កម្ពុជា សម្រេចប្រើផែនទីថ្មីខ្នាត ១/២៥ ០០០ ជាមួយវៀតណាម
ជាតិ
ព្រំដែន
កម្ពុជា សម្រេចប្រើផែនទីថ្មីខ្នាត ១/២៥ ០០០ ជាមួយវៀតណាម
03, Aug 2020 , 1:06 pm        
រូបភាព
អ្នកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា និង លោក ហ៊្វូង ថេឡុង អនុប្រធានគណៈកម្មការព្រំដែនរដ្ឋនៃក្រសួងការបរទេសវៀតណាម ចុះហត្ថលេខាលើឯកសារផែនទីថ្មីខ្នាត ១/២៥ ០០០ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកប៉ៃ ខេត្តតៃនិញ ប្រទេសវៀតណាម កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ឈរពីក្រោយអ្នកស្រី កុយ ពិសី ហើយខាងឆ្វេងដៃលោក វ៉ា គឹមហុង គឺលោក ឡេ ហួយទ្រុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនវៀតណាម។ (រូបពីគណនីហ្វេសប៊ុក Koy Pisey)
អ្នកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា និង លោក ហ៊្វូង ថេឡុង អនុប្រធានគណៈកម្មការព្រំដែនរដ្ឋនៃក្រសួងការបរទេសវៀតណាម ចុះហត្ថលេខាលើឯកសារផែនទីថ្មីខ្នាត ១/២៥ ០០០ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកប៉ៃ ខេត្តតៃនិញ ប្រទេសវៀតណាម កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ឈរពីក្រោយអ្នកស្រី កុយ ពិសី ហើយខាងឆ្វេងដៃលោក វ៉ា គឹមហុង គឺលោក ឡេ ហួយទ្រុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនវៀតណាម។ (រូបពីគណនីហ្វេសប៊ុក Koy Pisey)
កម្ពុជា-វៀតណាម សម្រេចប្រើប្រាស់រួមគ្នានូវផែនទីថ្មី ហៅថា ផែនទីលេខាព្រំដែន ខ្នាត ១/២៥ ០០០។ ផែនទីខ្នាត ១/២៥ ០០០ គឺជាផែនទីស្តីពីព្រំដែនកម្ពុជា-វៀតណាម។



ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ អាចចាត់ទុកជាថ្ងៃប្រវត្តិសាស្រ្តថ្មីមួយ ដោយលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចព្រំដែនកម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅជួបលោក ឡេ ហួយទ្រុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកប៉ៃ ខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីចុះហត្ថលេខាលើឯកសារផែនទី ដែលមានមាត្រាដ្ឋានឬខ្នាត ១/២៥ ០០០។

ខាងភាគីកម្ពុជា អ្នកដែលចុះហត្ថលេខា គឺអ្នកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ហើយភាគីវៀតណាម គឺលោក ហ្វូ៊ង ថេឡុង អនុប្រធានគណៈកម្មការព្រំដែនរដ្ឋនៃក្រសួងការបរទេសវៀតណាម ជាអ្នកចុះហត្ថលេខា។

ឯកសារឬសៀវភៅផែនទីខ្នាត ១/២៥ ០០០ ត្រូវបានបោះពុម្ព៥០០ច្បាប់។ ២៥០ច្បាប់ ជាភាសាខ្មែរ-វៀតណាម ត្រូវយកមកតម្កល់ទុកនៅកម្ពុជា រីឯ២៥០ច្បាប់ទៀត ជាភាសាវៀតណាម-ខ្មែរ ត្រូវយកទៅតម្កល់ទុកនៅវៀតណាម។

បច្ចុប្បន្ន កម្ពុជា-វៀតណាម បានធ្វើខណ្ឌសីមានិងបោះបង្គោលព្រំដែនជាមួយគ្នា បាន៨៤ភាគរយហើយ ហើយផែនទីខ្នាត ១/២៥ ០០០ គឺជាផែនទី ដែលបង្ហាញពីការកំណត់ខណ្ឌសីមានិងការបោះបង្គោលព្រំដែន៨៤ភាគរយនេះឯង។ កម្ពុជា-វៀតណាម ប្តេជ្ញាចិត្តទាំងអស់គ្នា ថានឹងពន្លឿនឲ្យឆាប់ចប់លើការបោះបង្គោលព្រំដែន១៦ភាគរយទៀត ដែលនៅសល់។

