ជាតិ
ពាក្យ​«​ខំប្រឹង​»​ធ្វើ​ឲ្យ កញ្ញា យូ សុធា​រី រៀន​ចប់​អនុបណ្ឌិត​នៅ​អាមេរិក ហើយ​ជួយ​គ្រួសារ​ផុតពី​ភាព​ក្រ​
04, Aug 2020 , 8:29 am        
រូបភាព
​កញ្ញា យូ សុធា​រី គឺជា​កូនអ្នកក្រីក្រ​នៅក្នុង​ខេត្តកំពង់ធំ ប៉ុន្តែ​បាន​តស៊ូ និង​ប្រឹងប្រែង​រៀន រហូត​បញ្ចប់​ថ្នាក់អនុបណ្ឌិត នៅ​សហរដ្ឋអាមេរិក​។ សម្រាប់ ស្ត្រី​វ័យ​២៩​ឆ្នាំ​រូបនេះ ការ​ខំប្រឹង​ដ៏​ខ្លាំងក្លា និង​ក្តីសង្ឃឹម បានធ្វើ​ឲ្យ​កញ្ញា​ឆ្លងកាត់​បាន​នូវ​ការលំបាក​ទាំងឡាយ ហើយ​អាច​សម្រេច​បំណង​លោកឪពុក ដែល​ចង់ឃើញ​កូន​រៀន​បាន​ខ្ពស់​។ អ្នក​កំពង់ធំ​រូបនេះ ក៏​បញ្ជាក់ដែរថា ការអប់រំ​ខ្ពស់​នេះ បាន​ជួយ​ឲ្យ​ខ្លួន និង​ក្រុមគ្រួសារ រួច​ចាក​ផុតពី​ភាព​ក្រលំបាក​។​

 
​កញ្ញា យូ សុធា​រី បាន​ស្ពាយ​នូវ​ការប្រឹងប្រែង​ដ៏​ខ្លាំងក្លា ដើម្បី​ជម្នះ​ឧបសគ្គ និង​បន្ត​ស្រវា​យក​ការអប់រំ​ខ្ពស់ ក្នុងឋានៈ​ជា​កូន​អ្នក​ខ្សត់​។ មាន​ស្រុកកំណើត​នៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ កញ្ញា យូ សុធា​រី ជា​កូនច្បង នៅក្នុង​ចំណោម​បងប្អូន​៥​នាក់​។ នាង​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នាង​កំព្រា​ឪពុក​តាំងពី​អាយុ​១៦​ឆ្នាំ​ម្ល៉េះ ហើយ​ពេលនោះ​ម្តាយ​របស់ខ្លួន គឺជា​អ្នកលក់​បន្លែ​បន្តិចបន្តួច​។  
 
​ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក កូនស្រី​ច្បង​នៅក្នុង​គ្រួសារ​រូបនេះ យល់ថា​ខ្លួន​ត្រូវតែ​ខំប្រឹង​ទ្វេ​ឡើង ដើម្បី​ជា​ជំហរ​គ្រួសារ​ជាមួយនឹង​ម្តាយ និង​ដើម្បី​ជួយ​ឲ្យ​ប្អូនៗ​ដែល​នៅ​តូចៗ​នៅឡើយ​បាន​រៀនសូត្រ​។  ស្ត្រី​វ័យ​២៩​ឆ្នាំ​រូបនេះ រំឭក​ទៀតថា មុន​ឪពុក​លាចាក​លោក គាត់​បានបង្ហាញ​បំណង​របស់ខ្លួន ដែល​ចង់ឃើញ​កូនៗ​រៀន​បាន​ខ្ពស់ និង​មិន​ចង់​ឲ្យ​ស្គាល់​ភាព​ក្រខ្សត់​ដូច​ខ្លួន​។ បណ្តាំ​ចុងក្រោយ​របស់​អ្នកមានគុណ​នេះហើយ ដែល​តែងតែ​រំឭក​ដាស់តឿន​ស្មារតី យុវតី សុធា​រី ឲ្យ​តស៊ូ​រៀន​ដល់​ថ្នាក់អនុបណ្ឌិត​។ សុធា​រី មាន​បរិញ្ញាបត្រ​ច្បាប់​ដែល​សិក្សា​នៅ​ភ្នំពេញ និង​អនុបណ្ឌិត​ផ្នែក​គោលនយោបាយ​អភិវឌ្ឍន៍​អន្តរជាតិ នៅ​សហរដ្ឋអាមេរិក​។ បច្ចុប្បន្ន កញ្ញា​គឺ​អ្នកស្រាវជ្រាវ​លើ​បញ្ហា​ស្ត្រី និង​ការអភិវឌ្ឍន៍ ហើយក៏​ជា​ស្ថាបនិក​នៃ​គេហទំព័រ Next Women Generation ផងដែរ​។ 
 
