ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សង្គមស៊ីវិល១៤១ ស្នើឲ្យដោះលែង លោក រ៉ុង ឈុន ប្រជាពលរដ្ឋមួយចំនួន ទៅតវា៉នៅមុខតុលាការរាជធានីភ្នំពេញ ទាមទារឲ្យដោះលែងលោគ រ៉ុង ឈុន (រូបពី AFP)
× ភ្នំពេញ៖ អង្គការ សង្គមស៊ីវិល និង សមាគមដល់ទៅ១៤១ស្ថាប័ន បានស្នើឲ្យរដ្ឋាភិបាលនិងសាលាដំបូងរាជធានីភ្នំពេញ ទម្លាក់ចោលការចោទប្រកាន់ទាំងអស់ ចេញពីលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងដោះលែងលោកឲ្យមានសេរីភាពវិញ។ នេះបើតាមសេចក្ដីថ្លែងការរួមរបស់ក្រុមសង្គមស៊ីវិលទាំង១៤១ ដែលចេញនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។
កាលពីរសៀលថ្ងៃទី១ ខែសីហា តុលាការរាជធានីភ្នំពេញ ចេញដីការឃុំខ្លួនលោក រ៉ុង ឈុន បណ្ដោះអាសន្ន ពីបទញុះញង់បង្ករឲ្យមានភាពវឹកវរធ្ងន់ដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ មាត្រានេះ កំណត់ដាក់ទោសឲ្យជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល។
ក្រុមសង្គមស៊ីវិលចាត់ទុកការចោទប្រកាន់នេះថា ជាការរំលោភបំពាន់សិទ្ធិសេរីភាពក្នុងការសម្ដែងមតិ ដែលត្រូវធានាដោយរដ្ឋធម្មនុញ្ញ។ លើសពីនេះ ពួកគេ យល់ថា ការចាប់ខ្លួនប្រធានសហជីពរូបនេះ គឺជាការគំរាមកំហែងដោយផ្ទាល់ចំពោះប្រជាពលរដ្ឋកម្ពុជា ដែលប្រើប្រាស់សិទ្ធរបស់ខ្លួនក្នុងបញ្ចេញមតិ។
ក្រុមសង្គមស៊ីវិល សរសេរក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា៖«សិទ្ធិនេះ មិនគួរត្រូវបានប្រឈមនឹងការភ័យខ្លាចចំពោះ ការចាប់ខ្លួននៅពេលយប់ពីសំណាក់នគរបាល ក៏ដូចជាការជាប់ពន្ធនាគារជាច្រើនឆ្នាំនោះទេ។ យើង ខ្ញុំសង្ឃឹមថា រាដ្ឋាភិបាល នឹងអាចគោរពកាតព្វកិច្ចរបស់ខ្លួនដើម្បីធានាសិទ្ធិក្នុងការបញ្ចេញមតិ ផ្អែកតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។ យើសង្ឃឹមថា សាលាដំបូងរាជធានីភ្នំពេញ នឹងអាចទម្លាក់ចោលការចោទប្រកាន់ទាំងអស់ និងដោះលែងលោក រ៉ុង ឈុន ឲ្យមានសេរីភាពវិញឲ្យបានឆាប់ផងដែរ»។
ក្រុមសង្គមស៊ីវិល ដែលចេញសេចក្តីថ្លែងការណ៍ មានដូចជា អង្គការតម្លាភាពកម្ពុជា, លីកាដូ(LICADHO) និង មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ជាដើម។
លោក រ៉ុង ឈុន ត្រូវចាប់ខ្លួន នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយលោក រងការចោទប្រកាន់ថា បានបំផ្លើសខុសការពិតក្នុងរឿងព្រំដែន។ លោក ជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាមេសហជីព និង ជាទីប្រឹក្សានៃសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា។
លោក រ៉ុង ឈុន តែងធ្វើសកម្មភាពនានាតវ៉ានឹងរដ្ឋាភិបាល ហើយមួយរយៈចុងក្រោយនេះ គេ ឃើញលោក សកម្មខ្លាំង ដូចជា ចូលរួមទាមទារឲ្យរដ្ឋាភិបាល ការពារតំបន់កោះកុងក្រៅ ចូលរួមក្នុងសកម្មភាពការពារបរិស្ថាននិងព្រៃឈើ និង ចូលរួមស្នើឲ្យរដ្ឋាភិបាល ផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករ-កម្មការិនី ជាដើម។ លោក ក៏ជាមនុស្សម្នាក់ ដែលតែងតែនិយាយនិងឈឺឆ្អាលនឹងរឿងព្រំដែនដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com