ជាតិ
សង្គមជាតិ
រដ្ឋាភិបាល កំពុង​ព្យាយាម​ជួយ​ស្ត្រី​ខ្មែរ​ម្នាក់ ឲ្យ​រួច​ផុតពី​ទោស​ប្រហារជីវិត​នៅ​វៀតណាម​
03, Aug 2020 , 6:29 pm        
រូបភាព
ស្រ្តីខ្មែរឈ្មោះ មៀច ស្រីនាង ស្ថិតក្នុងបន្ទប់សវនាការ ពេលតុលាការវៀតណាម ប្រកាសសាលក្រម នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ស្តីពីសេចក្តីសម្រេចកាត់ទោសប្រហារជីវិតនាង (រូបពី VNA)
ស្រ្តីខ្មែរឈ្មោះ មៀច ស្រីនាង ស្ថិតក្នុងបន្ទប់សវនាការ ពេលតុលាការវៀតណាម ប្រកាសសាលក្រម នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ស្តីពីសេចក្តីសម្រេចកាត់ទោសប្រហារជីវិតនាង (រូបពី VNA)
ក្រសួង​ពីរ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា គឺ​ក្រសួងយុត្តិធម៌​និង​ក្រសួងការបរទេស កំពុងតែ​ខ្នះខ្នែង​រក​ផ្លូវ​ជួយ​ស្ត្រី​ខ្មែរ​ម្នាក់ ធ្វើយ៉ាងណា ឲ្យ​នាង បាន​រួច​ផុតពី​ទោស​ប្រហារជីវិត នៅ​វៀតណាម​។ តុលាការ​វៀតណាម បាន​កាត់ទោស​ប្រហារជីវិត​នាង ពាក់ព័ន្ធ​នឹង​បទល្មើស​នាំចូល​គ្រឿងញៀន ទៅ​វៀតណាម​។



​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ថា មធ្យោបាយ​ទីមួយ  គឺ​រដ្ឋាភិបាល​កម្ពុជា អាច​នឹង​ជួយ​ស្ត្រី​ខ្មែរ​រូបនោះ ប្តឹងទៅ​សាលាឧទ្ធរណ៍​វៀតណាម ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​តុលាការ​ជាន់​ទាប​វៀតណាម ដែល​កាត់ទោស​ប្រហារជីវិត​នាង​។ លោក អះអាងថា ជាគោលការណ៍​ច្បាប់ នាង អាច​ប្តឹងទៅ​សាលាឧទ្ធរណ៍​បាន​។ 
 
​លោក បន្ថែមថា ក្រសួងយុត្តិធម៌​និង​ក្រសួងការបរទេស ត្រូវ​ការសិក្សា​ស្រាវជ្រាវ​លម្អិត​អំពី​អង្គហេតុ​ជាមុនសិន បន្ទាប់មក ទើប​អាច​សម្រេចបាន​ថា ត្រូវ​ផ្តល់ជំនួយ​ផ្នែក​ច្បាប់​របៀប​ម៉េច​ដល់​ស្ត្រី​ខ្មែរ​រូបនោះ ក្នុងការ​ប្តឹងទៅ​សាលាឧទ្ធរណ៍​។ 

​លោក បន្តថា មធ្យោបាយ​ទី​ពីរ គឺ​រដ្ឋាភិបាល​កម្ពុជា អាច​នឹង​ពិចារណា​សុំ​ចរចា​ជាមួយ​វៀតណាម ដើម្បី​យក​នាង មក​ផ្តន្ទាទោស​នៅ​កម្ពុជា តាមរយៈ​សន្ធិសញ្ញា​ស្តីពី​ការផ្ទេរ​ទណ្ឌិត​រវាង​ក​ម្ពុ​ជា​-​វៀតណាម​។ លោក អត្ថាធិប្បាយថា ការផ្ទេរ​ទណ្ឌិត គឺ​ត្រូវ​ផ្អែកលើ​ការចរចា​គ្នា ហើយ​ដើម្បី​អាច​ចរចា​បាន ទាល់តែ​ភាគី​កម្ពុជា ពិនិត្យ​លើ​អង្គហេតុ​និង​អង្គច្បាប់​ជាមុនសិន ពាក់ព័ន្ធនឹងបទល្មើសរបស់នាង​។ 

