ជាតិ
តើ​បុគ្គល​មាន​ទេពកោសល្យ​កម្រិតណា​ទើប​អាច​ក្លាយជា​មរតក​មនុស្សរ​ស់​កម្ពុជា​?
02, Aug 2020 , 9:59 am        
រូបភាព
 រូប​ផ្ដល់​ឱ្យ​ដោយ​ក្រសួង​វប្បធម៌
រូប​ផ្ដល់​ឱ្យ​ដោយ​ក្រសួង​វប្បធម៌
​ភ្នំពេញ​៖ បុគ្គល​ដែល​ត្រូវបានតែងតាំង​ដោយ​ព្រះរាជក្រឹត្យ ឱ្យ​ស្ថិតក្នុង​ប្រព័ន្ធ​មរតក​មនុ​ស្សរស់ ត្រូវតែមាន​ទេពកោសល្យ​ល្អ​ឯក​ផ្ដាច់​គេ លើ​ចំណេះ ជំនាញ និង​បច្ចេកទេស ផ្នែក​បេតិកភណ្ឌ​វប្បធម៌​អរូបី​។ ត្រូវជា​បុគ្គល​ដែលមាន​អត្ត​ចរិតល្អ មាន​សណ្ដាន​ចិត្ត ទូលាយ និង​ស្មោះត្រង់ ក្នុងការ​ចែករំលែក​ចំណេះ ជំនាញ​ដែល​ខ្លួន​មាន ទៅឱ្យ​អ្នកជំនាន់ក្រោយ ដោយ​មិន​លាក់លៀម​។ មរតក​មនុ​ស្សរស់ មាន​ក្រមសីលធម៌​របស់ខ្លួន ដែល​កំណត់ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

 
​ខាងក្រោម​នេះ​គឺជា​ខ្លឹមសារ ដែល​ស្រង់​ចេញពី​ព្រះរាជក្រឹត ស្ដីពី ប្រព័ន្ធ​មរតក​មនុ​ស្សរស់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៖
 
​បុគ្គល​ឬ​ក្រុមមនុស្ស​រូប​ណា​ដែល​ត្រូវបាន​ជ្រើសរើស​ជា មរតក​មនុ​ស្សរស់ ត្រូវមាន​លក្ខណសម្បត្តិ​ដូចជា មានចំណេះដឹង ជំនាញ ទេពកោសល្យ និង​បច្ចេកទេស ស្នាដៃឯក ផ្នែក​បេតិកភណ្ឌ​វប្បធម៌​អរូបី​។ មាន​មនសិការ​ខ្ពស់​ក្នុង​ការចូលរួម​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​វប្បធម៌​អរូបី​។ 
 
​បុគ្គល​នោះ ត្រូវមាន​សមត្ថភាព​ខ្ពស់ និង​ភាពស្មោះត្រង់ ក្នុង​ការផ្ទេរ​ចំណេះដឹង ដោយ​មិន​លាក់លៀម វិជ្ជា​ជិ​វៈ ជំនាញ ទេពកោសល្យ និង​បច្ចេកទេស ទៅ​អ្នកជំនាន់ក្រោយ និង​ហ៊ាន​លះបង់​ដើម្បី​ជំនាញ និង​មាន​សីលធម៌​រស់នៅ​ថ្លៃថ្នូរ​។ 


 រូប​ផ្ដល់​ឱ្យ​ដោយ​ក្រសួង​វប្បធម៌

​មរតក​មនុស្សរ​ស់ត្រូវ​បានជ្រើសរើស និង​ទទួលស្គាល់​ចេញពី​ទម្រង់​ផ្សេងៗ នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ដែលមាន​លក្ខខណ្ឌ​ដូចជា មានតម្លៃ​លេចធ្លោ និង​ជា​សក្ខីភាព​នៃ​ទេពកោសល្យ​ដ៏​ប៉ិនប្រសប់​ក្នុងការ​បង្កើត និង​ការច្នៃប្រឌិត​តាម​ឯកទេស​នីមួយៗ ដែលជា​ឫសគល់​នៃ​ប្រពៃណី និង​វប្បធម៌​របស់​សង្គម​។ 
 
​មរតក​មនុ​ស្សរស់ ត្រូវមាន​ចរិតលក្ខណៈ​បង្ហាញ​តម្លៃ​ឯក នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ក្នុង​តំបន់ និង​សហគមន៍ និង​បង្ហាញ​ពី​សារៈសំខាន់​ដែល​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​នៃ​តំបន់ សម្រាប់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​។ 
 
​លក្ខខណ្ឌ​ទាំងបី​ខាងលើ ត្រូវ​យកមក​ពិចារណា​ដោយ​ផ្ដល់​អាទិភាព នូវ​បញ្ហា​ប្រឈម​មួយចំនួន ដូចជា ប្រឈម​នឹង​ការថយចុះ នៃ​អ្នកមានចំណេះដឹង ជំនាញ ទេពកោសល្យ និង​បច្ចេកទេស ដែល​កំពុង​ទទួលរង​ឥទ្ធិពល​ពល​អវិជ្ជមាន នៃ​សកលភាវូបនីយកម្ម​។ ប្រឈម​នឹង​ការបាត់បង់​នូវ​សារសំខាន់​នៃលក្ខណៈ​ដើម​។ ប្រឈម​នឹង​ការបាត់បង់​នូវ​កិត្យានុភាព​វប្បធម៌​។ 
 
​មរតក​មនុស្សរ​ស់មា​ន​គោរមងារ​ថ្នាក់ជាតិ ដែល​ទទួលស្គាល់​ដោយ​ព្រះរាជក្រឹត្យ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​។ មរតក​មនុ​ស្សរស់ មាន​គ្រឿង​សម្គាល់​របស់ខ្លួន​។ 
 
