ជាតិ
​លោក ឃឹម ហ្វី​ណង់ ចង់​ឲ្យ​អ្នក​បន្ទាយស្រី​ក្លាយជា​អ្នកស្រុក​គំរូ​ផ្នែក​បដិសណ្ឋារកិច្ច​
02, Aug 2020 , 9:59 pm        
រូបភាព
​ដោយ​៖ ហ៊ីម អ៊ឹម​រ៉​ន 
 
​ដើម្បី​ត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​ក្នុង​ថ្ងៃ​ឈប់សម្រាក​នា​ខែសីហា​ខាងមុខ រមណីយដ្ឋាន និង​កន្លែង​កម្សាន្ត​មួយចំនួន នឹង​បើក​ឲ្យ​ដំណើការ​ឡើងវិញ ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឃឹម ហ្វី​ណង់ ប្រាប់​សារព័ត៌មាន ThmeyThmey25 តាម​ទូរ​សព្ទ​។​

 
​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី ប្រាប់​ថ្មីៗ​២៥​ដូច្នេះ​ថា​៖ «​យើង​បាន​ស្នើសុំ​ប្រជាពលរដ្ឋ​ឲ្យ​មានគំនិត​បែប​បដិសណ្ឋារកិច្ច បានន័យថា រួសរាយ​រាក់ទាក់ និង​មាន​ភាពស្មោះត្រង់​នៃ​ការផ្ដល់​សេវាកម្ម​របស់​គាត់ ក៏ដូចជា​ការធានាបាន​នូវ​អនាម័យ ដែល​បង្ហាញ​ពី​អត្តចរិត​របស់​អ្នកភូមិ​ទេសចរណ៍​»​។  
 
​ចំពោះ​សេវាកម្ម​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​វិញ ស្រុក​បន្ទាយស្រី​ពុំ​សូវ​មាន​ច្រើន​នៅឡើយ​ទេ​។ ជំនួស​មកវិញ ស្រុក​បន្ទាយស្រី មាន​សេវា​ផ្ទះ​ស្នាក់ (Home Stay) របស់​ប្រជាពលរដ្ឋ ដែល​អាច​ឲ្យ​ភ្ញៀវ​សម្រាក​បាន​។ លោក ឃឹម ហ្វី​ណង់ បានបញ្ជាក់​បន្ថែមថា រាល់​តំបន់​ទេសចរណ៍​នីមួយៗ រដ្ឋបាល​ស្រុក​បានរៀបចំ​ឲ្យ​មាន​បន្ទប់ទឹក ការគ្រប់គ្រង​សំរាម និង​ចំណត់​ថ​យន្ត​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​។​
 
«​បើទោះបី​ជាមាន​បញ្ហា​កូ​វីដ​-១៩ ក្ដី ខ្ញុំ​សង្ឃឹមថា ស្រុក​បន្ទាយស្រី នឹងមាន​ភ្ញៀវទេសចរ​យ៉ាងហោចណាស់ ៤ ទៅ ៥​ម៉ឺន​នាក់មក​កម្សាន្ត​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឃឹម ហ្វី​ណង់ ដោយ​បន្ថែមថា លោក​បាន​ជួបប្រជុំ​ជាមួយ​តំណាង​សហគមន៍​ទេសចរណ៍​ទាំងអស់ ដើម្បី​ពង្រឹង​ការអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​បទបញ្ជា​របស់​ក្រសួងសុខាភិបាល ដើម្បី​ធានា​ពី​បញ្ហា​កើតឡើង​ជាយថាហេតុ​ណាមួយ​។​
 
​អភិបាលស្រុក​បន្ទាយស្រី​រូបនេះ បានលើកឡើង ស្រុក​បន្ទាយស្រី នឹងមិន​មានការ​រៀប​ចំ​ព្រឹត្តិការណ៍​អ្វី​ធំ​ទេ​។ ប៉ុន្តែ ភូមិ​ព្រះ​ដាក ដែលជា​ភូមិ​គំរូ នឹងមាន​ការតុបតែង​លម្អ​តាម​ដងផ្លូវ និង​ការលក់ដូរ ម្ហូ​ម​អាហារ និង សម្ភារៈ​សិប្បកម្ម​របស់​អ្នកស្រុក​ជាដើម​។ នៅ​ភូមិ​ព្រះ​ដាក គឺជា​ភូមិ​គំរូ​របស់​ស្រុក​បន្ទាយស្រី គឺ​គេ​តែ​ល្បី​រឿង​នំ​បញ្ចុក​ស្រាប់​។ 
 
​លោក ហ្វី​ណង់ បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​បាន​ជួប​ជាមួយ​អ្នកភូមិ​ទាំងមូល​តែម្ដង​។ អ៊ីចឹង កំណាត់​ផ្លូវ​នៅក្នុង​ភូមិ​ដែល​យើង​គិតថា​ជា​ភូមិ​គំរូ​នេះ យើង​នឹង​ជំរុញ​ឲ្យ​ប្រជាជន​នៅក្នុង​ភូមិ ចេញមក​លក់ដូរ​នៅតាម​កំណាត់​ផ្លូវ​នេះ​តែម្ដង​។ ដោយ​ផ្ទះ​នីមួយៗ គាត់​លក់​តាម​លទ្ធភាព​របស់គាត់ អ្នកខ្លះ​គាត់​លក់​នំ​បញ្ចុក អ្នកខ្លះ​គេ​លក់​មាន់​អាំង កង្កែបបោក ហើយ​មាន​របស់​ជា​កសិផល និង​សិប្បកម្ម​មួយចំនួន​របស់គាត់​ថែមទៀត​»​។​
 
​សូមបញ្ជាក់ថា បន្ទាយស្រី ជា​ស្រុក​មួយ​នៅ​ខេត្តសៀមរាប ដែល​សម្បូរ​ទៅដោយ​សក្ដានុពល​ទេសចរណ៍ ទាំង​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ទេសចរណ៍​ជនបទ ដូចជា ភូមិ​ព្រះ​ដាក រមណីយដ្ឋាន​បឹង​ឈូក និង​ផ្ទះ​ស្នាក់​បៃតង​នៅ​បឹង​ដូន​រីក​ជាដើម​៕
 
​ព័ត៌មាន​ថ្មីៗ​២៥៖ https://thmeythmey25.com/detail/88332

© រក្សាសិទ្ធិដោយ thmeythmey.com