ស្ថាប័នផ្នែកព្រំដែន ព្រមានថា ការបំផ្លើសរឿងព្រំដែន អាចប្រឈមនឹងផ្លូវច្បាប់
ជាតិ
ព្រំដែន
ស្ថាប័នផ្នែកព្រំដែន ព្រមានថា ការបំផ្លើសរឿងព្រំដែន អាចប្រឈមនឹងផ្លូវច្បាប់
31, Jul 2020 , 6:00 pm        
រូបភាព
លោក រ៉ុង ឈុន (ពាក់វ៉ែនតាខ្មៅ) និងក្រុមការងារ ជិះម៉ូតូ ពេលចុះទៅជួបប្រជាពលរដ្ឋនិងមើលព្រំដែន ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ (រូបពីទំព័រហ្វេប៊ុក RONG CHHUN)
លោក រ៉ុង ឈុន (ពាក់វ៉ែនតាខ្មៅ) និងក្រុមការងារ ជិះម៉ូតូ ពេលចុះទៅជួបប្រជាពលរដ្ឋនិងមើលព្រំដែន ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ (រូបពីទំព័រហ្វេប៊ុក RONG CHHUN)
ដោយ: ថ្មីៗ
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ផ្ញើសារក្នុងន័យព្រមានថា ការធ្វើសកម្មភាពណាមួយ ក្នុងចេតនាបំផ្លើសការពិតអំពីរឿងព្រំដែន ហើយនាំឲ្យសាធារណជនភាន់ច្រឡំ គឺអាចប្រឈមមុខនឹងផ្លូវច្បាប់។ សារព្រមាននេះ ធ្វើឡើង ក្រោយពីក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាបណ្តុំមនុស្សមួយក្រុមក្រៅរដ្ឋាភិបាល អះអាងថា ប្រជាពលរដ្ឋខ្មែរមួយចំនួន រស់នៅជាប់ព្រំដែន ក្នុងខេត្តត្បូងឃ្មុំ មានបញ្ហាដីធ្លី ដោយសារតែការបំពាន់ពីអាជ្ញាធរវៀតណាម ហើយអាជ្ញាធរកម្ពុជា ក៏មិនជួយ។



ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានសមាជិកភាគច្រើនរស់នៅឯក្រៅប្រទេស បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០  តំណាងខ្លួន គឺ លោក រ៉ុង ឈុន ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យផ្ទាល់ នៅកន្លែងដីមានទំនាស់របស់ប្រជាពលរដ្ឋ និង បានពិនិត្យមើលបង្គោលព្រំដែនពីលេខ១១៤ ដល់ លេខ១១៩ ផងដែរ ស្ថិតក្នុងភូមិសាស្រ្ត ឃុំត្រពាងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ 

ក្រោយមកមួយថ្ងៃ គឺនៅថ្ងៃទី២១ ខែកក្កដា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលគេដឹងថា មិនសូវពេញចិត្តរដ្ឋាភិបាលកម្ពុជា ក៏ចេញសេចក្តីថ្លែងការណ៍ អំពីបេសកកម្មរបស់តំណាងខ្លួន។ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង ជាមេសហជីពមួយរូបផងនោះ ដែលជាអ្នកចេញសេចក្តីថ្លែងការណ៍នេះ បានសរសេរថា ក្នុងការចុះបំពេញបេសកកម្ម នៅតាមបណ្តោយព្រំដែន នៅខេត្តត្បូងឃ្មុំ ក្រុមការងាររបស់លោក បានជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋរងគ្រោះជាង១០០គ្រួសារ។ 

បើតាមលោក រ៉ុង ឈុន តំណាងប្រជាពលរដ្ឋទាំងនោះ បានប្រាប់លោកនិងក្រុមការងារថា ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពួកគេ បាត់បង់ដីអាស្រ័យផលជាច្រើនហិកតា ទៅខាងវៀតណាម ហើយពីបន្ទាត់ព្រំដែនចាស់ ដល់បង្គោលឡាក់ និង បង្គោលរណបថ្មី គឺបានចូលមកប្រហែល៥០០ម៉ែត្រ ក្នុងទឹកដីកម្ពុជា។ 

លោក ទទួលបានព័ត៌មានពីតំណាងប្រជាពលរដ្ឋទៀតថា ខ្សែបន្ទាប់ព្រំដែន ចេះតែរំកិលបន្តិចម្តងៗ ចូលមកទឹកដីកម្ពុជា ដែលបច្ចុប្បន្ន រំកិលចូលមកបានប្រហែល៣គីឡូម៉ែត្រហើយ។

លោក រ៉ុង ឈុន បានដឹងតាមរយៈការរៀបរាប់របស់តំណាងប្រជាពលរដ្ឋទៀតថា ពេលពួកគាត់ ទៅបង្កបង្កើតផលលើដីរបស់ពួកគាត់ ដែលមានទំហំប្រមាណ៦០ហិកតា ពួកគាត់ ក៏ត្រូវអាជ្ញាធរស្រុកពញាក្រែក រារាំងនិងបណ្តេញចេញ។ លោក បន្តថា លើសពីនេះ អាជ្ញាធរវៀតណាម ថែមទាំងបានចូលរួមបណ្តេញនិងរុញច្រានប្រជាពលរដ្ឋខ្មែរទាំងនោះ ចេញពីដីធ្លីដែរ រហូតដល់អាជ្ញាធរវៀតណាម បានចូលមកដីខ្មែរប្រមាណ២០០ម៉ែត្រ ដោយអាជ្ញាធរកម្ពុជា មិនបានទប់ស្កាត់។ 

