COVID-19
ជាតិ
សុខភាព
COVID-19៖ កម្ពុជារកឃើញ១ករណីថ្មី លើមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិក
× នាព្រឹកថ្ងៃទី៤សីហានេះ ក្រសួងសុខាភិបាលប្រកាសរកឃើញ១ករណីថ្មីនៃជំងឺកូវីដ-១៩ លើបុរសជនជាតិអាមេរិក ដែលជាមន្រី្តជាន់ខ្ពស់របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មន្ត្រីដែលឆ្លងកូវីដ-១៩ គឺបានធ្វើតេស្តលើកទី៣ នាថ្ងៃទី១៥នៃការធ្វើចត្តាឡីស័ក ដោយលទ្ធផលបង្ហាញវិជ្ជមាន។
ក្នុងថ្ងៃជាមួយគ្នានេះ ក្រសួងក៏បានប្រកាសថា មានបុរសខ្មែរ២នាក់ មកពីប្រទេសរុស្ស៊ី និងបុរសជនជាតិអាមេរិក១នាក់ មកពីប្រទេសអាមេរិក បានជាសះស្បើយ ពីជំងឺកូវីដ-១៩ នេះផងដែរ។ សម្រាប់បុរសជនជាតិអាមេរិកដែលបានសះស្បើយពីកូវីដ-១៩នោះ គឺជាមន្ត្រីការទូតជាន់ខ្ពស់របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលកាន់វីសាប្រភេទ A មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ។
រីឯបុរសខ្មែរដែលជាសះស្បើយពីនេះ មាន វ័យ២៥ឆ្នាំ ដែលមានអាស័យដ្ឋាននៅសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងបុរសវ័យ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
គិតត្រឹមថ្ងៃទី៤សីហា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប២៤១នាក់ ដោយក្នុងនោះ មាន២០០នាក់ បានជាសះស្បើយ ខណៈ៤១នាក់ទៀត ដែលកំពុងសម្រាកព្យាបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com