 
​សម្រាប់​កញ្ញា យូ សុធា​រី ការអប់រំ មានគុណ​តម្លៃ​យ៉ាងខ្លាំង​ចំពោះ​នាង​។ ការអប់រំ បាន​ជួយ​សុធា​រី សម្រេច​បំណង​ដែល​ចង់​ជួយ​ឲ្យ​គ្រួសារ​គេចផុត​ពី​ភាព​ក្រី​ក្រំ​លបាក​។ អ្នក​កំពង់ធំ​រូបនេះ បានលើកឡើង​ពី​គុណ​តម្លៃ ដែល​ខ្លួន​ទទួលបាន​ពី​ការអប់រំ​យ៉ាង​ដូច្នេះ​៖«​ការអប់រំ​វា​ជួយ​សម្រាល​បន្ទុក​យើង​ច្រើន​។ នៅពេលដែល​ខ្ញុំ​រៀន​ចប់ ហើយ​ខ្ញុំ​មានការ​ងារ​ធ្វើ ជីវភាព​របស់ខ្ញុំ​ក៏​ប្រសើរ​ជាង​មុន​ដែរ ហើយ​ខ្ញុំ​បាន​ជួយ​ប្អូនៗ​បាន​។ នេះ​ទាក់ទង​នឹង​គ្រួសារ​។ ទាក់ទង​នឹង​សង្គម​វិញ​!  ដោយសារ​បទពិសោធន៍​ជីវិត​របស់ខ្ញុំ វា​តម្រង់ទិស​នូវ​អ្វីដែល​ខ្ញុំ​ធ្វើ​។ មានន័យថា យើង​រស់នៅ​ក្នុងសង្គម ទោះបី​យើង​អត់​មាន​លុយ​ទៅ​ជួយ​សមាគមន៍ ផ្តល់​អាហារូបករណ៍​ទេ ប៉ុន្តែ​យើង​ចូលរួម​ជួយ​សង្គម​តាម​សមត្ថភាព​ដែល​យើង​អាចធ្វើ​បាន​»​។​
 

 
មាន​មោទកភាព ចំពោះ​ការ​ខំប្រឹង​របស់ខ្លួន​
 
​ជា​កូន​អ្នកក្រខ្សត់ វា​មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ ទម្រាំ កញ្ញា សុធា​រី អាចឈាន​ពីមួយ​ដំណាក់កាល ទៅមួយ​ដំណាក់កាល​បាន​នោះ​។ នាង​ត្រូវ​ខំប្រឹងប្រែង​ទ្វេដង នាង​ធ្លាប់​យំ ធ្លាប់​បាក់​ទឹកចិត្ត និង​អន់ចិត្ត​រាប់មិនអស់ ក៏ប៉ុន្តែ​ស្ត្រី​រូបនេះ នៅតែ​រឹងមាំ និង​ជាពិសេស​គឺ មិន​បោះបង់ចោល​ក្តីសង្ឃឹម​។ «​បើ​យើង​កូន​អ្នក​អត់​ទៀត ទម្រាំ​តែ​ឈាន​ជំហាន​ទទួលបាន​ផ្លែផ្កា​មួយៗ ម្នាក់ៗ​ប្រឹង​ខ្លាំងណាស់​។ ...​។ យើង​ខ្លួនឯង ត្រូវ​ដឹងថា​ខ្លួនឯង​ចង់បាន​អី​? អាចធ្វើ​អី​បាន​? ហើយ​ចំណុចខ្លាំង​ឯង​ត្រង់ណា ចំណុចខ្សោយ​របស់ខ្លួន​ឯង​ត្រង់ណា​ត្រូវ​ពង្រឹង​បន្ថែមទៀត​? ហើយ​ធ្វើ​លើ​វា ហើយ​ជឿជាក់​លើ​ខ្លួនឯង​។ សំខាន់បំផុត​គឺ​ជឿជាក់​លើ​ខ្លួនឯង ហើយ​កុំ​បោះបង់​ខ្លួនឯង​»​។  
 
