COVID-19
អន្តរជាតិ
លោក ត្រាំ ចង់​ពន្យារពេល​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា​
31, Jul 2020 , 2:38 pm        
រូបភាព
លោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក
លោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ នៅ​ថ្ងៃទី​៣០ ខែកក្កដា បានលើកឡើង​ពី​លទ្ធភាព​នៃ​ការពន្យារពេល បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា​។ យោងតាម​រដ្ឋធម្មនុញ្ញ​អាមេរិក អំណាច​ក្នុងការ​ពន្យារពេល​បោះឆ្នោត​ជា​របស់​សភា ឯ​ប្រធានាធិបតី​មិនមាន​អំណាច​នេះឡើយ​។ ប៉ុន្តែ​លោក ត្រាំ បាន​លើកយក​បញ្ហា​សុក្រឹតភាព​នៃ​ការបោះឆ្នោត​តាម​សំបុត្រ​ដើម្បី​គាំទ្រ​បំណង​របស់លោក​។

 
​ដូច​រាល់ដង តាមរយៈ​សារ​ក្នុង​បណ្តាញ​សង្គម Twitter លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានលើកឡើង​ដោយ​គ្មាន​ភ័ស្តុតាង​ពី​ការបន្លំ​សន្លឹកឆ្នោត​ដោយ​ការបោះឆ្នោត​តាម​សំបុត្រ​។ លោក​បាន​លើកឡើងថា ជាមួយនឹង​ការបោះឆ្នោត​តាម​សំបុត្រ ឆ្នាំ​២០២០​គឺជា​ឆ្នាំ​ដែល​ការបោះឆ្នោត​ដែលមាន​លទ្ធផល​មិន​សុក្រឹត និង​មាន​ការបោក​បន្លំ​ក្នុង​ប្រវត្តិសាស្ត្រ​។ លោក​បន្តថា វា​នឹង​ក្លាយជា​រឿង​អាម៉ាស់​សម្រាប់​អាមេរិក​។​
 
«​ពន្យារ​ការបោះឆ្នោត​រហូត​ដល់​គេ​អាច​បោះឆ្នោត​ដោយ​សមរម្យ ដោយមាន​ការធានា និង​ដោយ​សុវត្ថិភាព​???»​។ លោក ត្រាំ សរសេរ​ជា​សំណួរ​បែបនេះ​លើ​គណនី Twitter របស់លោក ជាមួយនឹង​ឃ្លា​បន្ថែមថា លោក​មិន​ទុកចិត្ត​លទ្ធផល​នៃ​ការបោះឆ្នោត​ដោយ មានការ​បោះឆ្នោត​តាម​សំបុត្រ​ឡើយ​។​
 
​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​អាមេរិក​ចែងថា សភា​ទាំងពីរ​របស់​អាមេរិក​ជា​អ្នកមានអំណាច​ក្នុងការ​កំណត់​ថ្ងៃ​បោះឆ្នោត​។ ច្បាប់​សហព័ន្ធ​ឆ្នាំ​១៨៤៥ ដែល​អនុម័ត​សភា​អាមេរិក បានកំណត់​យក​ថ្ងៃ​អង្គារ​ដំបូង បន្ទាប់​ពីថ្ងៃ​ចន្ទ​ដំបូង​ក្នុង​ខែវិច្ឆិកា ជា​ថ្ងៃ​បោះឆ្នោត​។ ដើម្បី​ពន្យារ​ថ្ងៃ​បោះឆ្នោត គេ​ត្រូវអនុម័ត​ច្បាប់​សហព័ន្ធ​ថ្មី និង​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​។ បន្ថែម​ពីនេះ​បើទោះបីជា ច្បាប់​បានអនុម័ត​ហើយ គេ​ក៏​នៅ​អាច​ប្តឹង​ជំទាស់​ច្បាប់​នោះ​ក្នុង​តុលាការ​បានដែរ​។​
 
​ការលើកឡើង​ពី​លទ្ធភាព​អូសបន្លាយ​ការបោះឆ្នោត រង​ប្រតិកម្ម និង​ការជំទាស់​ភ្លាមៗ​ពី​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​។ លោក Dan Kildee តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​បានលើកឡើង​ថា ប្រធានាធិបតី​ដែល​កំពុង​កាន់អំណាច កំពុង​កុហក និង​លើកឡើង​ពី​ការពន្យារពេល​បោះឆ្នោត ដើម្បី​បន្ត​កាន់អំណាច​។ ឯ​លោក Tom Udall សមាជិក​ព្រឹទ្ធសភា​វិញ និយាយថា គ្មាន​ផ្លូវ​ទេ​ដែល​ប្រធានាធិបតី​អាច​ពន្យារពេល​បោះឆ្នោត​។ លោក​បន្ថែមថា​៖ «​យើង​មិនត្រូវ​ឲ្យ​គាត់​បង្វែរ​យើង​ចេញពី​អសមត្ថភាព​របស់គាត់​ក្នុងការ​ទប់ទល់​នឹង COVID-19 ឡើយ​។​»
 
​គិត​មក​ត្រឹម​ថ្ងៃទី​៣០ ខែកក្កដា ចំនួន​អ្នក​ឆ្លង COVID-19 នៅ​អាមេរិក​កើនឡើង​ដល់​៤​លាន​នាក់​ហើយ​។ ចំពោះ​អ្នកបោះឆ្នោត​មួយចំនួន ជម្រើស​នៃ​ការបោះឆ្នោត​តាម​សំបុត្រ ជា​វិធានការ​មួយ​ក្នុងការ​កាត់បន្ថយ​ការឆ្លង​ក្នុង​កាលៈទេស​នៃ​ជំងឺឆ្លង​រាតត្បាត​។ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៦ អ្នកបោះឆ្នោត​ចំនួន​ជាង​១​ភាគ​៤ ឬ​ប្រមាណ​៣៣​លាន​នាក់ បាន​បោះឆ្នោត​តាម​សំបុត្រ​៕
 
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com