អន្តរជាតិ
បោះឆ្នោត​មី​យ៉ាន់​ម៉ា​៖ បក្សប្រឆាំង​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ប្រជែង​បក្ស​កាន់អំណាច​លោកស្រី ស៊ូ​ជី​
02, Aug 2020 , 9:29 pm        
រូបភាព
ដោយ:
​គណបក្ស​សហភាព​បង្រួបបង្រួម និង​អភិវឌ្ឍន៍  (USDP) ដែលជា​បក្សប្រឆាំង​ធំ​ជាង​របស់​មី​យ៉ាន់​ម៉ា បានប្រកាស​ពី​ភាព​រួចរាល់​ក្នុង​ការចូលរួម​ប្រកួតប្រជែង​ជាមួយនឹង​បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ក្នុងការ​បោះឆ្នោត​សល​នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។ ម្តងនេះ បក្សប្រឆាំង ប្រកាសថា មិន​ឲ្យ​អ្នកគាំទ្រ​ខ្លួន​ខកចិត្ត​ឡើយ​។​

 
​អ្នកនាំពាក្យ​បក្ស​សហភាព​បង្រួបបង្រួម និ​អភិវឌ្ឍន៍ មី​យ៉ាន់​ម៉ា លោក Thein Tun Oo នៅ​ថ្ងៃទី​៣១ ខែកក្កដា បាន​អះអាងថា បក្ស​របស់លោក គឺជា​បក្សនយោបាយ​តែមួយគត់ ដែលមាន​ធនធាន​ដើម្បី​ជួយ​បេក្ខជន​របស់ខ្លួន​ក្នុង​យុទ្ធនាការ​បោះឆ្នោត​។ ហើយ​បក្ស ក៏មាន​ការរំពឹង​មុតមាំ​ក្នុងការ​ប្រកួតប្រជែង​ជាមួយនឹង​បក្ស​កាន់អំណាច​បច្ចុប្បន្ន​ដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Myanmar Times​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ បាន​បន្តថា បេក្ខជន​របស់​បក្ស​លោក នៅ​មិនទាន់មាន​តួលេខ​ច្បាស់លាស់​នោះទេ ក៏ប៉ុន្តែ​គណបក្ស បាន​បើកចំហរ​ចំពោះ​បេក្ខជន​ទាំងចាស់ និង​ថ្មី ដែលមាន​សមត្ថភាព​ហើយ​អាច​តំណាង​ផលប្រយោជន៍​របស់​ប្រជាជន​ក្នុង​មណ្ឌល​ដែល​ខ្លួន​ឈរឈ្មោះ​បាន​។ លោក សង្កត់ធ្ងន់ថា ពលរដ្ឋ​ដែល​បោះឆ្នោត​ឲ្យ​បេក្ខជន​របស់លោក នឹងមិន​ស្តាយក្រោយ​ឡើយ​។​
 
​ខណៈ​បង្ហាញ​ការខកចិត្ត​ដោយសារតែ​ភាពមិនប្រក្រតី និង​មិន​តម្លាភាព​ក្នុង​យុទ្ធនាការ​បោះឆ្នោត មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​ដដែល ក៏បាន​បង្ហាញ​ពី​សក្តានុពល​មួយ​របស់លោក ដែល​បក្ស​កាន់អំណាច​មិនទាន់​ធ្វើបាន​។ នោះ​គឺ លោក​អះអាងថា បក្ស​លោក នឹង​ផ្តល់​ជួយ​បេក្ខជន​ក្នុងការ​ចំណាយ​លើ​យុទ្ធនាការ​បោះឆ្នោត តាម​ចំនួន ដែល​ច្បាប់​កំណត់​។​
 
​គួរ​រម្លឹក​បន្តិច​ថា បក្ស​សហភាព​បង្រួបបង្រួម និង​អភិវឌ្ឍន៍ គឺជា​អតីត​បក្ស​កាន់អំណាច​មួយ​របស់​មី​យ៉ាន់​ម៉ា​ផងដែរ​។ បក្ស ដែល​ត្រូវបាន​គេ​មើលឃើញថា​បង្កើតឡើង​ក្រោម​ការ​ផ្ចុងផ្តើម​ដោយ​យោធា​នេះ បាន​ដឹកនាំ​រដ្ឋាភិបាល បន្ទាប់ពី​មី​យ៉ាន់​ម៉ា បញ្ចប់​របប​យោធា​ផ្តាច់ការ រហូតដល់​ឆ្នាំ​២០១៥ ដែលជា​ពេល​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោកស្រី​អ៊ុង​សាន ស៊ូ​ជី បានឈ្នះ​ឆ្នោត​ជាមួយនឹង​សំឡេងគាំទ្រ​លើសលុប​។​
 
​សម្រាប់​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា ដែល​គ្រោង​ធ្វើឡើង​នៅ​ខែវិច្ឆិកា​ខាងមុខនេះ បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែលជា​បក្ស​កាន់អំណាច​រដ្ឋាភិបាល​ប​ច្ចុ​ប្បន្ន មិនសូវមាន​ការព្រួយបារម្ភ​ពេក​ទេ​។ ទោះបីជា​បក្ស​នេះ មិនទាន់​បានធ្វើ​អ្វី​សម្រេច​ការសន្យា​ដូចជា​កសាង​សន្តិភាព និង​កែ​រដ្ឋធម្មនុញ្ញ​យោធា​ជាដើម​នោះ បក្ស​នេះ នៅតែ​រំពឹងថា ទទួលបាន​ជោគជ័យ ដ្បិត​ប្រជាជន​មី​យ៉ាន់​ម៉ា មាន​ក្តី​ប្រាថ្នា​ចង់ឃើញ លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​របស់​ប្រទេស​៕ 
 
 

Tag:
 មី​យ៉ាន់​ម៉ា​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com