តើ​នយោបាយ​នៅតែ​ជា​រឿង​បោកប្រាស់​ក្នុង​ទស្សនៈ​ពលរដ្ឋ​ខ្មែរ​ឬ​?
ជាតិ
តើ​នយោបាយ​នៅតែ​ជា​រឿង​បោកប្រាស់​ក្នុង​ទស្សនៈ​ពលរដ្ឋ​ខ្មែរ​ឬ​?
01, Aug 2020 , 6:59 pm        
រូបភាព
​ដោយ វណ្ណ ប៊ុន​ណា​

លិខិត​មិត្ត​អ្នកអាន​៖ «​នយោបាយ គឺជា​ន​យោ​បោក និង​ជាការ​បោកប្រាស់​របស់​អ្នកនយោបាយ​។ កុំ​ចង់​ប្រឡូក​ជាមួយ​នយោបាយ បើ​មិន​អស់​ជីវិត ក៏​ជាប់គុក រត់ចោលស្រុក ឬក៏​វិនាស​ទ្រព្យសម្បត្តិ​ដែរ​។ កុំទៅ​ខ្វាយខ្វល់​ជាមួយនឹង​នយោបាយ រឿង​នយោបាយ​ទុកឱ្យ​អ្នកនយោបាយ​ជា​អ្នកដោះស្រាយ យើង​គិតតែ​ពី​រឿង​រកស៊ី​ទៅបាន​ហើយ​»​។

 
 
​ទាំងអស់នេះ​គឺជា​អ្វីដែល​ខ្ញុំ​តែងតែ​ឮ​ស្ទើរ​រៀងរាល់ថ្ងៃ​ក្នុងសង្គម​ខ្មែរ នៅពេល​និយាយ​ដល់​ពាក្យនយោបាយ ឬ រឿង​ទាំងឡាយណា​ពាក់ព័ន្ធ​នឹង​នយោបាយ​។ តើ​នយោបាយ នៅតែ​ជា​រឿង​អវិជ្ជមាន​ដែល​គួរឱ្យ​ខ្លាចរអា ឬក៏​ជាការ​បោកប្រាស់​ដូច​ការយល់ឃើញ​ខាងលើ​ឬទេ​?
 
​ទស្សនៈ​ដែល​យល់ឃើញថា នយោបាយ ជាការ​បោកប្រាស់ និង​ជា​រឿង​អពមង្គល គឺ​ប្រហែល​យោងទៅតាម​កាលៈទេសៈ​នយោបាយ​នៅក្នុង​សង្គម​កម្ពុជា​ដែល​ប្រជាពលរដ្ឋ​បាន​ឆ្លងកាត់​ទាំង​ក្នុងពេល​អតីតកាល​និង​បច្ចុប្បន្នកាល​។ នៅក្នុង​អតីតកាល បើ​យើង​ក្រឡេក​ទៅ​មើល​ត្រឹមតែ​ប្រវត្តិសាស្ត្រ​កម្ពុជា​សម័យ​ទំនើប​ពោលគឺ​ក្រោយ​សម័យ​អាណានិគមនិយម​បារាំង យើង​ឃើញថា ភ្លើងសង្គ្រាម​ធ្វើ​ឲ្យ​ប្រទេស​ក៏ដូចជា​ប្រជាជន​កម្ពុជា​ឆ្លងកាត់​ទុក្ខសោក​ធំធេង ក្តី​វិនាស​អន្តរាយ និង​ទ្រុឌទ្រោម​រក​អ្វី​ប្រៀប​ពុំបាន​។ ហេតុផល​សង្គ្រាម​នេះ មួយផ្នែកធំ​គឺ​កើតចេញពី​ការដណ្ដើម​អំណាច​ហែកហួរ​គ្នា​របស់​បណ្តា​អ្នកនយោបាយ​និង​មេដឹកនាំ​ខ្មែរ​ផ្ទាល់​តែម្តង​។   
 
​ជាក់ស្តែង​នៅ​ខែមីនា​ឆ្នាំ​១៩៧០ លោក​សេនាប្រមុខ លន់ ណុល និង​បក្សពួក​បានធ្វើ​រដ្ឋប្រហា​រ​ទម្លាក់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ អោយ​ខ្ទាត​ចេញពី​អំណាច​នៅពេលដែល​ព្រះអង្គ​យាង​ចេញទៅ​ធ្វើ​ទស្សនកិច្ច​នៅ​បរទេស ហើយ​របប​សង្គមរាស្ត្រនិយម​របស់​ព្រះអង្គ​ត្រូវ​រលំរលាយ​។ ក្រោយ​ឡើងកាន់​អំណាច​បាន​ប្រហែល​ជិត​ប្រាំ​ឆ្នាំ រដ្ឋាភិបាល​នៃ​សារ​ធារ​ណៈ​ខ្មែរ​របស់លោក លន់ ណុល ត្រូវបាន​ផ្តួលរ​លំដោយ​កងទ័ព​ខ្មែរក្រហម​នៅ​ខែមេសា​ឆ្នាំ​១៩៧៥ ដែល​ធ្វើអោយ​លោក លន់ ណុល រត់ចោលស្រុក​ទៅ​បរទេស​រហូត​ថ្ងៃ​អវសាន​នៃ​ជិវិត​។ 
 