យើង អាចមាន​សង្ឃឹម​ខ្លះ​ទេ​ឯកឧត្តម​? អ្នកនាំពាក្យ​រូបនេះ បង្ហាញ​ការប្តេជ្ញា​របស់​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ចម្លើយ​របស់ខ្លួន យ៉ាង​ដូច្នេះ​ថា​៖«​យើង នឹង​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការជួយ​ដល់​ស្ត្រី​រូប​ហ្នឹង ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់ កិច្ចព្រមព្រៀង ដែលមាន​ជា​ធរមាន [​និង​] អ្វី ដែល​យើង​អាចធ្វើ​បាន​»​។ 

សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ព័ត៌មាន​បន្ថែម​ពី​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ឡើយ ដោយសារតែ​លោក មិន​លើក​ទូរស័ព្ទ​។ 

​កម្ពុជា​និង​វៀតណាម ទើបនឹង​បាន​បង្កើត​សន្ធិសញ្ញា​មួយ​ជាមួយគ្នា គឺ​សន្ធិសញ្ញា​ស្តីពី​ការផ្ទេ​ស​ទណ្ឌិត ក្នុងអំឡុង​ខែមីនា ឆ្នាំ​២០២០​នេះ​។ សន្ធិសញ្ញា​នេះ អាច​ឲ្យ​កម្ពុជា ស្នើ​សុំយក​ទណ្ឌិត​ជា​ជនជាតិខ្មែរ (​អ្នកទោស​) មក​អនុវត្ត​ទោស​នៅ​កម្ពុជា ហើយ​វៀតណាម ក៏​អាច​ស្នើសុំ​យក​ទណ្ឌិត​ជា​ជនជាតិ​ខ្លួន ទៅ​អនុវត្ត​ទោស​នៅ​វៀតណាម​វិញ​ដែរ​។ 

កម្ពុជា មិន​មានទោស​ប្រហារ​ជា​ជីវិត​ឡើយ​។ ដូច្នេះ ការដែល​រដ្ឋាភិបាល​ក​ម្ពុ​ជា ចង់​ស្នើសុំ​យក​ស្ត្រី​ខ្មែ​រូបនោះ ដែល​ត្រូវ​តុលាការ​វៀតណាម កាត់ទោស​ប្រហារជីវិត មក​អនុវត្ត​ទោស​នៅ​កម្ពុជា ដោយ​ការជាប់​ពន្ធនាគារ គឺជា​រឿង ដែល​គេ ពិបាក​ប៉ាន់​ស្មានថា វៀតណាម អាច​យល់ព្រម​ឬ​មិន​យល់ព្រម​។​
 
​កាលពីដើម​ខែមិថុនា ឆ្នាំ​២០២០ តុលាការ​វៀតណាម ទើបនឹង​បាន​កាត់ទោស​ប្រហារជីវិត​ពលរដ្ឋ​ខ្លួន​៥​នាក់ ពីបទ​នាំ​គ្រឿងញៀន​ជិត​៣០​គីឡូក្រាម ពី​ឡាវ​ចូលទៅ​វៀតណាម​។ 
 
​ស្ត្រី​ខ្មែរ ដែល​ត្រូវ​តុលាការ​វៀតណាម កាត់ទោស​ប្រហារជីវិត ឈ្មោះ មៀ​ច ស្រី​នាង អាយុ​២៧​ឆ្នាំ​។ នាង ត្រូវ​តុលាការ​វៀតណាម ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ អំពី​ការផ្តន្ទាទោស​ប្រហារជីវិត​លើ​រូបនាង​។ ប៉ូលិស​វៀតណាម បាន​ចាប់​នាង កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៩ ដោយ​រាយការណ៍​ថា ក្នុង​ខ្លួន​នាង មាន​គ្រឿងញៀន​ជិត​៥​គីឡូក្រាម​៕    

Tag:
 វៀតណាម​កាត់ទោស​ប្រហារជីវិត​ស្រី្ត​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com