អន្តរជាតិ
អឺរ៉ុប ដាក់ទណ្ឌកម្ម​អង្គភាព​យោធា​រុស្ស៊ី​, ក្រុមហ៊ុន​ចិន និង​កូរ៉េខាងជើង​រឿង​វាយប្រហារ​តាម​អ៊ីនធឺណិត​
31, Jul 2020 , 4:13 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​៣០ ខែកក្កដា បានដាក់​ទណ្ឌកម្ម​លើ​ការហាមឃាត់​ការធ្វើដំណើរ និង​បង្កក​ហិរញ្ញវត្ថុ លើ​អង្គភាព​ចារកម្ម​មួយ​របស់​យោធា​រុស្ស៊ី ក្រុមហ៊ុន​កូរ៉េខាងជើង និង​ចិន​ពាក់ព័ន្ធ​ការចូលរួម​វាយប្រហារ​តាម​អ៊ីនធឺណិត​នៅ​ជុំវិញ​ពិភពលោក​។

 
​នេះ គឺជា​ទណ្ឌកម្ម​លើកទីមួយ​របស់​សហភាព​អឺរ៉ុប​ទៅលើ​អង្គភាព​យោធា​រុស្ស៊ី ក៏ដូចជា​ក្រុមហ៊ុន​ចិន កូរ៉េខាងជើង​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការវាយប្រហារ​តាម​អ៊ីនធឺណិត​នៅ​អឺរ៉ុប និង​តំបន់​ផ្សេងទៀត​។ ទណ្ឌកម្ម​ពេលនេះ មានការ​ហាមឃាត់​ការធ្វើដំណើរ និង​បង្កក​ទ្រព្យសម្បត្តិ​ជាដើម​។ ចំណែក​ក្រុមហ៊ុន​អឺរ៉ុប និង​ប្រជាជន​អឺរ៉ុប ក៏​ត្រូវបាន​ហាមឃាត់​ក្នុងការ​បង្កើត​មូលនិធិ ដើម្បី​ផ្តល់​ឲ្យ​អង្គភាព​យោធា ក្រុមហ៊ុន ឬ​បុគ្គល ដែល​ស្ថិតក្នុង​បញ្ជីខ្មៅ​នេះ​ផងដែរ​។ 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​ថ្ងៃទី​៣០ ខែកក្កដា អឺរ៉ុប បានដាក់​ទណ្ឌកម្ម​លើ​នាយកដ្ឋាន​បច្ចេកវិទ្យា​ពិសេស​នៃ​ទីភ្នាក់ងារ​ស៊ើបការណ៍​យោធា​រុស្ស៊ី​។ បើតាម​សហភាព​អឺរ៉ុប នាយកដ្ឋាន​មួយ​នេះ បាន​ដឹកនាំ​ការវាយប្រហារ​តាម​អ៊ីនធឺណិត​ចំនួន​ពីរដង​នៅក្នុង ខែមិថុនា ក្នុង​ឆ្នាំ​២០១៧ ទៅលើ​ក្រុមហ៊ុន​មួយចំនួន​នៅ​អឺរ៉ុប​ដែល​ធ្វើ​ឲ្យ​បាត់​បង់លុយ​រាប់លាន​ដុល្លារ​។ បន្ថែម​ពីនេះ អឺរ៉ុប បាន​ចោទ​រុស្ស៊ី ពី​ការវាយប្រហារ​តាម​អ៊ីនធឺណិត លើ​បណ្តាញ​អគ្គិសនី​របស់​អ៊ុយ​ក្រែ​ន នៅក្នុង​ឆ្នាំ ២០១៥ និង​២០១៦​ផងដែរ​។ 
 
​មិន​ត្រឹមតែ​ដាក់ទណ្ឌកម្ម​លើ​អង្គភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អឺរ៉ុប​ក៏បាន​ដាក់​បុគ្គល ដែល​ធ្វើការ​ក្នុង​នាយកដ្ឋាន​មួយ​នេះ ចូលទៅក្នុង​បញ្ជីខ្មៅ​ផងដែរ ដោយ​សំអាងថា បុគ្គល​ទាំងនោះ បាន​ចូលរួម​ក្នុងការ​ប៉ុនប៉ង​វាយប្រហារ​តាម​អ៊ីនធឺណិត លើ​អង្គការ​ស្តីពី​ការហាមឃាត់​អាវុធ​គីមី (OPCW) នៅ​ប្រទេស​ហូ​ឡង់ នៅក្នុង​ខែមេសា ឆ្នាំ ២០១៨​។ 
 