​ក្រោយពី​បាន​ឡើងកាន់​អំណាច ពួក​ខ្មែរក្រហម​បានដឹង​ប្រទេស​អោយ​ធ្លាក់​ជ្រៅ​ក្នុង​របបរ​ពិឃាត​ដ៏រ​ខ្មៅ​ងងឹត​បំផុត​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​កម្ពុជា ធ្វើឱ្យ​ប្រជាជន​កម្ពុជា​ធ្វើការ​បាក់កម្លាំង អត់បាយ​ក្រហាយ​ទឹក និង​ត្រូវបាន​គេ​សម្លាប់​រង្គាល បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​អស់​ជិត​២​លាន​នាក់​។ ឡើងកាន់​អំណាច​មិនទាន់បាន​៥​ឆ្នាំ​ស្រួល​ប្រួល​ផង របប​ខ្មែរក្រហម​ត្រូវបាន​វាយ​ផ្តួលរំលំដោយ​កងទ័ព​រណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ដែល​គាំទ្រ​ដោយ​កងទ័ព​វៀតណាម​នៅ​ខែមករា​ឆ្នាំ​១៩៧៩ ហើយ​មកដល់ពេលនេះ ពួក​អ្នកនយោបាយ​កំពូលៗ​នៃ​របប​ខ្មែរក្រហម​មួយចំនួន​ក៏បាន​ស្លាប់បាត់ ហើយ​មួយចំនួនទៀត​កំពុង​ជាប់គុក​និង​កំពុង​ត្រូវបាន​កាត់ទោស​ដោយ​តុលាការ​ខែ្មរ​ក្រហម​។ បើទោះបី​របប​ខ្មែរក្រហម​ត្រូវបាន​ដួល​រំលំ​តែ​ជម្លោះ​នយោបាយ​និង​ការបង្ហូរ​ឈាម​រវាង​អ្នកនយោបាយ​ខ្មែរ​និង​ខ្មែរ ក៏​នៅ​បន្ត​រហូតដល់​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣​ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ ទើប​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មានការ​ធូរស្បើយ​។​
 
​មួយវិញទៀត បើ​ក្រឡេក​មក​មើល​ស្ថានភាព​ជាក់ស្តែង​នៅពេល​បច្ចុប្បន្ន យើង​ឃើញថា​រឿង​នយោបាយ​និង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ក៏​ស្ថិតនៅក្នុង​ស្ថានភាព​ល្អក់​កករ​និង​ច​ម្រោ​ង​ចម្រាស់​ដែល​បង្កើត​បរិយាកាស​មួយ​ដែល​មិនគួរ​ជាទី​មោ​ទក​នៅក្នុង​ការជជែក​ដេញដោល​និង​ចូលរួម​ក្នុង​នយោបាយ​ឡើយ​។ ជាក់ស្តែង អ្នកវិភាគ​នយោបាយ​និង​សង្គម​ដ៏​មាន​ប្រជាប្រិយ​នៅ​កម្ពុជា គឺ​លោក​បណ្ឌិត កែម ឡី ត្រូវបាន​គេ​បាញ់សម្លាប់​នៅ​ភ្នំពេញ​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៦ ហើយ​នៅតែ​មិនទាន់​ទទួលបាន​នូវ​យុត្តិធម៌​ពេញលេញ​នៅឡើយ​រហូតមក​ដល់ពេលនេះ​។ 
 
​មួយវិញទៀត អតីត​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​ដោយ​តុលាការ​កំពូល​កម្ពុជា​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ហើយ លោក សម រង្ស៊ី ដែលជា​អតីត​ប្រធាន​បក្ស​នេះ និង​មេដឹកនាំ​បក្ស​មួយចំនួនទៀត​បាន​នឹង​កំពុង​រត់​ភៀសខ្លួន​ទៅ​រស់នៅ​បរទេស ខណៈពេល​ពេលដែល​លោក កឹម សុខា ជា​អតីត​អនុប្រធាន​បក្ស កំពុងស្ថិត​ក្នុង​ដំណើរការ​ចោទប្រកាន់រ​បស់​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​។ 
 
