អន្តរជាតិ
អតីត​មហាក្សត្រ​អេ​ស្ប៉ា​ញ និរទេស​ព្រះកាយ ក្រោយ​ប្រឈម​សំណុំរឿង​ពុករលួយ
04, Aug 2020 , 2:09 pm        
រូបភាព
អតីតស្ដេចអេស្ប៉ាញ Juan Carlos (AFP)
អតីតស្ដេចអេស្ប៉ាញ Juan Carlos (AFP)
ដោយ:
​អតីត​មហាក្សត្រ​អេ​ស្ប៉ា​ញ Juan Carlos ដែល​កំពុង​ប្រឈមមុខ​ការស៊ើបអង្កេត​ពា​ក់​ព័ន្ធ​រឿង​ពុករលួយ​ទាំង​ក្នុងប្រទេស និង​បរទេស បានប្រកាសថា ទ្រង់​នឹង​រស់នៅ​ដោយ​និរទេស​ព្រះកាយ​។ ទោះ​និរទេស​ព្រះកាយ​ក្ដី មេធាវី​ការពារ​របស់​អតីត​ស្ដេច​អង្គ​នេះ អះអាងថា កូនក្តី​ខ្លួន​នៅតែ​អាច​សហការ​ជាមួយ​ព្រះរាជអាជ្ញា​អេ​ស្ប៉ា​ញ​ដដែល​។

 
​អតីត​ប្រមុខរដ្ឋ​អេ​ស្ប៉ា​ញ Juan Carlso ព្រះជន្ម ៨២ វស្សា បាន​បង្ហើប​ថា ទ្រង់​នឹង​ចាក​ចេញពី​ប្រទេស​ក្នុង​លិខិត​មួយច្បាប់​ដែល​ផ្ញើ​ទៅកាន់​បុត្រា​ទ្រង់ ស្តេច Felipe VI ដែល​បាន​ព្រម​ទទួលយក​ការសម្រេចចិត្ត​នេះ ហើយ​បាន​អរ​ព្រះ​គុណបិតា​របស់​ទ្រង់​។ រាជវាំង​អេ​ស្ប៉ា​ញ បញ្ជាក់​បែបនេះ ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី ៣ ខែសីហា​។​
 
​ការស៊ើបអង្កេត​ទាក់ទង​ករណី​ណុ​ក​រលួយ ចាប់ផ្ដើម​ក្នុងប្រទេស​អេ​ស្ប៉ា​ញ និង​ស្វ៊ី​ស ក្រោយ​បែកធ្លាយ​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ​មូលនិធិ​ដែល​ត្រូវបាន​អះអាងថា ប្រគល់​ឲ្យ​អតីត​ប្រមុខរដ្ឋ​រូបនេះ​ពី​សំណាក់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​
 
​តុលាការ​កំពូល​អេ​ស្ប៉ា​ញ ក្នុង​ខែមិថុនា បានប្រកាស​ពី​ការស៊ើបអង្កេត​ដើម្បី​បញ្ជាក់​ពី​ទំនួល​ខុសត្រូវ​ស្របច្បាប់​របស់​អតីត​ស្ដេច​អង្គ​នេះ​។ ក៏ប៉ុន្តែ​ព្រោះ​តែមាន​អភ័យឯកសិទ្ធិ ទ្រង់​ទទួលខុស​ត្រូវតែ​ចំពោះ​អំពើ​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ក្រោយ​ដាក់រាជ្យ​ប៉ុណ្ណោះ​។ 
 
​ការសង្ស័យ គឺ​ផ្ដោតលើ​លុយ​១០០​លាន​ដុល្លារ ដែល​អះអាង​ត្រូវបាន​ផ្ទេរ​ដោយ​សម្ងាត់​ចូលទៅក្នុង​គណនី​ធនាគារ​ស្វ៊ី​ស​មួយ​របស់​ទ្រង់​ក្នុង​ឆ្នាំ​២០០៨​។ ក្រោយ​មានការ​ផ្សាយ​ផ្ទួនៗ​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ បានលើកឡើង​ក្នុង​ខែកក្កដា​ដូច្នេះ​ថា​«​ប្រជាជន​អេ​ស្ប៉ា​ញ​ទាំងមូល កំពុង​ទទួលបាន​ព័ត៌មាន​មិនល្អ ដែល​ធ្វើ​ឲ្យ​យើង​គ្រប់គ្នា​មាន​បញ្ហា រួមទាំង​ខ្ញុំ​ផងដែរ​»​។​
 
​មេធាវី​ការពារ​របស់​អតីត​ស្ដេច Juan Carlos បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​៣ ខែសីហា ដោយ​និយាយថា កូនក្តី​លោក​ពុំបាន​ព្យាយាម​រត់គេច​ពី​យុត្តិធម៌​ដោយ​ការធ្វើ​និរទេស​ខ្លួន ហើយ​ទ្រង់​នៅតែ​សហការ​ជាមួយ​ព្រះរាជអាជ្ញា​បាន​ដដែល​។ គេ​មិនទាន់​ដឹង​ពី​គោលដៅ​និរទេស​ឡើយ​។​
 
​ព្រះ​ចៅ Juan Carlos បាន​ឡើង​សោយរាជ្យ​ក្នុង​ឆ្នាំ​១៩៧៥ ក្រោយ​ការស្លាប់​របស់​មេដឹកនាំ​ផ្ដាច់ការ Francisco Franco ហើយ​បាន​សោយរាជ្យ​អស់​រយៈពេល​៣៨​ឆ្នាំ មុនពេល​ដាក់រាជ្យ​ឲ្យ​បុត្រា​ទ្រង់ មា​ហា​ក្សត្រ Felipe VI ក្នុង​ខែមិថុនា ឆ្នាំ​២០១៤​។ 
 
​អតីត​ស្ដេច​អេស្បាញ់​អង្គ​នេះ ទទួល​ការគោរព​ស្រលាញ់​ពី​សំណាក់​ពលរដ្ឋ ព្រោះ​ទ្រង់​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​អូសទាញ​ប្រទេស​អេ​ស្ប៉ា​ញ​ដែល​ស្ថិតក្រោម​ការដឹកនាំ​បែប​ផ្ដាច់ការ​របស់ Franco អស់​ពេល​៣៦​ឆ្នាំ ឲ្យ​ទៅជា​ប្រទេស​ប្រជាធិបតេយ្យ​៕ 
 
 

Tag:
 អេ​ស្ប៉ា​ញ​
  Juan Carlos
© រក្សាសិទ្ធិដោយ thmeythmey.com