។ បច្ចុប្បន្ន អ្នកទាំង២ កំពុងជាប់ឃុំបណ្តោះអាសន្ន រង់ចាំការកាត់ក្តី។  

លោក សង ថន និង លោក ស៊ូ អារ៉ាហ្វាត់ ត្រូវ​សង្ស័យថា ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ក្នុង​រឿង​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។ មានការអះអាងថា ឧកញ៉ា សង ថន ដែល​កាន់កាប់​ដី​ប្រមាណ​៥​ពាន់​ហិកតា ក្នុងស្រុក​គាស់ក្រឡ ចាប់ផ្តើម​មានទំនាស់​ជាមួយ​ប្រជាពលរដ្ឋ តាំងពី​ឆ្នាំ​២០១៥​មក​។

រឿងរបស់លោក សង ថន និង លោក ស៊ូ អារ៉ាប់ហ្វាត់ ក៏បាន​លេចឮ​ដល់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ​។ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ប្រាប់​ឲ្យ​រដ្ឋបាលខេត្ត​បាត់ដំបង និង​ក្រសួង​ពាក់ព័ន្ធ ដកហូត​ដីធ្លី​ទាំងនោះ ពី​ឧកញ៉ា សង ថន មកវិញ ដែល​បាន​ទន្ទ្រាន​យក​ដោយ​ខុសច្បាប់ ហើយ​ទុក​ចែក​ឲ្យ​ប្រជាពលរដ្ឋ​។ ​​

ប្រមុខ​រដ្ឋាភិបាល បញ្ជាឲ្យអង្គភាព​ប្រឆាំង​អំពើពុករលួយ បន្តចាត់ការលើអ្នករំលោភដីរដ្ឋនិងដីប្រជាពលរដ្ឋ។ ប្រមុខរដ្ឋាភិបាល ផ្ញើសារព្រមានចេញពីគណៈរដ្ឋមន្រ្តីនាពេលនោះថា៖« ដំណាក់កាល​នេះ ​ត្រូវ​វះកាត់​រាល់​ជន​ខិល​ខួច​ទាំងឡាយណា ដែល​គប់គិត​គ្នា យក​ដី​រដ្ឋ​និង​ដី​របស់​ប្រជាពលរដ្ឋ...​ត្រូវ​ផ្តន្ទាទោស ហើយ​ឈានដល់​ការដកហូត​មុខតំណែង និង​ត្រូវ​បណ្តេញ​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​តែម្តង​»៕

Tag:
 សុខ ប៊ុន
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com