​ដូច្នេះ បើ​យោងទៅតាម​ទិដ្ឋភាព​ប្រ​វ​តិ្ត​សាស្ត្រ​និង​បច្ចុប្បនភាព​នៃ​នយោបាយ​ក្នុង​បរិបទ​សង្គម​កម្ពុជា​ដែល​បានលើកឡើង​ខាងលើ យើង​សង្កេតឃើញថា នយោបាយ​ហាក់ដូចជា​រឿង​ដែល​គួរអោយ​ខ្លាចរអា អ្នក​ដែល​ប្រឡូក​ក្នុង​នយោបាយ​សុទ្ធតែ​ត្រូវ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​។ ចំណែក​ប្រជាពលរដ្ឋ​ត្រូវបាន​អ្នកនយោបាយ​បោកប្រាស់​និង​យក​ធ្វើជា​ឧបករណ៍​នៅក្នុង​ការដណ្តើម​អំណាច​គ្នា​បន្តបន្ទាប់​។ ប៉ុន្តែ​ការលើកឡើង​នេះ វា​បានត្រឹមតែ​ឆ្លុះបញ្ចាំង​ពី​នយោបាយ​នៅក្នុង​តថភាព​នៃ​សង្គម​ខ្មែរ​តែប៉ុណ្ណោះ វា​មិន​ឆ្លុះបញ្ចាំង​ពី​អត្ថន័យ​ដើម​និង​ទូទៅ​នៃ​ពាក្យនយោបាយ​ដែល​អ្នក​ប្រាជ្ញា​ក្នុង​លោក​បាន​រកឃើញ និង​ផ្តល់ឱ្យ​នោះទេ​។ 
 
​ពាក្យ​ថា «​នយោបាយ​» មានន័យ​ស្មើនឹង​ពាក្យ​ភាសា​អង់គ្លេស «Politics» ដែល​ពាក្យ​នេះ​មកពី​ពាក្យ​ជា​ភាសា​ក្រិ​កថា “Polis” ហើយ​ពាក្យ​ថា Polis នេះ​មានន័យថា​ទីក្រុង​(​បុរី​) ឬក៏​បុរី​រដ្ឋ (city-state)​។ នៅក្នុង​សង្គម​ក្រិ​ក​បុរាណ​ត្រូវបាន​បែងចែក​ទៅជា​បណ្ដុំ​នៃ​បុរី​រដ្ឋ​ឯករាជ្យ​ជាច្រើន​ដែលមាន​ប្រព័ន្ធ​រដ្ឋាភិបាល​ដាច់ដោយឡែក​ពីគ្នា ហើយ​បុរី​រដ្ឋ​ដែល​ធំ​ជាង​និង​មាន​ឥទ្ធិពល​ជាងគេ​គឺ​បុរី​រដ្ឋ​អា​តែ​ន​ដែលមាន​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​តាមបែប​ប្រជាធិបតេយ្យ​ដោយផ្ទាល់​។ នៅ​ក្នុងន័យនេះ នយោបាយ​គឺមាន​ន័យ​សំដៅ​ដល់​អ្វីដែល​ទាក់ទង​នឹង​រដ្ឋ ឬក៏​កិច្ចការ​ក្នុងការ​គ្រប់គ្រង​រដ្ឋ​។ 
 
​លើសពីនេះទៅទៀត អា​រី​ស្តូ​ត (Aristotle) ជា​បិតា​វិទ្យាសាស្ត្រ​នយោបាយ​វិទូ​ក្រិ​ក បានផ្តល់​និយមន័យ​ថា «​នយោបាយ​» គឺជា​វិទ្យាសាស្ត្រ​ជាន់ខ្ពស់​ដែល​គ្មានអ្វី​ជា​ក្រៅពី​សកម្មភាព​តាមរយៈ​អ្វីដែល​មនុស្ស​ព្យាយាម​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវិត​របស់​ពួកគេ​និង​ដើម្បី​បង្កើត​សង្គម​ល្អ​មួយ​។​”  
 
