នៅ ចន្ទ​សេរី​វុ​ឌ្ឍ ជម្នះ​រៀន​ភាសា​បារាំង ខណៈ​ភាសា​នេះ​មិនសូវមាន​យុវជន​ចាប់អារម្មណ៍
ជាតិ
នៅ ចន្ទ​សេរី​វុ​ឌ្ឍ ជម្នះ​រៀន​ភាសា​បារាំង ខណៈ​ភាសា​នេះ​មិនសូវមាន​យុវជន​ចាប់អារម្មណ៍
04, Aug 2020 , 10:55 am        
រូបភាព
​ដោយ​៖ ហ៊ីម អ៊ឹម​រ៉​ន
​ភ្នំពេញ​៖ នៅ ចន្ទ​សេរី​វុ​ឌ្ឍ ជា​កូនពៅ នៃ​គ្រួសារ​មួយ​ដែលមាន​បងប្អូន ៣ នាក់ ហើយ​មាន​ម្ដាយ​ជា​អាជីវករ រស់នៅ​ខេត្តតាកែវ​។ យុវជន​រូបនេះ គឺជា​អតីត​សិស្ស​និទ្ទេស A ឆ្នាំ ២០១៧ មកពី​វិទ្យាល័យ​ជាស៊ីម​តាកែវ ខេត្តតាកែវ​។ និស្សិត​វ័យ ២០​ឆ្នាំ  រូបនេះ ធ្លាប់ជា​ជ័យលាភី​លេខ ២ ផ្នៃ​ក​តែង​កំណាព្យ ពានរង្វាន់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន ក្នុង​ឆ្នាំ​២០១៧ ផងដែរ​។ បច្ចុប្បន្ន ចន្ទ​សេរី​វុ​ឌ្ឍ ជា​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសា​បារាំង ឆ្នាំ​ទី​២ នៅ​ដេ​ប៉ា​តេ​ម៉​ង់​ភាសា​បារាំង នៃ​វិទ្យាស្ថាន​ភាសាបរទេស ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ទន្ទឹមគ្នានេះ លោក​ក៏​ជា​និស្សិត​ដែល​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ផងដែរ​។​

 
​ភាសា​បារាំង ជា​ភាសា​មួយ​ដែល​យុ​ជន​ខ្មែរ​ភាគច្រើន មិនសូវ​ចាប់អារម្មណ៍ ឬ​ពេញនិយម​ច្រើន ដូច​ភាសា​អង់គ្លេស​ឡើយ ប៉ុន្តែ​និស្សិត ចន្ទ​សេរី​វុ​ឌ្ឍ នៅតែមានះរៀន​ភាសា​មួយ​នេះ​ឲ្យ​ខាង​តែ​បាន​។ និស្សិត​វ័យ​២០​ឆ្នាំ​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មូលហេតុ​ដែល​រូបគេ​នៅតែ​ចចេស​រៀនភាសា​បារាំង ព្រោះ​រូបគេ​ចូលចិត្ត​ភាសា​នេះ តាំងពីក្មេង​។ ម្យ៉ាងទៀត អ្នកចេះ​ភាសា​បារាំង នឹងមាន​ទីផ្សារ​ទូលំ​ទូលាយ ហើយ​ពុំ​សូវ​មានការ​ប្រកួតប្រជែង​ច្រើន​នោះឡើយ ខណៈ​កម្ពុជា គឺជា​សមាជិក​ប្រទេស​អ្នក​និយាយ​ភាសា​បារាំង តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក។ សេរីវឌ្ឍក៏សង្កេតឃើញដែរថា កម្ពុជាមាន​ឯកសារ​ប្រវត្តិសាស្ត្រ​ជាច្រើនជា​ភាសា​បារាំង​។ ក្រៅពីនេះ ជីតា​ដែលជា​អតីត​គ្រូបង្រៀន​ភាសា​បារាំង និង​បងប្រុស ក៏បាន​លើកទឹកចិត្ត និង​ជំរុញឲ្យ សេរី​វុ​ឌ្ឍ សិក្សា​ភាសា​បារាំង​ដែរ​។ ពួកគាត់ យល់ស្រប​ថា កា​រៀន​ភាសា​បារាំង អាច​នឹង​ជួយ​ចៅ និង​ប្អូនប្រុស​របស់ខ្លួន មាន​អនាគត​ល្អ​។​
 
