ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! កត្តា​អ្វីខ្លះ​បង្កបញ្ហា​ធុំក្លិន​ខ្លួន​?
04, Aug 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា បញ្ហា​ធុំក្លិន​ខ្លួន​អាច​បណ្ដាលមកពី​កត្តា​អ្វីខ្លះ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​កត្តា​ទាំងនោះ ៖

 
១. អាហារ​មាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​ទាប​
 
​ការទទួល​ទាន​របប​អាហារ​មាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​ទាប គឺ​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់ ប៉ុន្តែ​វា​ក៏​អាច​បណ្ដាលឱ្យ​អ្នក​ធុំក្លិន​ខ្លួន​។ នេះ​ក៏​ព្រោះតែ​ការកើនឡើង​នូវ​ប្រូតេអ៊ីន និង​កង្វះ​កាបូ​អ៊ី​ដ្រា​ត​នាំឱ្យ​រាងកាយ​បញ្ចេញ​សារធាតុ ketones ទៅក្នុង​លំហូរ​ឈាម​។ ជា​លទ្ធផល​នៃ​បញ្ហា​ធុំក្លិន​ខ្លួន ហើយ​ទឹកនោម​មាន​ក្លិនឆ្អេះ​ខ្លាំង​។​
 
២. ភាព​ស្ត្រេ​ស​
 
​ញើស​ដែលមាន​ក្លិន​មិនល្អ​ជាងគេ​បំផុត​នោះ គឺ​ញើស​ដែល​កើតចេញពី​ភាព​តានតឹង​ក្នុង​អារម្មណ៍​។ ញើស​នេះ​បញ្ចេញ​ដោយ​ក្រពេញ Apocrine​។​
 
៣. ការទទួល​ទាន​សាច់​ក្រហម​ច្រើន​
 
​អាស៊ីត​អា​មី​ណូ​នៅក្នុង​សាច់​ក្រហម​បន្សល់ទុក​កាកសំណល់​ក្នុង​ពោះវៀន​កំឡុងពេល​រំលាយ​អាហារ​ដែល​បញ្ចេញ​ក្លិន​មិនល្អ​។ អង់ស៊ីម​ពោះវៀន​បំបែក​កាក​សណល់​ទាំងនោះ​ដែល​បន្ទាប់មក​លា​យ​ជាមួយ​ពពួក​បាក់តេរី​លើ​ស្បែក​កំឡុងពេល​បែកញើស ហើយ​បង្ក​ក្លិន​ខ្លួន​មិនល្អ​។ ក្លិន​ខ្លួន​របស់​អ្នក​អាច​នឹង​ប្រែជា​មិនល្អ​កំឡុងពេល ២ ម៉ោង​ក្រោយ​ទទួលទាន​សាច់​ក្រហម​។ ក្លិន​ញើស ឬ​ក្លិន​ខ្លួន​មិនល្អ​ព្រោះ​ការទទួល​ទាន​សាច់​ក្រហម​អាច​ត្រូវបាន​ទៅវិញ​កំឡុងពេល ២ ទៅ ៣ ម៉ោង ឬ​យូរ​រហូតដល់ ២ សប្តាហ៍​។​
 
៤. ការ​ទទួលទាន​កាហ្វេ​អ៊ី​ន​និង​គ្រឿង​ស្រវឹង​ច្រើនពេក​
 
​ការទទួល​ទាន​គ្រឿង​ស្រវឹង​និង​កាហ្វេ​អ៊ី​ន​លើស​កម្រិត​អាចជា​មូលហេតុ​ចម្បង​នៃ​បញ្ហា​ក្លិន​ខ្លួន​មិនល្អ​គួរឱ្យកត់សម្គាល់​។​
 