​មួយវិញទៀត បើតាម​ទ្រឹស្តី​នយោបាយ​វិទូ​និង​ជា​ទស្សនវិទូ​អាល្លឺម៉ង់ ហាន់​ណា​ហ អា​រ៉ែ​ន (Hannah Arendt) បានឱ្យ​និយមន័យ​ថា ​«​នយោបាយ គឺជា​ទម្រង់​ដ៏​សំខាន់បំផុត​នៃ​សកម្មភាព​របស់​មនុស្ស​ពីព្រោះ​វា​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​រវាង​សេរីភាព​និង​សមភាព​របស់​ពលរដ្ឋ​។ ដូច្នេះ នយោបាយ​ផ្តល់​អត្ថន័យ​ដល់​ជីវិត​និង​បញ្ជាក់​ពី​លក្ខណៈពិសេស​របស់​មនុស្ស​ម្នាក់ៗ​»​។​
 
​ចំណែកឯ​លោក ដេ​វី​ឌ  អេស​ស្តុ​ន (David Easton) វិទ្យាសាស្ត្រ​នយោបាយ​វិទូ​អាមេរិក បានផ្តល់​និយមន័យ​ថា «​នយោបាយ គឺជា​ការបែងចែក​គុណ​តម្លៃ​នៃ​សិទ្ធិអំណាច​»​។ ក្នុងន័យនេះ លោក​ចង់​មានន័យថា​នយោបាយ​គឺជា​ដំណើរការ​ផ្សេងៗ​គ្នា ដែល​រដ្ឋាភិបាល ឆ្លើយតប​សម្ពាធ​នៅក្នុង​សង្គម ជាពិសេស​តាមរយៈ​ការបែងចែក​ផលប្រយោជន៍ រង្វាន់ ឬ​ការពិន័យ​។ 
 
​សម្រាប់​អ្នកវិទ្យាសាស្ត្រ​នយោបាយ​អង់គ្លេស លោក ប៊ើ​ណាដ ក្រិ​ក (Bernard Crick) បានឱ្យ​និយមន័យ​ថា «​នយោបាយ​ជា​សកម្មភាព​ក្នុងការ​ផ្សះផ្សា​នៅក្នុង​ទំនាស់​ផលប្រយោជន៍​នៅក្នុង​អង្គភាព​ស្ថិតនៅក្នុង​ក្រ​មខ​ណ្ខ​ច្បាប់ ដោយ​ផ្តា​ល់​ឱ្យ​ពួកគេ​នូវ​ការបែងចែក​អំណាច​សម​ស្រម​ទៅនឹង​សេចក្តីត្រូវការ​របស់​ពួកគេ​ដើម្បី​សុ​ុ​ខុ​មាល​ភាព​និង​ការរស់រានមានជីវិត​នៅក្នុង​សហគមន៍​ទាំងមូល​»​។ និយាយ​អោយ​ខ្លី នយោបាយ​គឺ​ទាក់ទង​ទៅនឹង​ដំណោះស្រាយ​នៃ​បញ្ហា​។​
 
​ជារួម នយោបាយ​គឺជា​វិទ្យាសាស្ត្រ​និង​សិល្បៈ​ក្នុងការ​គ្រាប់​គ្រង​និង​ការដឹកនាំ និង​យុទ្ធវិធី​ក្នុងការ​ស​ម្រ​ច​ចិត្ត​ដើម្បី​ដោះស្រាយ​បញ្ហា​នៅក្នុង​ក្រុម​នៃ​មនុស្ស សហគមន៍ សង្គម​និង​ប្រទេសជាតិ​ទាំងមូល ដើម្បី​ឈានទៅដល់​គោលដៅ​នៃ​សុខុមាលភាព សេចក្តីសុខ ស្ថិរភាព វិបុល​សុខ និង​ការរីកចម្រើន​របស់​ប្រជា​ពល​ដ្ឋ​និង​សង្គមជាតិ​ទាំងមូល​។ តាមន័យ​នេះ នយោបាយ​មិនមែន​មានន័យថា ជាន​យោ​បោក ឬ​ជាការ​បោកប្រាស់​របស់​អ្នកនយោបាយ និង​ជា​រឿង​គួរអោយ​ភ័យខ្លាច​ដូច​ការលើកឡើង​នៅក្នុង​បរិបទ​នៃ​សង្គម​ខ្មែរ​យើង​នោះទេ​។ 
 
​ប្រសិនបើ​យើង​ស្អប់ខ្ពើម​នយោបាយ នោះ​មានន័យថា យើង​មិន​ចង់ដឹង មិន​ចង់​ស្គាល់ មិន​ចង់​យល់​ពី​អត្ថន័យ មុខងារ តួនាទី និង​សារៈប្រយោជន៍​នៃ​នយោបាយ​នៅក្នុង​ការអភិវឌ្ឍ​សង្គមជាតិ​។ ដូច្នេះ តើ​សង្គម​របស់​យើង​អាច​ក្លាយទៅជា​កន្លែង​ប្រកបដោយ​ភាពរុងរឿង​បានដែរ​ឬទេ ប្រសិនបើ​យើង​ជា​តួអង្គ​មួយ​នៅក្នុង​សង្គម មិន​ខ្វល់ខ្វាយ​ទៅនឹង​ចរន្ត​និង​ទិសដៅ​នៃ​ការ​អភិ​ឌ្ឍ​បែបនេះ​?
 