លោក អ៊ុំ សំអាន ប្រធានគណៈកម្មការព្រំដែននៃអតីតគណបក្សប្រឆាំង ហៅផែនទីខ្នាត ១/២៥ ០០០ ថាជាផែនទីថ្មីសន្លាង ដែលវៀតណាមគូសឲ្យកម្ពុជា។ លោក បានដឹងព័ត៌មានថា ផែនទីខ្នាត ១/២៥ ០០០ ត្រូវបានបោះពុម្ពដោយក្រុមហ៊ុននៅប្រទេសដាណឺម៉ាក តាមសំណើរបស់កម្ពុជា-វៀតណាម។

លោក អ៊ុំ សំអាន អតីតអ្នកតំណាងរាស្រ្តនៃក្រុមប្រឆាំង ដែលគេចាត់ទុកជាមនុស្សម្នាក់មានជំនាញផ្នែកព្រំដែន បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បង្ហាញផែនទីខ្នាត ១/២៥ ០០០ ជាសាធារណៈ ដើម្បីឲ្យប្រជាជនខ្មែរ បានមើលនិងបានដឹង។ លើសពីនេះ លោក បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ផ្ទៀងផ្ទាត់ផែនទីខ្នាត ១/២៥ ០០០ ជាមួយផែនទីបោនខ្នាត ១/១០០ ០០០ របស់បារាំង ដើម្បីដឹងថា មានភាពខុសគ្នាឬយ៉ាងណា។

លោក អ៊ុំ សំអាន ដែលធ្លាប់ជាប់ពន្ធនាគារជិត២ឆ្នាំកន្លះ ដោយសារតែការនិយាយពីរឿងព្រំដែន បានបង្ហោះសារទាំងនៅលើគណនី និងនៅលើទំព័រហ្វេសប៊ុករបស់លោក ពីក្រៅប្រទេស យ៉ាងដូច្នេះថា៖«ផែនទីខ្នាត ១/២៥ ០០០ បោះពុម្ពុថ្មីនេះ បើបង្ហាញជាសាធារណៈ យើងនឹងរកឃើញចំណុចណាខ្លះ ដែលបាត់បង់ដីខ្មែរទៅវៀតណាម ហើយចំណុចណាខ្លះខុសពីផែនទីបោនខ្នាត ១/១០០ ០០០ របស់បារាំង»។

លោក បន្តថា រដ្ឋាភិបាលកម្ពុជា គ្រោងយកផែនទីថ្មីខ្នាត ១/២៥ ០០០ នេះ ទៅតម្កល់នៅអង្គការសហប្រជាជាតិ ដើម្បីជំនួសផែនទីបោនខ្នាត ១/១០០ ០០០ របស់បារាំង។

១/១០០ ០០០ គឺប្រវែង១សង់ទីម៉ែត្រ លើផែនទី ស្មើនឹង១០០ ០០០ សង់ទីម៉ែត្រ ឬស្មើនឹង១០០០ម៉ែត្រ ឬស្មើនឹង១គីឡូម៉ែត្រ នៅលើដី។ ១/២៥ ០០០ គឺប្រវែង១សង់ទីម៉ែត្រ លើផែនទី ស្មើនឹង២៥ ០០០ សង់ទីម៉ែត្រ ឬ២៥០ម៉ែត្រ នៅលើដី។

បើមាត្រដ្ឋានឬខ្នាត មានតួលេខកាន់តែធំ គឺផែនទីកាន់តែតូច ហើយបើមាត្រដ្ឋានឬខ្នាត មានតួលេខកាន់តែតូច គឺផែនទីកាន់តែធំ។ ជាក់ស្តែង ផែនទីបោនខ្នាត ១/១០០ ០០០ គឺមានទំហំតូចជាងផែនទីថ្មីខ្នាត ១/២៥ ០០០។​

លោក វ៉ា គឹមហុង ប្រធាគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា បដិសេធមិនធ្វើអត្ថាធិប្បាយជាមួយសារព័ត៌តមានថ្មីៗ ដោយលោក រុញឲ្យទៅមើលសំណេររបស់អ្នកស្រី កុយ ពិសី ដែលបានបកស្រាយលើបណ្តាញសង្គម។

