COVID-19
អន្តរជាតិ
មនុស្ស​យ៉ាងតិច​៤០​នាក់ ឆ្លង COVID-19 លើ​នាវា​ទេសចរណ៍​ពីរ​គ្រឿង​នៅ​ន័​រ​វែ​ស​
03, Aug 2020 , 10:58 am        
រូបភាព
នាវាទេសចរណ៍ MS Roald Amundsen ចតនៅកំពង់ផែ Tromsoe កាលពីថ្ងៃទី ៣១ ខែកក្កដ ឆ្នាំ២០២០ (AFP)
នាវាទេសចរណ៍ MS Roald Amundsen ចតនៅកំពង់ផែ Tromsoe កាលពីថ្ងៃទី ៣១ ខែកក្កដ ឆ្នាំ២០២០ (AFP)
ដោយ:
​យ៉ាងហោចណាស់​អ្នកដំណើរ​និង​បុគ្គលិក​បម្រើការ​ចំនួន​៤០​នាក់​នៅលើ​នាវា​ទេសចរណ៍​ពីរ​គ្រឿង​នៅ​ន័​រ​វែ​ស ត្រូវបាន​រកឃើញថា​ឆ្លង​ជំងឺ COVID-19 ។ អាជ្ញាធរ​សុខាភិបាល​ប្រទេស ន័​រ​វែ​ស បញ្ជាក់​បែបនេះ នៅ​ថ្ងៃទី ២ ខែសីហា ។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល អ្នកដំណើរ​១៧៨​នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​នាវា​មួយគ្រឿង មុនពេល​ករណី​ឆ្លង​ទី​១​ត្រូវបាន​រកឃើញ​។​

 
​កាលពី​ថ្ងៃទី​៣១ ខែកក្កដា បុគ្គលិក​បម្រើ​លើ​នាវា​ទេសចរណ៍ MS Roald Amundsen ចំនួន ៤​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ នៅពេល​នាវា​បាន​ទៅដល់​កំពង់ផែ Tromsoe ហើយ​ក្រោយមក​អ្នក​ទាំង​បួន​មាន​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19 ។ លទ្ធផល​តេស្ត ក៏បាន​បង្ហាញថា បុគ្គលិក​៣២​នាក់​ផ្សេងទៀត​ក្នុងចំណោម​បុគ្គលិក​បម្រើ​លើ​នាវា​ទេសចរណ៍​សរុប​១៥៨​នាក់ ក៏​ត្រូវបាន​រកឃើញថា ឆ្លង​ផងដែរ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ តួលេខ​ឆ្លង COVID-19 លើ​នាវា​នេះ​មាន​ចំនួន​៣៦​នាក់​។​
 
​ខណៈ​បុគ្គលិក​ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​លើ​នាវា អ្នកដំណើរ​១៧៨​នាក់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​នាវា មុនពេល​ករណី​ឆ្លង​ទី​១ ត្រូវបាន​រកឃើញ​។ ភាព​ធ្វេសប្រហែស​នេះ​បង្ក​ឲ្យ​អាជ្ញាធរ​ន័​រ​វែ​ស​ញាប់ដៃ​ញាប់ជើង​បើក​ប្រតិបត្តិ​ការតាមរក​ពួកគេ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល COVID-19 ។​
 
​ជាមួយគ្នានេះ អ្នកដំណើរ​៤​នាក់​ទៀត​ដែល​ធ្វើដំណើរ​លើ​នាវា​កម្សាន្ត​មួយគ្រឿង​ទៀត​ដែល​ចេញដំណើរ​តាំងពី​ថ្ងៃទី ១៧ ខែកក្កដា​មក ក៏​ត្រូវបាន​រកឃើញថា​មាន​ផ្ទុក​ជំងឺ COVID-19 ។ វិទ្យាស្ថាន​សុខភាព​សាធារណៈ​ន័​រ​វែ​ស (FHI) អះអាង​បែបនេះ  ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ បូក​បញ្ចូល​ករណី​ឆ្លង​លើ​នាវា​ទាំងពីរ ករណី COVID-19 មាន​៤០​នាក់​ហើយ​។ 
 
«​យើង​រំពឹងថា ករណី​ឆ្លង​ច្រើន​ថែមទៀត នឹងត្រូវ​បាន​រកឃើញ​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​រាលដាល​នេះ​»​។ អគ្គនាយក FHI លោក Line Vold និយាយ​ដូច្នេះ​នៅ​ថ្ងៃទី​២ ខែសីហា ដោយ​បន្ថែមថា អ្នកដំណើរ​ទាំងអស់​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​។ 
 
​ក្រុមហ៊ុន Hurtigruten line ដែលជា​ម្ចាស់​នាវា​ទេសចរណ៍ MS Roald Amundsen ក៏ដូចជា​នាវា​ទេសចរណ៍​១៥​គ្រឿង​ផ្សេងទៀត បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​ដែល​វិល​ត្រលប់​ទៅ​បើក​ដំណើរ​កម្សាន្ត​តាម​សមុទ្រ​ឡើងវិញ​កាលពី​ពាក់កណ្ដាល​ខែមិថុនា​កន្ល​ង​ទៅ ក្រោយ​ផ្អាក​៣​ខែ​ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19 ។​
 
​ចាប់តាំងពី​ផ្ដើម​ផ្ទុះ COVID-19 កាលពីដើមឆ្នាំ​២០២០ អ្នកដំណើរ​រាប់ពាន់នាក់ បាន​ជាប់គាំង​លើ​នាវា​ទេសចរណ៍​ក្នុង​សមុទ្រ អាស៊ី សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃទៀត ដែល​ធ្វើ​ឲ្យ​ប្រតិបត្តិ​ករ​លុបចោល​ការធ្វើដំណើ​រ​តាម​សមុទ្រ​៕
 
 

Tag:
 ន័​រ​វែ​ស​
  COVID-19
  MS Roald Amundsen
  នាវា​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com