​បន្ទាប់ពី​រុស្ស៊ី អឺរ៉ុប​ក៏បាន​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​របស់​កូរ៉េខាងជើង​ផងដែរ​។ ក្រុមហ៊ុន Chosun Expo ដែលជា​ប្រភេទ​ក្រុមហ៊ុន​លក់ទំនិញ​តាម​ប្រព័ន្ធ​អន​ឡាញ ត្រូវបាន​គេ​សង្ស័យថា បានការ​គាំទ្រ​ក្រុម​វាយប្រហារ​តាម​អ៊ីនធឺណិត Lazarus​។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​នេះ ត្រូវគេ​ចោទថា មានការ​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​តាម​អ៊ីនធឺណិត​លើ​ក្រុមហ៊ុន Sony Pictures ផងដែរ ដើម្បី​រារាំង​មិន​ឲ្យ​មាន​ការចាក់​បញ្ចាំង​រឿង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅក្នុង​ឆ្នាំ ២០១៤​។ 
 
​ក្រុម Lazarus នេះ គឺជា​ក្រុម​វាយប្រហារ​តាម​អ៊ីនធឺណិត​ដ៏​ខ្លាំង​មួយ​របស់​កូរ៉េខាងជើង​។ នៅក្នុង​ឆ្នាំ​២០១៦ ក្រុម​Lazarus ត្រូវ​ចោទថា បាន​លួច​លុយ​ចេញពី​គណនី​របស់​ធនាគារ​ប​ង់​ក្លា​ដែ​ស ដែល​ដំកល់ទុក​នៅ​ធនាគា​អាមេរិក (Federal Reserve Bank) ប្រមាណ​៨១​លាន​ដុល្លារ​។ ប៉ុន្តែ កូរ៉េខាងជើង បាន​ចេញមុខ​បដិសេធ​។​
 
​ស្ថាប័ន​មួយទៀត ដែល​ត្រូវ​អឺរ៉ុប​ដាក់ចូល​ក្នុង​បញ្ជីខ្មៅ គឺជា​ក្រុមហ៊ុន Haitai របស់​ចិន​។ សហភាព​អឺរ៉ុប បាន​ចោទ​ក្រុមហ៊ុន​នេះ​ថា បាន​គាំទ្រ​ក្រុម​វាយប្រហារ​តាម​អ៊ីនធឺណិត​ដែល​បណ្ដា​ឲ្យ​មានការ​លួច​ទិន្នន័យ​ពាណិជ្ជកម្ម​សំខាន់ៗ​មួយចំនួន​ពី​ប្រទេស​ជាច្រើន នៅ​ជុំវិញ​ពិភពលោក​។ ជនជាតិ​ចិន ចំនួន​ពីររូប ដែលមាន​ពាក់ព័ន្ធ​នឹង​វាយប្រហារ​នេះ ក៏ត្រូវ​បាន​អឺរ៉ុប​ដាក់ទណ្ឌកម្ម​ផងដែរ​។ 
 
​ជាការ​ឆ្លើយតប ស្ថានទូត​ចិន​នៅ​អឺរ៉ុប បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា ចិន គឺជា​ប្រទេស​ទប់ស្កាត់​ការវាយប្រហារ​តាម​អ៊ីនធឺណិត​មួយ​ល្អ ហើយក៏​ជា​ប្រទេស​រង​ការវាយប្រហារ​តាម​អ៊ីនធឺណិត​ច្រើន​។ ពាក់ព័ន្ធ​នឹង​ករណី​វាយប្រហារ​តាម​អ៊ីនធឺណិត​នេះ ចិន​ក៏​ចង់​ចូលរួម​ការពារ​សន្តិសុខ​អ៊ី​ន​ធើ​ណិ​ត​ជា​សកល​ផងដែរ តាមរយៈ​សហប្រតិបត្តិ​ការ និង​កិច្ចសន្ទនា ប៉ុន្តែ​មិនមែនជា​ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី​នោះទេ​៕ 

Tag:
 EU
  រុស្ស៊ី​
  ចិន​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com