​ដូច្នេះ ដើម្បីអោយ​សង្គមជាតិ​រីកចម្រើន​បាន​លឿន ការចូលរួម​ក្នុង​កិច្ចការ​នយោបាយ​ជា​រឿង​សំខាន់​និង​ចាំបាច់​។ ដូច​អ្វីដែល​លោក ហ្ស​ង់ ហ្សា​ក់​ហ្សា​សរូស (Jean Jacques Rousseau) ទស្សនវិទូ​និង​ទ្រឹស្តី​នយោបាយ​វិទូ​ដើមកំណើត​ស្វី​ស ដែល​បាន​លើកឡើងថា មានតែ​ការចូលរួម​ដោយផ្ទាល់​និង​ដោយ​ឥត​ស្រាកស្រាន្ត​របស់​ប្រពល​រដ្ឋ​ក្នុង​ជីវិត​នយោបាយ​ប៉ុណ្ណោះ ទើប​សង្គមជាតិ​អាច​ក្លាយជា​កន្លែង​សុខក្សេមក្សាន្ត​បាន​។ 
 
​ដើម្បី​ឈានទៅដល់​សង្គម​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ពិតប្រាកដ លុះត្រាតែ​យើងទាំងអស់គ្នា​ដែលជា​ប្រជាពលរដ្ឋ​ខិតខំ​ប្រឹងប្រែង​ស្វែងយល់​អោយបាន​ស៊ីជម្រៅ​អំពី​នយោបាយ ក៏ដូចជា សិទ្ធិ សេរីភាព កាតព្វកិច្ច និង​ច្បាប់សង្គម ព្រោះ​ថាបើ​គ្មាន​ការប្រែប្រួល​ស៊ីជម្រៅ​នៅក្នុង​ស្មារតី​នយោបាយ​របស់​ពលរដ្ឋ​ទេ នោះ​ក៏​មិនអាច​មានការ​ផ្លាស់ប្តូរ​និង​ប្រែប្រួល​បែប​វិជ្ជា​មាននៅ​ក្នុងសង្គម​កម្ពុជា​ឡើយ​។​
 
​មួយវិញទៀត យុវជន​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឆ្អឹងខ្នង​នៃ​ប្រទេសជាតិ គួរ​ខិតខំ​សិក្សា​អោយបាន​ស៊ីជម្រៅ​ទៅលើ​នយោបាយ និង​ប្រើប្រាស់​សិទ្ធិ​នយោបាយ​ឲ្យ​បាន​ពេញលេញ ដើម្បី​បន្សល់​សកម្ម​ភាពជា​គំរូ​សម្រាប់​ក្មេងជំនាន់ក្រោយ​ដើម្បី​កុំ​យល់​ខុស​ទៅលើ​អត្ថន័យ​នយោបាយ​ត​ទៅមុខទៀត​។ 
 
​សូម​ចងចាំ​ថា យើង​ម្នាក់ៗ​មិនអាច​គេចផុត​ពី​នយោបាយ​បានឡើយ​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។ ដូច​អ្វីដែល​គេ​តែងតែ​លើកឡើងថា «​យើង​អាច​ភ្លេច​នយោបាយ​បាន តែ​នយោបាយ​មិនដែល​ភ្លេច​យើង​នោះទេ​»​។ ឬក៏​គេ​អាច​និយាយបានថា ដរាបណា​គ្មាន​មនុស្ស ទើប​អាច​គ្មាន​នយោបាយ​។ ពេលណា​មាន​មនុស្ស​ចាប់ពី​ពីរ​នាក់​ឡើងទៅ គឺមាន​នយោបាយ​។ នេះ​ដូច​អ្វីដែល អា​រី​ស្តូ​ត បាន​អះអាងថា «​មនុស្ស គឺជា​សត្វ​នយោបាយ​តាមបែប​ធម្មជាតិ​»៕ 
 
វណ្ណ ប៊ុន​ណា និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ Jamia Millia Islamia រដ្ឋធានី​ញូវដែលី ប្រទេស​ឥណ្ឌា​។​
​អ៊ីមែល​: [email protected] 
 
 
 

Tag:
 លិខិត​មិត្ត​អ្នកអាន
© រក្សាសិទ្ធិដោយ thmeythmey.com