អត្ថបទពាណិជ្ជកម្ម
កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកទទួលពាក្យពីធុរកិច្ចបង្កើតថ្មី សហគ្រាសធុនតូច និងមធ្យមជាលើកទី ២
04, Aug 2020 , 9:43 am        
រូបភាព
​ដោយ​សម្លឹង​ឃើញ​ពី​ផល​លំបាក ដែល​សហគ្រិន​នៅ​កម្ពុជា​កំពុង​ជួបប្រទះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានដាក់​ចេញ​នូវ​គោលនយោបាយ ដែលមាន​វិធានការ​សំខាន់ៗ​ដូចជា ការផ្ដល់​ហិរញ្ញប្បទាន សម្រាប់​អាជីវកម្ម និង​យន្ដការ​ពិសេសៗ​ជាច្រើន ដែល​ក្នុងនោះ​ក៏មាន​កម្មវិធី «​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​» ឬ “Khmer Enterprise Assistance Package” រៀបចំ​ដោយ​សហគ្រិន​ខ្មែរ (Khmer Enterprise) ដែលជា​ស្ថាប័ន​ក្រោម​ចំណុះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​
 
​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ ជា​កម្មវិធី​យុទ្ធសាស្ដ្រ​ដ៏​មុត​ស្រួច​មួយ ដែល​អាច​បន្ធូរបន្ថយ​បញ្ហា​មួយ ចំនួន ដែល​សហគ្រិន​កំពុង​ប្រឈម ហើយ​កម្មវិធី​នេះ ត្រូវបាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​មួយ​លើក​រួចមកហើយ​។  កាលពី​វគ្គ​ទី​១​កន្លងទៅ សហគ្រិន​ខ្មែរ បានទទួល​ពាក្យ​សរុប ចំនួន​១២៨ ពី​សហគ្រាស ធុន​តូច និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី ដែល​មកពី ១៤​រាជធានី​ខេត្ត មានដូចជា ខេត្តកំពង់ចាម​,​សៀមរាប​,​បន្ទាយមានជ័យ​,​ឧត្ដរមានជ័យ​,​កណ្ដាល​,​កំពត​,​ពោធិ៍សាត់​,​បាត់ដំបង​,​កំពង់ឆ្នាំង​,​ព្រៃវែង​,​ប៉ៃលិន​,​កំពង់ស្ពឺ​,​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ​។ 
 
​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ ចែកចេញជា ៤ ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ សហគ្រិន​ខ្មែរ បើកទទួល​ពាក្យ​តាម​អ៊ីនធឺណិត ដោយមាន​ការផ្សព្វផ្សាយ​តាមរយៈ​ប្រព័ន្ធ​បណ្ដាញ​សង្គម របស់ សហគ្រិន​ខ្មែរ ស្ថាប័ន​ដៃគូ និង​ស្ថាប័ន​សារព័ត៌មាន​។ ដំណាក់កាល​ទី ២ សហគ្រិន​ខ្មែរ នឹងដាក់​ពិន្ទុ​ទៅលើ​ពាក្យស្នើសុំ​ទាំងអស់ និង​សម្រិតសម្រាំង​យកតែ​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស ធុន​តូច និង​មធ្យម ដែលមាន​សក្ដានុពល​។ ដំណាក់កាល​ទី ៣ សហគ្រិន​ខ្មែរ​អញ្ជើញ​សហគ្រិន ដែលមាន​សក្ដានុពល​ទាំងអស់នោះ មក​ធ្វើ​បទ​បង្ហាញ​អំពី​គំនិត និង​អាជីវកម្ម នៅ​ចំពោះមុខ​គណៈកម្មការ ដែលជា​អ្នកជំនាញ​ក្នុង​វិស័យ​ឯកជន និង​វិនិយោគ និង​វាយតម្លៃ​ពី​គម្រោង​អាជីវកម្ម​។ នៅ​ដំណាក់កាល​ទី​៤ សហគ្រិន​ខ្មែរ ជាការ​ប្រកាស​បេក្ខភាព​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ទ​ទូល​បាន​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ ដើម្បី​ចូលរួម​អបអរសាទរ ក៏ដូចជា​ជួយ​ផ្សព្វផ្សាយ​ពី​សហគ្រាស សេវាកម្ម និង​ផលិតផល របស់​ពួកគាត់​ផងដែរ​។​
 
​លោក​បណ្ឌិត  ឈៀង វណ្ណ​មុនិ​ណ្ឌ នាយក​ប្រតិបត្តិ​សហគ្រិន​ខ្មែរ បាន​លើកឡើងថា​៖«​ឆ្លងកាត់​លើក​ទី​១ យើង​សង្កេតឃើញថា​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម ពិតជា​មាន សមត្ថភាព ភាព​ច្នៃប្រឌិត និង​ចំណុច​ល្អ​ខុសៗ​គ្នា ដែល​គំនិត និង​អាជីវកម្ម​របស់​ពួកគាត់​សុទ្ធ តែមាន​សក្ដានុពល និង​គួរតែ​ទទួលបាន​ការយកចិត្ត​ទុកដាក់ ដូចជា​ការផ្ដល់​ជា​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ការវិនិយោគ និង​ការគាំទ្រ​នានា​។ ដូចនេះ សហគ្រិន​ខ្មែរ សូម​ប្រកាស​ឲ្យ ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ផ្សេងៗ​ទៀត ដែលមាន​ចង់​ចូលរួម ហើយ​គិតថា​ខ្លួន​មាន​សក្ដានុពល អាច​ទទួលបាន​ជំនួយ​ពី​សហគ្រិន​ខ្មែរ មក​ចូលរួម​ដាក់ពាក្យ​ឲ្យ​បាន​ច្រើន ក្នុង​ជុំ​ទី​២​នេះ   ដើម្បី​ជំរុញ​កម្មវិធី​ឲ្យ​កាន់តែ​មានការ​ប្រកួតប្រជែង​»​។​
 
​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម អាចដាក់​ពាក្យ​មកកាន់​កញ្ចប់​ជំនួយ សហគ្រិន​ខ្មែរ​ជុំ​ទី ២ តាមរយៈ​តំណ​ភ្ជាប់ https://forms.gle/Dn9H8gsmKGT42rza9
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Khmer Enterprise
© រក្សាសិទ្ធិដោយ thmeythmey.com