COVID-19
ជាតិ
COVID-19៖ កម្ពុជា​រឹតត្បិត​ការចេញចូល​ជាមួយ​វៀតណាម​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជា​សហគមន៍​
02, Aug 2020 , 4:59 pm        
រូបភាព
សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង និង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង និង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ដោយ:
​ភ្នំពេញ​៖ ក្នុង​លិខិត​ដាច់ដោយឡែក​ពីគ្នា កាលពី​ថ្ងៃទី​៣១ ខែកក្កដា សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​ណែ​នាំទៅ​អភិបាល​រាជធានី​-​ខេត្ត ឲ្យ​បង្កើន​សកម្មភាព​ត្រួតពិនិត្យ​ការចេញចូល​នៅ​ច្រកព្រំដែន​ជាមួយ​វៀតណាម ក្រោយ​ប្រទេសជិតខាង​មួយ​នេះ រីក​រាលដាល​ឆ្លង​កូ​វីដ​-១៩​ជា​សហគមន៍ ដែល​ចេញពី​ខេត្ត​ដា​ណា​ង​។​

 
​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ណែ​នាំទៅ​អភិបាលខេត្ត ជាពិសេស​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​វៀតណាម​ឲ្យ​ពង្រឹង​ការគ្រប់គ្រង ត្រួតពិនិត្យ​នៅ​រាល់​មធ្យោបាយ​ដឹកជញ្ជូន និង​អ្នក​ដែល​ធ្វើដំណើរ​តាម​ជ្រកព្រំដែន​កម្ពុជា​-​វៀតណាម​។ លើសពីនេះ សម្តេច​ក៏​ជំ​រុញឱ្យ​មន្ត្រី​នៅតាម​មូលដ្ឋាន​បន្ត​ណែនាំ និង​ផ្សព្វផ្សាយ​អំពី​ជំងឺ​-១៩ ដល់​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ដែល​រស់​នៅជាប់​ព្រំដែន​។​
 
​ជាមួយគ្នានេះ លោក ម៉ម ប៊ុនហេង បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់​នៅតាម​បណ្ដា​ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​អាច​ផ្អាក ឬ​ពន្យា​ពេលធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម ជាពិសេស​នៅ​តំបន់​ដែល​កំពុង​មានការ​រាតត្បាត​នូវ​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​សហគមន៍ ប្រសិនបើ​ពុំមាន​ការចាំបាច់​។ 
 
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩  ក្រើនរំឭក​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​បណ្ដា​ខេត្ត​ដែល​នៅជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​ដូចជា ខេត្តកំពត ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី តាកែវ និង​រតនគិរី ត្រូវ​បង្កើន​សកម្មភាព​ត្រួតពិនិត្យ​លើ​អ្នកដំណើរ​ចេញ​-​ចូល តាម​ច្រកព្រំដែន​ឱ្យបាន​ម៉ដ្ឋ​ចត់ និង​ធ្វើតេស្តរ​កកូ​វីដ​-១៩ សម្រាប់​សិស្ស និស្សិត និង​អ្នក​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​វៀតណាម​។​
 
​វៀតណាម​បានប្រកាស​ពី​ការឆ្លង​កូ​វីដ​-១៩​នៅក្នុង​សហគមន៍ ដែល​បាន​កើតឡើង​នៅ​ទីក្រុង​ដា​ណា​ង និង​បាន​រាលដាល​ដល់​ភាគ​កណ្ដាល​នៃ​ប្រទេស គឺ​ទីក្រុង​ហាណូយ និង​ហូជីមិញ​។ បើ​គិត​ត្រឹម​ថ្ងៃអាទិត្យ ទី​២ ខែសីហា ឆ្នាំ​២០២០​នេះ វៀតណាម​មាន​អ្នក​ឆ្លង​កូ​វីដ​-១៩​សរុប​ចំនួន​៥៩០​ករណី ដោយមាន​អ្នកស្លាប់​ចំនួន​៥​នាក់ និង​សះស្បើយ​៣៧៣​នាក់ ៕

© រក្សាសិទ្ធិដោយ thmeythmey.com