​អតីត​សិស្ស​និទ្ទេស A ឆ្នាំ ២០១៧ មកពី​វិទ្យាល័យ​ជាស៊ីម​តាកែវ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​បន្ថែមទៀត​ជុំវិញ​ការសម្រេចចិត្ត​រៀន​ភាសា​បារាំង​នេះ​៖«​ខ្ញុំ​មានបំណង​បន្ត​ការសិក្សា​ផ្នែក​ច្បាប់ នៅ​ប្រទេស​បារាំង ហើយ​វា [​ភាសា​បារាំង​] ជា​យាន​មួយ ដែល​អាច​ឲ្យ​ខ្ញុំ​ស្គាល់​ពិភពលោក នឹងមាន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស បាន​កាន់តែច្រើន​ផងដែរ​។​»
​ដ្បិតថា លោក​មានបំណង​យក​ភាសា​បារាំង ត្រឹម​ជាយា​ន​ដើម្បី​បន្ត​ការសិក្សា​ផ្នែក​ច្បាប់ នៅ​ប្រទេស​បារាំង​ក្ដី លោក​បាន​ជ្រើស​យក​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ជាជាង​ការសិក្សា​វគ្គ​ខ្លី​។ គេ​គិតថា ការរៀន​វគ្គ​សិក្សា​ខ្លី​នៅ​សាលា​ឯកជន អាច​ផ្ដល់​ឲ្យ​ខ្លួន​បានត្រឹមតែ​ភាសា​និយាយ និង​ការទំនាក់ទំនង​ធម្មតា​តែប៉ុណ្ណោះ​។ តែ​សម្រាប់​ភាសា​បច្ចេកទេស ខ្លួន​ត្រូវការ​ការសិក្សារ​ថ្នាក់​បរិញ្ញាបត្រ ដែល​ការសិក្សា​មាន​លក្ខណៈ​ស៊ីជម្រៅ​ជាង ទាំង ពាក្យ វាក្យសព្ទ ប្រវត្តិសាស្ត្រ និង​ច្បាប់​ជាដើម​។​
 
​សម្រាប់ ចន្ទ​សេរី​វុ​ឌ្ឍ ការរៀន​ភាសា​បារាំង​មាន​ឧបសគ្គ​ច្រើន ដែលមាន​ការទាមទារ​ឲ្យ​ខ្លួន​អាន​ព័ត៌មាន​ផ្សេងៗ​ជាច្រើន ដើម្បី​ធ្វើការ​ស្រាវជ្រាវ​។ ហើយ​ចំណុច​ដែលមាន​មានការ​លំបាក​ខ្លាំង​បំផុត​សម្រាប់​ខ្លួន​គឺ ការអនុវត្ត​ភាសា ព្រោះថា នៅ​កម្ពុជា សព្វថ្ងៃ​មិនសូវមាន​អ្នក​និយាយ​ភាសា​បារាំង​ច្រើន​ទេ​។ ក្រៅពីនោះ ការរៀន​ភាសា​បារាំង មាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំង ទាំង​វេយ្យាករណ៍ និង​ពាក្យ ព្រោះថា នៅក្នុង​ភាសា​បារាំង យើង​ត្រូវ​សម្គាល់​ពាក្យ​ដែលមាន​ពីរភេទ និង​ការ​បំបែក​កិរិយាសព្ទ សម្រាប់​ប្រើប្រាស់​ជាមួយ​សព្ទ​នាម​ផ្សេងៗ​គ្នា​ជាដើម​។ 
 
​តែ​យ៉ាងណាក៏ដោយ និស្សិត​វ័យ ២០​ឆ្នាំ រូបនេះ ក៏​ទទួលបាន​ភាពសប្បាយ​រីករាយ​ខ្លះ​ដែរ ពី​ការរៀន​ភាសា​បារាំង​។ ចន្ទ​សេរី​វុ​ឌ្ឍ រៀបរាប់ថា​៖ «​ខ្ញុំ​អាច​ស្វែងយល់​វប្បធម៌​បារាំង​បាន​ច្រើន ហើយ​វា​មាន​ភាពងាយស្រួល ក្នុងការ​ស្រាវជ្រាវ​ឯកសារ​ប្រវត្តិសាស្ត្រ និង​នយោបាយ ព្រោះថា​ភាគច្រើន​នៃ​ឯកសារ​របស់​ខ្មែរ កាលពី​សម័យ​ដើម បាន​កត់ត្រា​ទុកជា​ភាសា​បារាំង​។​»
 