ហេតុអ្វីយើង សម្រេចប្រើផែនទីថ្មីខា្នត ១/២៥ ០០០ ជាមួយវៀតណាម? លោក វ៉ា គឹមហុង មិនឆ្លើយនឹងសំណួរនេះឡើយ ដោយលោក ប្រាប់ថា គ្មានពេលមកបរិយាយនោះទេ។ ម្យ៉ាងទៀត លោក ផ្តល់ហេតុផលថា ដើម្បីអាចអាចយល់គ្នាបានពីរឿងព្រំដែនឬរឿងផែនទីនេះ លុះត្រាតែទៅជួបអ្នកជំនាញផ្នែកព្រំដែនផ្ទាល់។ លោក មានប្រសាសន៍ថា៖«បើចង់ស្រាវជ្រាវ ទាល់តែយើង យកសំណួរមកសួរពួកអ្នកជំនាញ គេបញ្ជាក់បន្ថែម អាហ្នឹងបានបាន»។

តាមរយៈគណនីនិងទំព័រហ្វេសប៊ុក អ្នកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ហៅផែនទីខ្នាត ១/២៥ ០០០ ថាជាផែនទីសម័យទំនើប។ អ្នកស្រី សរសេរថា ផែនទីខ្នាត ១/២៥ ០០០ បានបង្ហាញពេញលេញពីលទ្ធផលនៃខណ្ឌសីមា និងការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម ដែលសម្រេចបានប្រមាណជា៨៤ភាគរយ។

អ្នកស្រី អះអាងដូច្នេះថា៖«ផែនទីនេះ ជាផែនទីទំនើបសម័យឌីជីថល ៤.០ ដែលបង្ហាញយ៉ាងច្បាស់លាស់ [ពី] ខ្សែព្រំដែន បង្គោលព្រំដែន និង ស្ថានភាពភូមិសាស្រ្ត នៅលើដីជាក់ស្តែងបានយ៉ាងជាក់លាក់ ងាយស្រួលក្នុងការប្រើប្រាស់ មិនដូចផែនទីបោនខ្នាត ១/១០០ ០០០ នោះទេ»។

សារព័ត៌មានថ្មីៗ ព្យាយាមទាក់ទងទៅអ្នកស្រីម្តងជាពីរដងដែរ ដើម្បីសុំឲ្យអ្នកស្រី ពន្យល់បន្ថែមពីមូលហេតុនៃការសម្រេចចិត្តប្រើផែនទីខ្នាត ១/២៥ ០០០ នេះ តែអ្នកស្រី មិនទទួលទូរស័ព្ទ។

មជ្ឈដ្ឋានខ្លះ ជាពិសេសក្រុមអ្នកប្រឆាំង បង្ហាញការបារម្ភថា ការប្តូរពីការប្រើផែនទីបោនខ្នាត ១/១០០ ០០០ ដែលបារាំងគូសឲ្យ មកប្រើផែនទីប្រភេទផ្សេង អាចធ្វើឲ្យកម្ពុជា បាត់បង់ទឹកដីនៅតាមព្រំដែន ឬក៏អាចនិយាយថា វៀតណាម ចំណេញដីពីកម្ពុជា។ ប៉ុន្តែ គណៈកម្មាធិការចម្រុះកិច្ចព្រំដែនកម្ពុជា ប្រកាសម្តងហើយម្តងទៀតថា ការធ្វើខណ្ឌសីមានិងការបោះបង្គោលព្រំដែនជាមួយវៀតណាម ពុំបានធ្វើឲ្យកម្ពុជា បាត់បង់ទឹកដីនោះទេ។

មាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា បូរណភាពទឹកដីកម្ពុជា មិនអាចរំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០ ០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះ ឆ្នាំ១៩៦៣-១៩៦៩។ គេ អាចចោទជាសំណួរថា តើការប្រើផែនទីផ្សេង អាចផ្ទុយពីរដ្ឋធម្មនុញ្ញដែរឬទេ ខណៈមាត្រា២នៃរដ្ឋធម្មនុញ្ញ ដែលកំណត់ឲ្យប្រើផែនទីបោតខ្នាត ១/១០០ ០០០ មិនទាន់ត្រូវបានធ្វើវិសោធនកម្ម?

Tag:
 កម្ពុជា-វៀតណាម
  ព្រំដែន
  ផែនទី ១/២៥ ០០០
© រក្សាសិទ្ធិដោយ thmeythmey.com