COVID-19
អន្តរជាតិ
ប្រមុខ​ហុងកុង ប្រកាស​លើក​ពេល​បោះឆ្នោត​សភា​ហុងកុង​ទៅ​ឆ្នាំក្រោយ​
01, Aug 2020 , 8:29 pm        
រូបភាព
លោកស្រីការី ឡាំ ប្រធានប្រតិបត្តិទីក្រុងហុងកុង។ រូបភាព៖ Reuters
លោកស្រីការី ឡាំ ប្រធានប្រតិបត្តិទីក្រុងហុងកុង។ រូបភាព៖ Reuters
​ការបោះឆ្នោត​សភា​ហុងកុង ដែល​គ្រោង​ប្រារព្ធ​នៅ​ថ្ងៃទី​៦ ខែកញ្ញា ខាងមុខនេះ នឹងត្រូវ​លើក​ពេល​ទៅ​ឆ្នាំក្រោយ ដោយសារ​ការកើនឡើង​នៃ​ករណី​ឆ្លង COVID-19 នៅក្នុង​ទីក្រុង​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ប្រធាន​ប្រតិបត្តិ​ហុងកុង លោកស្រី ការី ឡាំ នៅ​ថ្ងៃទី​៣១ ខែកក្កដា ខណៈ​ទីក្រុង​ហុងកុង មាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​កើនឡើង និង​បន្ទាប់ពី​អាជ្ញាធរ ទើបតែ​ហាមឃាត់​បេក្ខជន ដែលមាន​ទំនោរ​ទៅរក​ប្រជាធិបតេយ្យ​ចំនួន ១២​នាក់ មិន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​សភា​ហុងកុង​។


 
​តាមរយៈ​សន្និសីទកាសែត​មួយ លោកស្រី ការី ឡាំ ប្រធាន​ប្រតិបត្តិ​ហុងកុង បាន​អះអាងថា លោកស្រី​ត្រូវតែ​ប្រើ​ច្បាប់​ស្តីពី​ស្ថានភាព​អាសន្ន ដើម្បី​លើក​ពេល​បោះឆ្នោត​។ បើតាម​ការអះអាង​រប​ស់​ប្រមុខ​ដឹកនាំ​ហុងកុង ការប្រើប្រាស់​ច្បាប់​នេះ គឺ​មិនមែនជា​ហេតុផល​ន​យោ​បាន​អ្វី​ទេ ប៉ុន្តែ​ដើម្បី​ការពារ​សុខភាព​របស់​ប្រជាជន​។ 
 
«​យើង​មាន​អ្នកបោះឆ្នោត​ចំនួន ៣​លាន​នាក់ ដែល​នឹង​ចេញទៅ​បោះឆ្នោត​ក្នុង​រយៈពេល ១​ថ្ងៃ​នៅ​ហុងកុង​។ ចំនួន​មនុស្ស​ដ៏​ច្រើន​នេះ អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់ខ្ពស់​នៃ​ការឆ្លង COVID-19»​។ លោកស្រី ការី បាន​ពន្យល់​បែបនេះ ទៅ​អ្នកសារព័ត៌មាន​។ ប្រសិន​គ្មាន​ការប្រែប្រួល​ទេ ការបោះឆ្នោត​សភា​ហុងកុង នឹងត្រូវ​លើក​ពេល​ទៅ​ដាក់​នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២១​។ 
 
​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ទីក្រុង​ហុងកុង បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​COVID-19 លើសពី ១០០​ករណី​ជា​រៀងរាល់ថ្ងៃ​។ នៅ​ថ្ងៃទី​៣១ ខែកក្កដា ហុងកុង​មាន​ករណី​ឆ្លង​ចំនួន ១២១​ករណី និង​អ្នកស្លាប់​ពីរ​នាក់​។ ករណី​សរុប​របស់​COVID-19 នៅ​ហុងកុង មាន​ចំនួន ៣២៧៣​ករណី អ្នក​ស្លាប់មាន ២៧​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១៧៥១​នាក់​។​
 
​យ៉ាងណាក៏ដោយ ការលើក​ពេល​បោះឆ្នោត​សភា​នេះ ត្រូវ​អ្នកនយោបាយ​ហុងកុង​មើលឃើញថា គឺជា​រឿង​នយោបាយ ជាជាង​ជំងឺឆ្លង​សកល COVID-19​។ បើតាម​ការលើកឡើងរ​ប​ស់លោក Avery Ng លេខាធិការ​បក្ស​League of Social Democrats បក្សកុម្មុយនិស្ត​ចិន​បាន​ប្រើប្រាស់​COVID-19 ដើម្បី​បញ្ឈប់​ប្រជាជន​ហុងកុង មិន​ឲ្យ​ទៅ​បោះឆ្នោត​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង​។ មិនតែប៉ុណ្ណោះ ការហាម​ឈរឈ្មោះ​របស់​សកម្មជន​ប្រជា​ធិ​តេ​យ្យ​ចំនួន ១២​នាក់ គឺ​ធ្វើ​ឲ្យ​បក្សកុម្មុយនិស្ត​ចិន អាច​គ្រប់គ្រង​លទ្ធផល​នៃ​ការបោះឆ្នោត​បានតែ​ប៉ុណ្ណោះ​។ 
 
​សូមបញ្ជាក់ថា ទិន្នន័យ​របស់​វិទ្យាស្ថាន​អន្តរជាតិ​នៃ​ជំនួយការ​បោះឆ្នោត និង​លទ្ធ​ប្រជាធិបតេយ្យ បាន​បង្ហាញថា យ៉ាងហោចណាស់ ប្រទេស និង​ដែនដី​ចំនួន ៦៨ បាន​ពន្យារពេល​បោះឆ្នោត ដោយសារតែ COVID-19 ចាប់តាំងពី​ខែកុម្ភៈ​កន្លងមក ខណៈ​ប្រទេស និង​ដែនដី​ចំនួន ៤៩​ផ្សេងទៀត បានសម្រេច​រៀបចំ​ការ​បោះឆ្នោត​៕ 

Tag:
 ហុងកុង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com