​សម្រាប់​កញ្ញា យូ សុធា​រី នាង​ក៏​ជឿ​ដែរ​ថា គ្មាន​ជោគជ័យ​ណា ដែល​បានមក​ដោយ​គ្មាន​ការប្រឹងប្រែង​នោះទេ​។ សុធា​រី លើកឡើង​ដូចនេះ ជាមួយនឹង​បទពិសោធន៍​របស់ខ្លួន​ថា នាង​បរាជ័យ​មិន​ក្រោម​១០​ដង​ទេ ដើម្បី​អាច​សម្រេច​បំណង​មួយៗ ក្នុង​ដំណើរ​ជីវិត​។ បើ​ទោះ​ការបរាជ័យ​ខ្លះ បានធ្វើ​ឲ្យ​នាង​បាក់​ទឹកចិត្ត​ក៏ដោយ ប៉ុន្តែ យុវតី​វ័យ​២៩​ឆ្នាំ​រូបនេះ នៅតែមាន​ក្តី​សង្ឃឹមថា​នាង​នឹង​សម្រេច​ជោគជ័យ​នៅក្នុង​ជំ​ហ៊ាន​បន្ទាប់​។ 
 

 
​នាង​រៀបរាប់​បន្ត​ក្នុង​សម្តី​មួយៗ និង​ច្បាស់ៗ​ថា ៖«​ប្រឹង​! មនុស្ស​ម្នាក់ៗ អ្នកណា​ក៏មាន​ការលំបាក​ដែរ គ្រាន់តែ​អ្នកខ្លះ​អាច​និយាយ​ចេញមកក្រៅ​បាន អ្នកខ្លះ​គាត់​អត់​ចង់​និយាយ​បញ្ហា​ទាំងនោះ​ប្រាប់​អ្នកដទៃ​។ នៅពេលដែល​យើង​ឃើញ​អ្នកណាម្នាក់ មិន​ថា​អ្នកធ្វើការ អ្នក​ប្រកប​អាជីវកម្ម ទម្រាំ​គេ​ទៅដល់​ចំណុច​ណាមួយ គេ​ឆ្លងកាត់​ការលំបាក​ច្រើន តែ​គេ​ខំ​ជម្នះ​។ ទៅ​រៀន ហើយ​ប្រឹងរៀន​។ រៀន​ហ្នឹង ពិបាក​យ៉ាងម៉េច​ក៏ដោយ បើ​ត្រូវ​យំៗ យំ​ហើយ ជូត​ទឹកភ្នែក​ចេញ ទៅ​រៀន​ទៀត​។ ខ្ញុំ​ក៏​ធ្លាប់​យំ​ដែរ ពេលខ្លះ​យំ​ឡើង​ហើម​ភ្នែក យក​ពងមាន់​ដាក់​ក្នុង​ទូទឹកកក​បិត​ឲ្យ​វា​បាត់​ហើម​ភ្នែក ហើយ​ទៅ​រៀន​ទៀត​។ ប្រឹង​ម្ត​ហើយ​ម្តងទៀត​»​។​
 
​កញ្ញា យូ សុធា សង្ឃឹមថា​ការតស៊ូ និង​បទពិសោធន៍​ជីវិត​របស់ខ្លួន នឹង​ក្លាយជា​ឧទាហរណ៍​មួយ អាចជួយ​ជំរុញ​ឲ្យ​ស្ត្រី​ផ្សេងទៀត ខំប្រឹង​ជម្នះ​ឧបសគ្គ​នៅក្នុង​ជីវិត​របស់​ពួកគេ ដើម្បី​ឈោង​ចាប់​ក្តី​ស្រមៃ​របស់ខ្លួន ឬ​ខំ​ប្រឹងរៀន​ឲ្យ​ខ្ពង់ខ្ពស់​ដែរ នោះ​ពួកគេ​នឹង​ជម្រើស​ច្រើន​នៅក្នុង​ជីវិត​។ សម្រាប់ កញ្ញា សុធា​រី មិន​ថា​ជា​កូនអ្នកក្រ ឬ​អ្នកមាន ឲ្យ​តែមាន​ការ​ខំប្រឹងប្រែង នោះ​ជីវិត​នឹងមាន​ពន្លឺ​! ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com