ជាតិ
ភាពខុសគ្នា​រវាង​ពិធីបុណ្យ​ហា​ជ្ជ ឬ​ហា​ជី និង​ការ​សំឡេះ​សត្វ (​កូរ​ពាន​)
01, Aug 2020 , 1:59 pm        
រូបភាព
​ដោយ​៖ ហ៊ីម អ៊ឹម​រ៉​ន 
 
​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​ហាក់​នៅមាន​ការយល់ច្រឡំ​នៅឡើយ​រវាង​បុណ្យ​ហា​ជ្ជ ឬ​ហា​ជី និង​ការ​សំឡេះ​សត្វ​កូរ​ពាន (Qurban) ដែល​បងប្អូន​សាសនិក​ឥស្លាម​តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​។ តាមពិតទៅ ពិធី​ទាំងពីរ​នេះ គឺ​ខុសគ្នា​ដាច់ស្រឡះ ដោយ​គ្រាន់តែ​ប្រារព្ធ​ក្នុងពេល​ស្របគ្នា​តែប៉ុណ្ណោះ​។​

 
​ពិធីបុណ្យ​ហា​ជ្ជ ឬ​ហា​ជី នៅក្នុង​សាសនា​ឥស្លាម គឺជា​មូលដ្ឋានគ្រឹះ​មួយ​ក្នុងចំណោម​មូលដ្ឋានគ្រឹះ​ទាំង​ប្រាំ​របស់​សាសនា ដែល​រួមមាន ការទទួលស្គាល់​ថា​អ​ល់​ឡោះ​ជា​ម្ចាស់​តែមួយគត់ ហើយ​ព្យា​ការី​ម​ហាំ​ម៉ាត់​ជា​អ្នក​នាំសារ​របស់​ទ្រង់​, ការថ្វាយ​បង្គំ​ការ​អធិដ្ឋាន​ប្រាំ​ដង​ជា​រៀងរាល់ថ្ងៃ​, ការផ្ដល់​វិភាគទាន (Zakat), ការ​បួស​តម​អាហារ​ក្នុង​ខែ​រ៉ា​ម៉ា​ដន (Ramadan), និង​ការធ្វើ​បុណ្យ​ហា​ជ្ជ ឬ​ហា​ជ្ជី (Hajj, Haji) នេះឯង​។ 


 រូបភាពពី Kormaroddin Ash Ary

​លោក មោ​សា អះ​ម៉ាត់ ជា​អ្នកជំនាញ​ផ្នែក​សាសនា​ឥស្លាម​ដែល​បានបញ្ចប់​ការសិក្សា​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​ប្រាប់ ThmeyThmey ថា ពិធីបុណ្យ​ហា​ជ្ជ ឬ​ហា​ជី ជា​ពិធីបុណ្យ​មួយ​ដែល​សាសនិក​ឥស្លាម​ទូទាំង​ពិភពលោក តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​នៅក្នុង​ខែ​ទី​១២ នៃ​ប្រតិទិន​សាសនា​ឥស្លាម​។ 


 រូបភាពពីហ្វេសប៊ុកលោក Mosa Ahmad

​លោក​បន្តថា  ពិធីបុណ្យ​មួយ​នេះ​ជា​កាតព្វកិច្ច​ចំពោះ​សាសនិក​ឥស្លាម​រូប​ណា​ដែលមាន​លទ្ធភាព​តែប៉ុណ្ណោះ ព្រោះ​វា​តម្រូវ​ឲ្យ​អ្នក​ដែលមាន​បំណង​ចង់​ធ្វើ ត្រូវធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ម៉ា​ក្កះ (Mecca) ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​តម្រូវ​ឲ្យ​មាន​ចំណាយ​ថវិកា​រលើ​សេវាកម្ម​មួយចំនួន​ដូចជា ការធ្វើដំណើរ និង​ការ​ស្នាក់នៅ​ជាដើម​។ 


