ជាតិ
ក្រុមហ៊ុន​៖ កុំ​ឲ្យ​យោបល់​គេ​ច្រើនពេក តែ​ខ្លួនឯង​ត្រូវធ្វើ​ឲ្យ​ល្អ​ជាមុនសិន​!
01, Aug 2020 , 12:23 pm        
រូបភាព
ដោយ: ថ្មីៗ
​សំណាង និង​សុធីរ ស្គាល់គ្នា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​។ ពួកគេ​ទាំងពីរ​នាក់​ជជែក​គ្នា​មិនចេះ​ធុញ​ពី​រឿង​សង្គម​ដែល​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ មិន​ធុញ​ព្រោះតែ​រឿង​រ៉ាង​ចេះតែ​កើតឡើង​ក្នុង​ទម្រង់​ខុសៗ​គ្នា​។ នៅថ្ងៃនេះ ក្លើ​ទាំងពីរ​នាំគ្នា​និយាយ​ពី​រឿង​ភាពមិន​ចុះសម្រុង​នឹង​គ្នា​រវាង​បុគ្គលិក និង​ថៅកែ​។


 
​សុធីរ​៖ អា សំណាង​!  អញ​លឺ​គេ​និយាយថា មាន​បុគ្គលិក​ជាច្រើន​ចូលចិត្ត​ឲ្យ​យោបល់​ទៅ​ក្រុមការងារ ថៅកែ ឬ​ម្ចាស់​ក្រុមហ៊ុន​ឲ្យ​ធ្វើ​នេះ ឬ​នោះ មិនចេះចប់ មិនចេះហើយ តែ​ខ្លួនឯង​(​បុគ្គលិក​)​មិនសូវ​ចូលរួម​ធ្វើ​សោះ​។ មាន​មែន​ឬទេ​? 
 
​សំណាង​៖ អា សុធីរ​! មាន​ច្រើនណាស់​លោក​ព្រះ ព្រោះ អា​និយាយ​ហ្នឹង​វា​ស្រួល​ជាង​អា​ធ្វើ​។ អា​ធ្វើ​ហ្នឹង​វា​ពិបាក​ណាស់ អ៊ីចឹង​ហើយ​បានជា​មនុស្ស​ចូលចិត្ត​និយាយ​ឲ្យ​យោបល់ តែបើ​ធ្វើ​វិញ មិន​ចង់​ទេ​។ 
 
​សុធីរ​៖ អា សំណាង​! ឲ្យ​យោបល់​ល្អ​តើ​! 
 
​សំណាង​៖ អញ​ដឹង អញ​យល់ថា វា​ល្អ​ហើយ​។ តែ​អ្វីដែល​ល្អ​ជាង​នេះ គឺ​បុគ្គលិក​ដែល​ជួយផ្តល់​យោបល់​ហើយ​ជួយ​ធ្វើ​ទៀត​។ កុំ​ជួយ​ឲ្យ​តែ​យោបល់ តែ​មិន​ធ្វើ ឬ​មិនសូវ​ធ្វើ គឺ​មិនល្អ​ទេ​។ 
 
​សុធីរ​៖ ជាធម្មតា តើ​ម្ចាស់​ក្រុមហ៊ុន ឬ​ថៅកែ ចូលចិត្ត​បុគ្គលិក​របៀប​ណា​? 
 
​សំណាង​៖ ថៅកែ ឬ​ម្ចាស់​ក្រុមហ៊ុន ត្រូវការ​បុគ្គលិក​ដែលមាន​គំនិត​ថ្មីៗ និង​ជួយ​អនុវត្ត​គំនិត​នោះ ពោល គឺ​មិនមែន​មានតែ​គំនិត​ទេ​។ ធ្វើ ឬ​អនុវត្ត​ទើបបាន​ផល​។ ម្យ៉ាងទៀត យ៉ាងហោចណាស់ ក្រុមហ៊ុន​ចង់បាន​តែ​បុគ្គលិក​ណា​ដែល​អាចបំពេញ​កាតព្វកិច្ច​របស់​ខ្លួនឯង​ឲ្យ​បានល្អ​ជាមុនសិន មុននឹង​ជួយ​ឲ្យ​យោបល់​ទៅ​ក្រុមការងារ​ផ្សេងទៀត ឬ​ទៅកាន់​ម្ចាស់​ក្រុមហ៊ុន​។ 
 
​សុធីរ​៖ ចុះ​ថៅកែ ឬ​ម្ចាស់​ក្រុមហ៊ុន មិន​ចូលចិត្ត​បុគ្គលិក​របៀប​យ៉ាងម៉េច​? 
 
​សំណាង​៖ បើតាម​អញ​ដឹង គឺថា ថៅកែ ឬ​ម្ចាស់​ក្រុមហ៊ុន​មិន​ចូលចិត្ត​បុគ្គលិក​ណា​ដែល​តែងតែ​ឲ្យ​យោបល់​ម្ចាស់​ក្រុមហ៊ុន ឬ​ក្រុមការងារ​ផ្សេងទៀត​មិនចេះចប់​មិនចេះហើយ តែ​ការងារ​ខ្លួនឯង ឬ​របស់​ក្រុម​ខ្លួនឯង​មិន​នាំគ្នា​ធ្វើ​ឲ្យ​ល្អ​ឡើយ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com