នៅថ្ងៃទី៣១ ខែកក្កដានេះ គណៈកម្មាធិការចម្រុះកិច្ចព្រំដែនកម្ពុជា ដែលមាន លោក វ៉ា គឹមហុង ជាប្រធាន បានចេញសេចក្តីថ្លែងការណ៍មួយវិញ ដោយច្រានចោលទាំងអស់ ចំពោះអ្វីដែលលោក រ៉ុង ឈុន លើកឡើងខាងលើ។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ប្រកាសប្រាប់ប្រជាជនកម្ពុជាជាថ្មីថា៖«ការធ្វើខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ជាមួយវៀតណាម ពុំបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីនោះទេ»។ 

មកដល់ពេលនេះ កម្ពុជានិងវៀតណាម សម្រេចបាន៨៤ភាគរយហើយ ក្នុងការបោះបង្គោលព្រំដែននិងការធ្វើខណ្ឌសីមាជាមួយគ្នា។ ភាគីទាំងពីរ ប្តេជ្ញារួមគ្នាថា នឹងពន្លឿនឲ្យឆាប់ចប់ លើការបោះបង្គោលព្រំដែន តាមតំបន់មិនទាន់ឯកភាព១៦ភាគរយទៀត ដែលនៅសល់។ 

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចាត់ទុកសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាថា គ្មានមូលដ្ឋានអំពីការងារព្រំដែន ហើយមានចេតនាប្រឌិតរឿង និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីបំភាន់សាធារណមតិជាតិ-អន្តរជាតិ។ 

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន អំពាវនាវឲ្យសាធារណជន កុំជឿលើសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលចេញដោយលោក រ៉ុង ឈុន។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន មើលឃើញថា លោក រ៉ុង ឈុន និង ក្រុមមនុស្សមួយចំនួនទៀត តែងបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីវាយប្រហារដល់កិច្ចការព្រំដែនរបស់រដ្ឋាភិបាល ហើយសកម្មភាពទាំងអស់នោះ «អាចប្រឈមមុខនឹងច្បាប់»។ 

ជាមួយគ្នានេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន អំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ចូលរួមរក្សាទុកចំណែកដីខាងលើ ហើយចាត់វិធានការផ្លូវច្បាប់ លើជនទាំងឡាយណា ដែលមានចេតនាបំពានយកដីរដ្ឋទាំងនោះ ដោយបង្កើតព័ត៌មានក្លែងក្លាយបន្លំធ្វើឯកសារ ក្នុងគោលបំណងនាំឲ្យមានការភាន់ច្រឡំដល់សាធារណមតិជាតិ-អន្តរជាតិ។

មុននឹងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចេញសេចក្តីថ្លែងការណ៍ រដ្ឋបាលខេត្តត្បួងឃ្មុំ បានចេញសេចក្តីប្រកាសព័ត៌មានរួចមកហើយ ដោយបដិសេធ ចំពោះការលើកឡើងរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា។ 

យ៉ាងណាក៏ដោយ លោក រ៉ុង ឈុន ក្នុងនាមជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ថា ប្រជាពលរដ្ឋទាំងនោះ ក្នុងខេត្តត្បូងឃ្មុំ បានបាត់បង់ដីធ្លីជាច្រើន ទៅវៀតណាម បន្ទាប់ពីបោះបង្គោលព្រំដែនរួច ដូច្នេះ នៅសល់ដីតិចតួច រដ្ឋាភិបាល គួរតែផ្តល់ឲ្យពួកគាត់។ លោក និយាយក្នុងសេចក្តីថ្លែងការណ៍ទៀតថា ចំពោះទង្វើរបស់អាជ្ញាធរវៀតណាម ដែលរុញច្រានប្រជាពលរដ្ឋខ្មែរ រហូតអាជ្ញាធរវៀតណាមចូលមកដល់ដីខ្មែរប្រមាណ២០០ម៉ែត្រ គឺជាការរំលោភបំពានអធិបតេយ្យកម្ពុជា។ 

លោក ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងកងកម្លាំងការពារតាមខ្សែបន្ទាត់ព្រំដែន ដើម្បីកុំឲ្យកម្លាំងអាជ្ញាធរប្រទេសជិតខាង ចូលមកក្នុងដែនអធិបតេយ្យកម្ពុជា។ បន្ថែមពីនេះ លោក ស្នើឲ្យរដ្ឋាភិបាល ផ្តល់ដីទំហំ៦០ហិកតា ដែលកំពុងស្ថិតក្នុងជម្លោះ ជូនទៅប្រជាពលរដ្ឋវិញ។ 

បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជា កំពុងមិនសូវសប្បាយចិត្តស្រាប់ ចំពោះវៀតណាម ដែលបោះតង់យោធា ចូលមកក្នុងទឹកដីកម្ពុជា តាមបណ្តោយព្រំដែន ជាពិសេសក្នុងខេត្តកណ្តាល។ តំបន់ ដែលយោធាវៀតណាម បោះតង់ គឺជាតំបន់មិនទាន់ឯកភាព (តំបន់ស)។ 

រដ្ឋាភិបាលកម្ពុជា ទទូចម្តងជាពីរដង ឲ្យវៀតណាម រុះរើតង់ទាំងនោះចេញវិញ។ តែវៀតណាម ឆ្លើយតបថា ចាំជំងឺកូវីដ-១៩ ត្រូវបានកម្ចាត់ទាំងស្រុងសិន ទើបរុះរើ៕

Tag:
 កម្ពុជា-វៀតណាម
  ព្រំដែន
  ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
  រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com