 
​អ្នកជំនាញ​សាសនា​ឥស្លាម​រូបនេះ បញ្ជាក់​បន្ថែមថា ការ​ប្រារព្ធ​ពិធី​នេះ គឺ​ដើម្បី​បង្រៀន​សាសនិក​ឥស្លាម​ទាំងអស់ ឲ្យ​ហ៊ាន​លះបង់​ទាំង​ពេលវេលា និង​ថវិកា ហើយ​មានការ​អត់ធ្មត់​ដើម្បី​សម្រេច​ជោគជ័យ​អ្វីមួយ​។ លើសពីនោះ​ទៀត វា​បង្ហាញថា​សាសនិក​ឥស្លាម​ទាំងអស់​មានតម្លៃ​ស្មើគ្នា ដោយ​ពួកគេ​ត្រូវ​ប្រតិបត្តិ​ដូចគ្នាៗ មិន​ថា​ពួកគេ​មាន​ឋានៈ បុណ្យ​ស័ក្ក ឬ​ទ្រព្យសម្បត្តិ​ច្រើនយ៉ាង​ណាក៏ដោយ​។ ហើយ​ចុងក្រោយ វា​បង្ហាញថា​សាសនិក​ឥស្លាម​ទាំងអស់​មានការ​រួបរួម​សាមគ្គី​គ្នា ដោយមាន​ការចូលរួម​ពី​គ្រប់​ជាតិ​សាសន៍ ពណ៌​សម្បុរ ឋានៈ បុណ្យ​ស័ក្ក​ទាំងអស់ ពី​គ្រប់ទិសទី​នៃ​ពិភពលោក​។ 


 
​រីឯ​ការ​សំឡេះ​សត្វ ឬ​កូរ​ពាន​វិញ គឺជា​ការគោរព​សក្ការៈ​ទៅ​ចំពោះ​អ​ល់​ឡោះ​មួយ​ប្រភេទ ដែល​ធ្វើឡើង​តាមរយៈ​ការ​សំឡេះ​សត្វ​គោ ពពែ ឬ​អូដ្ឋ ដើម្បី​យក​សាច់​ចែកចាយ​ដល់​អ្នកក្រីក្រ សាច់ញាតិ អ្នកជិតខាង អ្នកភូមិ និង​សម្រាប់​ហូបចុក​ខ្លួនឯង ដើម្បី​ឲ្យ​មាន​សុខ​ភាពល្អ​។ ព្រោះថា មនុស្ស​យើង​ត្រូវ​ការហូប​សាច់​ដែលមាន​សារជាតិ​ប្រូតេអ៊ីន ដើម្បី​ទ្រទ្រង់​រាងកាយ​។ នេះ​បើតាម​ការរៀប​រាប់រប​ស់លោក មោ​សា អះ​ម៉ាត់​។​


 
​ដូច្នេះ​ពិធីបុណ្យ​ទាំងពីរ​គឺមាន​លក្ខណៈ​ខុសគ្នា​ដាច់ស្រឡះ ដោយ​ពិធីបុណ្យ​ហា​ជ្ជ គេ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ៨ ដល់​ថ្ងៃទី ១៣ ខែ​ទី​១២ នៃ​ប្រតិទិន​សាសនា​ឥស្លាម (​ខែ​ហ្ស៊ុ​ល​ហិ​ជ្ជះ​) ហើយ​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ ចំណែក​ពិធី​សំឡេះ​សត្វ ឬ​កូរ​ពាន​វិញ គេ​ប្រារព្ធ​ឡើង​ក្នុង​រយៈពេល ៤​ថ្ងៃ ដោយ​គិតពី​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១៣ ខែ​ទី​១២ នៃ​ប្រតិទិន​សាសនា​ឥស្លាម (​ខែ​ហ្ស៊ុ​ល​ហិ​ជ្ជះ​)​។ សាសនិក​ឥស្លាម​ពី​គ្រប់​តំបន់​ទូទាំង​ពិភពលោក​ដែលមាន​លទ្ធភាព អាចធ្វើ​វា​បាន តាមរយៈ​ការ​សំឡេះ​សត្វ យក​សាច់​ចែកជូន​ជនក្រីក្ររ​ជាដើម ដោយ​ពុំ​តម្រូវ​ឲ្យ​ពួកគេ​ធ្វើដំណើ​ទៅកាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដូច​ពិធីបុណ្យ​ហា​ជ្ជ​នោះឡើយ​។​


 
​សូម​ជម្រាបជូន​ផងដែរ​ថា ពិធីបុណ្យ​ហា​ជ្ជ​ឆ្នាំនេះ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ២៧ ខែកក្កដា ដល់​ថ្ងៃទី ៣ ខែសីហា ដោយ​រដ្ឋាភិបាល​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បានអនុញ្ញាត​ឲ្យ​មានការ​ចូលរួម​តែ​ពី​សាសនិក​ឥស្លាម​ដែល​រស់នៅក្នុង​ប្រទេស​អា​រ៉ាប៊ីសាអ៊ូឌីត ក្នុង​ចំនួន​កំណត់​មួយ​ប៉ុណ្ណោះ ដើម្បី​ទប់ស្កាត់ និង​បង្ការ​ជំងឺ​កូ​វីដ​-១៩៕
 

Tag:
 សាសនា​ឥស្លាម​
© រក្សាសិទ្ធិដោយ thmeythmey.com