​ជា​ដំណោះស្រាយ​ទៅនឹង​បញ្ហា​ប្រឈម​ទាំងឡាយ យុវជន​រូបនេះ បាន​ព្យាយាម​អស់ពី​លទ្ធភាព ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ការសិក្សារ​របស់ខ្លួន​មាន​ប្រសិទ្ធ​ភាពល្អ​។ ដ្បិតថា​មិនសូវមាន​អ្នក​និយាយ​ភាសា​បារាំង​ច្រើន​នៅ​ប្រទេស​កម្ពុជា​ក្ដី ប៉ុន្តែ​រាល់ពេល​ទៅ​សាលា គេ​តែងតែ​ព្យាយាម​និយាយ​ជា​ភាសា​បារាំង ជាមួយ​មិត្តភក្តិ​។ សេរី​វុ​ឌ្ឍ ក៏មាន​ទំនាក់ទំនង តាមរយៈ​បណ្ដាញ​សង្គម​ដូចជា Facebook និង Instagram ជាដើម ជាមួយ​មិត្ត​ភ​ក្កិ​ជា​ជនជាតិ​បារាំង នៅឯ​បរទេស​ផងដែរ​។​
 
​ថ្វីដ្បិតតែ​នៅក្នុង​ប្រទេស​កម្ពុជា ភាសា​ដែរ​ពេញនិយម​ជាងគេ​បន្ទាប់ពី​ភាសា​ខ្មែរ មានដូចជា ភាសា​អង់គ្លេស និង​ភាសា​ចិន​ក៏ដោយ អតីត​សិស្ស​និទ្ទេស A រូបនេះ នៅតែ​មានគំនិត​សុទិដ្ឋិនិយម សម្រាប់​ទីផ្សារការងារ​សម្រាប់​អ្នកចេះ​ភាសា​បារាំង​។ ចន្ទ​សេរី​វុ​ឌ្ឍ លើកឡើងថា​៖ «​វា​គឺជា​ការពិត ចំពោះ​ការ​លើកឡើងថា ភាសា​ចិន និង​ភាសា​អង់គ្លេស មានការ​រីកចម្រើន​ខ្លាំង​នៅ​ប្រទេស​កម្ពុជា​យើង តែ​ទន្ទឹមនឹង​ការរីកចម្រើន​នេះ មនុស្ស​នឹងមាន​ការចាប់​អារម្មណ៍​ខ្លាំង ហើយ​ទីផ្សារការងារ​និង​មានការ​ថយចុះ​។ ដូច្នេះ ទីផ្សារ​នៃ​ភាសា​បារាំង នឹង​នៅតែមិនមាន​ការ​ថយចុះ មិន​ថា​ក្នុង ឬ​ក្រៅប្រទេស​ទេ ព្រោះ​កម្ពុជា មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​បារាំង ដែល​តែងតែមាន​ការផ្ដល់​អាហារ​រូបករណ៍​ជាច្រើន​កន្លែង រៀងរាល់ឆ្នាំ​។​» 
 
​សម្រាប់​ភាសា​បរ​ទស រូបគេ​គិតថា ភាសា​បារាំង​គឺមាន​សារសំខាន់​មួយ​ដែរ បន្ទាប់​ពីភាសា​អង់គ្លេស​។ លំហូរ​នៃ​ការនិយាយ​ភាសា​បារាំង​មាន​ច្រើន ដ្បិត​ភាសា​បារាំង កំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ៣ នៃ​ភាសា​ពេញនិយម​ជាងគេ លើ​ពិភពលោក​។ ម្យ៉ាងទៀត យុវជន​ដែល​កំពុង​សិក្សា​ភាសា​បារាំង​រូបនេះ បាន​សង្កត់ធ្ងន់ថា ភាសា​បារាំង គឺមាន​សារៈសំខាន់​សម្រាប់​យុវជន​កម្ពុជា​ដែរ ព្រោះថា ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាច្រើន ត្រូវបាន​កត់ត្រា​ទុកជា​ភាសា​បារាំង​៕

Tag:
 ជីវ​ព័ត៌មាន​
  ភាសា​បារាំង​
  នៅ ចន្ទ​សេរី​វុ​ឌ្ឍ
© រក្សាសិទ្ធិដោយ thmeythmey.com