កីឡាជាតិ
ជាតិ
លោក ស សុខា ជំរុញឲ្យមន្ទីរអប់រំរាជធានីខេត្ត តាមដានម៉ោងសិក្សាកីឡានៅតាមសាលា លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា, រូបភាពពីអគ្គនាយកដ្ឋានកីឡា
× រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោក ស សុខា ជំរុញឲ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត បង្កើនការយកចិត្តទុកដាក់ និងតាមដានម៉ោងសិក្សាកីឡាតាមសាលារៀន ក្រែងមានសាលាណាយកម៉ោងនេះទៅបង្រៀនមុខវិជ្ជាផ្សេង។ ការជំរុញនេះធ្វើឡើងក្រោយ លោក យល់ថា ការលេងកីឡាតាមសាលាមានគុណភាពខ្ពស់ជាងការលេងកីឡានៅក្រៅសាលា។ ម្យ៉ាងវិញទៀត សាលារៀន ជាថ្នាលបណ្តុះធនធានកីឡាករកីឡាការិនី ដ៏សម្បូរបែប និងមានទេពកោសល្យខ្ពស់។
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្រើនរំលឹកដល់មន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្ត ឲ្យចុះតាមដានការសិក្សាម៉ោងកីឡារបស់សិស្សនៅតាមសាលាឲ្យបានដិតដល់។ ការក្រើនរំលឹកនេះធ្វើឡើងក្រោយ លោក បារម្ភពីការធ្លាក់ចុះគុណភាពហ្វឹកហាត់កីឡានៅតាមសាលា ដែលជាប្រភពធនធានកីឡាករកីឡាការិនីដ៏ធំរបស់កម្ពុជា។
មួយវិញទៀត លោកបារម្ភខ្លាចសាលាមួយចំនួនលុបបំបាត់ម៉ោងសិក្សាកីឡា ឬយកម៉ោងនេះដែលមានពីរម៉ោងក្នុងមួយសប្តាហ៍ទៅបង្រៀនមុខវិជ្ជាផ្សេង។ សម្រាប់លោក ស សុខា ការហ្វឹកហាត់កីឡានៅតាមសាលាដែលមានក្បួនខ្នាតត្រឹមត្រូវ គឺមានគុណភាពខ្ពស់ជាងការលេង ឬហ្វឹកហាត់នៅក្រៅសាលា។
«សូមលោកប្រធានមន្ទីរអនុប្រធានមន្ទីរមេត្តាតាមដានឡើងវិញ មិនចង់លួចម៉ោងអ្នកណាទេ ម៉ោងគណិតម៉ោងគណិត ម៉ោងអក្សរសាស្ត្រម៉ោងអក្សរសាស្ត្រ ម៉ោងភាសាអង់គ្លេសម៉ោងភាសាអង់គ្លេស តែបើម៉ោងកីឡាសូមផ្តោតយ៉ាងម៉េចពីរម៉ោងឲ្យបានគ្រប់ កុំឲ្យគ្រាន់តែដូរខោអាវកន្លះម៉ោង បង្រៀនតែ១ម៉ោងកន្លះ អានឹងវាមិនអាចទៅរួចទេ»។ ការក្រើនរំលឹករបស់លោក ស សុខា ធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាការប្រមូលធាតុចូលសម្រាប់តាក់តែងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអបរំកាយនិងកីឡា។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡារូបនេះ ជឿជាក់ថា បើសាលានីមួយៗបង្កើនការយកចិត្តទុកដាក់ និងតាមដានម៉ោងសិក្សាកីឡាឲ្យបានដិតដល់និងត្រឹមត្រូវ កម្ពុជានឹងសម្បូរធនធានមានទេពកោសល្យកាន់តែច្រើន។ ដ្បិតលោកអះអាងថាសាលារៀនជាប្រភពធនធានដ៏សម្បូរបែប។
លោកបានបន្ថែមថា៖«យើងមាន(ម៉ោងកីឡា)តែពីរម៉ោងនោះទេ ធ្វើយ៉ាងម៉េចគ្រប់គ្រងឲ្យបាន កុំឲ្យពីរម៉ោងនេះ លោកនាយកមិនសូវយកចិត្តទុកដាក់ គ្រូប្រគល់ម៉ោងទៅបង្រៀនគណិត ឬទៅបង្រៀនគួរ ដើម្បីបានថវិកាបន្ថែម។ នេះខ្ញុំនិយាយតែម៉ោងសិក្សាពីរម៉ោងទេ ដូច្នេះពីរម៉ោងមានចំនួនតិចហើយ បើអស់ពីរម៉ោងនឹងទៀតមួយអាទិត្យគ្មានកីឡាអីទេ មានតែកីឡាក្រៅម៉ោងសិក្សា។ យើងដឹងហើយថា កីឡាក្រៅម៉ោងសិក្សាពុំសូវទទួលបានលទ្ធផលល្អទេ យើងចង់ឲ្យលេងកីឡាតាមច្បាប់កីឡា»៕
Tag:
ស សុខា
ក្រសួងអប់រំយុវជននិងកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com