៥. ការទទួល​ទាន​អាហារ​កែច្នៃ​
 
​ជាតិ​ស្ករ​ចម្រាញ់​ដែលមាន​ផ្ទុក​ក្នុង​អាហារ​កែច្នៃ​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ហើយ​ជាតិ​ស្ករ​ដែលមាន​ក្នុង​ឈាម​ក្រោយ​ទទួលទាន​អាហារ​កែច្នៃ​រួច​ជះឥទ្ធិពល​លើ​ការ​បែកញើស​ចំពោះ​មនុស្ស​មួយចំនួន ហើយ​នៅពេល​វា​រួមបញ្ចូល​គ្នា​ជាមួយ​បាក់តេរី​លើ​ស្បែក​នោះ​នឹង​បង្កបញ្ហា​ក្លិន​ខ្លួន​មិនល្អ​។ អាហារ​កែច្នៃ​ក៏​ខ្វះ​នូវ​សារធាតុ​ក្លរ៉ូភីល​ដែលជា​សារធាតុ​ជួយ​បំបាត់​ក្លិន​ខ្លួន​មិនល្អ និង​សម្អាត​ក្នុង​រាងកាយ​ផងដែរ​។ បញ្ហា​ក្លិន​ខ្លួន​បណ្ដាលមកពី​ការទទួល​ទាន​អាហារ​កែច្នៃ​នឹង​បាត់​ទៅវិញ​ក្នុង​រយៈពេល ១ សប្តាហ៍​ក្រោយ​។ ទោះជា​យ៉ាងណា អ្នក​គួរ​កាត់បន្ថយ​ការទទួល​ទាន​អាហារ​កែច្នៃ​មិនត្រូវ​ទទួលទាន​ជាប់​ជាប្រចាំ​ឡើយ​។​
 
៦. ការទទួល​ទាន​បន្លែ​ប្រភេទ Cruciferous
 
​បន្លែ​ប្រភេទ​នេះ​មាន​ផ្ទុក​ជាតិ​ស្ពាន់ធ័រ​ដែល​រាងកាយ​បំបែក​ទៅជា​សមាសធាតុ​ដែល​ស្រដៀង​គ្នា​ទៅនឹង​សមាសធាតុ​ដែល​ទទួលខុសត្រូវ​ចំពោះ​ក្លិន​ខ្លួន​មិនល្អ​។ លើសពីនេះទៅទៀត​ផ្កា​ខាត់ណា​ក៏មាន​ផ្ទុក​នូវ​សារធាតុ choline ដែលជា​សារធាតុចិញ្ចឹម​ប្រភេទ​វីតាមីន B ដែល​អាច​បណ្ដាលឱ្យ​ធុំក្លិន​ខ្លួន​។ ភាគច្រើន​ក្លិន​ខ្លួន​នឹង​ប្រែជា​មិនល្អ​រយៈពេល ១ ម៉ោង​ក្រោយ​ទទួលទាន​បន្លែ​ប្រភេទ​នេះ ហើយនឹង​ប្រែជា​ធម្មតា​វិញ​នៅ​រយៈពេល ៦ ម៉ោង​។ ទោះជា​យ៉ាងណា​មិនមែន​មានន័យថា​អ្នក​គួរ​ឈប់​ទទួលទាន​បន្លែ​ទាំងនេះ​តែម្ដង​ឡើយ គឺ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ចូរ​លាង​សម្អាត​បន្លែ​ទាំងនេះ​ជាមួយ​អំបិល​មួយ​ចិ​ប​សិន​។ ការធ្វើ​បែបនេះ​អាចជួយ​កម្ចាត់​សារធាតុ​បង្ក​ក្លិន​ខ្លួន​មិនល្អ ខណៈដែល​រក្សា​សមាសធាតុ​មាន​ប្រយោជន៍​។​
 
៧. អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​
 
​ជំងឺ​ទឹកនោមផ្អែម​ក៏​អាច​បណ្ដាលឱ្យ​អ្នក​ធុំក្លិន​ខ្លួន​ផងដែរ​។ នៅពេល​គ្មាន​អាំង​ស៊ុយ​លីន​គ្រប់គ្រាន់ រាងកាយ​នឹង​បំបែក​ខ្លាញ់​ដែលជា​លទ្ធផល​នៃ​ការប្រមូលផ្ដុំ​នូវ​សារធាតុ ketones ក្នុង​រាងកាយ​នាំឱ្យ​ក្លិន​ខ្លួន​ប្រែប្រួល​។​
 
៨. អ្នក​ទល់លាមក​
 
​ករណី​ទល់លាមក​ធ្ងន់ធ្ងរ ជាតិពុល​ដែល​បញ្ចេញ​ដោយ​ប្រព័ន្ធ​រំលាយ​អាហារ​អាច​នឹង​ជ្រាបចូល​ក្នុង​រន្ធ​ញើស​ដែលនាំឱ្យ​អ្នកមាន​ក្លិន​ខ្លួន​មិនល្អ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ស​សៃ​និង​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com