​ទោះជា​យ៉ាងណា មរតក​មនុស្សរ​ស់មា​ន​កាតព្វកិច្ច​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដូចជា រៀបចំ​ចងក្រង​ឯកសារ​សម្រាប់​បង្ហាត់បង្រៀន ផ្សព្វផ្សាយ ដែល​បម្រើ​ប្រយោជន៍​សង្គមជាតិ​។ ផ្ទេរ​ចំណេះដឹង ជំនាញ ទេពកោសល្យ និង​បច្ចេកទេស​របស់ខ្លួន ដោយ​គ្មាន​លាក់លៀម ដល់​អ្នកជំនាន់ក្រោយ តាមរយៈ​ការបណ្ដុះបណ្ដាល​។ 
 
​ផ្សព្វផ្សាយ​ចំណេះដឹង ជំនាញ ទេពកោសល្យ និង​បច្ចេកទេស​ដែល​ខ្លួន​មាន ឱ្យបាន​ទូលំទូលាយ ដល់​សាធារណជន​ទូទៅ​តាម​គ្រប់​មធ្យោបាយ​។ បន្ត​ថែរក្សា​ឱ្យបាន​គង់វង្ស និង​អភិវឌ្ឍន៍​ចំណេះដឹង ជំនាញ ទេពកោសល្យ និង​បច្ចេកទេស ដែល​សាមីខ្លួន​បានទទួល​កិត្តិយស​។ ទទួល​ភារកិច្ច​ផ្សេងៗ​ទៀត ដែល​គណៈកម្មាធិការ​ម​រតក​មនុ​ស្សរស់ និង​រាជរដ្ឋាភិបាល​ប្រគល់ជូន​។​
​បុគ្គល ឬ​ក្រុមមនុស្ស​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​មរតក​មនុ​ស្សរស់ អាច​រង​ការបដិសេធ​ចោល​នូវ​គោរមងារ និង​ផលប្រយោជន៍​ទាំងអស់នេះ​វិញ ដោយ​មូលហេតុ អនុវត្ត​ពុំបាន​ទៅតាម​កាតព្វកិច្ច ដូច​មានចែង​ក្នុង​មាត្រា​១០ នៃ​ព្រះរាជក្រឹត្យ​នេះ ឬក៏​មរតក​មនុ​ស្សរស់ ប្រព្រឹត្ត​ផ្ទុយ​ពី​សីលធម៌​វិជ្ជាជីវៈ ឬ​ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ពីបទ​មជ្ឈិម ឬ​បទឧក្រិដ្ឋ​ណាមួយ​។ 
 
​ប្រសិនបើ​មរតក​មនុ​ស្សរស់ ទទួលមរណភាព​ក្នុង​កេរ្ដិ៍ឈ្មោះ​ល្អ គោរមងារ​ត្រូវបាន​រក្សា តែ​ប្រាក់ឧបត្ថម្ភ​ជីវភាព​ប្រចាំខែ​ពី​ថវិកាជាតិ​ត្រូវបាន​បញ្ចប់​។ ស្នាដៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​មរតក​ម​នុស្ស​រស់ គឺជា​កម្មសិទ្ធិ​របស់​ម​រតក​មនុ​ស្សរស់ ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់​ស្ដីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​។ ប្រភពធនធាន​ផ្គត់ផ្គង់​ដល់​មរតក​មនុ​ស្សរស់ និង​គណៈកម្មាធិការ​ម​រតក​មនុ​ស្សរស់ បានមកពី​ថវិកាជាតិ​ជា​កញ្ចប់ និង​ថវិកា​ដោយឡែក ក្នុង​ក្របខណ្ឌ​ថវិកា​ប្រចាំឆ្នាំ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​
 
​គណៈកម្មាធិការ​មរតក​មនុស្សរ​ស់មាន​សិទ្ធិ​ទទួល និង​គ្រប់គ្រង​មូលនិធិ ដែល​បានមកពី​ប្រភព​ហិរញ្ញប្បទាន សហប្រតិបត្តិ​ការបរទេស និង​ពី​ប្រភព​ផ្សេងទៀត សម្រាប់​បំពេញការងារ​របស់ខ្លួន ឱ្យមាន​ប្រសិទ្ធភាព​។​
 
​មរតក​មនុស្សរ​ស់ត្រូវ​ទទួលបាន​ផលប្រយោជន៍ និង​លាភការ​ដូចជា ប្រាក់ឧបត្ថម្ភ​ជីវភាព​ប្រចាំខែ ពី​ថវិកាជាតិ​។ បើ​មន្ត្រីរាជការ​ទទួល​ការតែងតាំង ជា​មរតក​មនុ​ស្សរស់ ត្រូវ​ទទួលបាន​ប្រាក់​បំណាច់​ណាមួយ ដែលមាន​ចំនួន​ច្រើនជាង​។ ការឧបត្ថម្ភ​សម្ភារៈ​ថវិកា និង​មធ្យោបាយ​សម្រាប់​បម្រើការ​សិក្សា​ស្រាវជ្រាវ និង​បណ្ដុះបណ្ដាល​។ ផលប្រយោជន៍​និង​លាភការ​របស់​មរតក​មនុស្ស​រស់ ត្រូវ​កំណត់ដោយ​ប្រកាស​រួម​របស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​៕
 

Tag:
 មរតក​មនុ​ស្សរស់​
  សិល្បៈ​
  វប្បធម៌​
  ជំនាញ​
  ទេពកោសល្យ​
 
© រក្សាសិទ្ធិដោយ thmeythmey.com