អន្តរជាតិ
កិច្ចសន្យា​រុករក​ប្រេង​ក្នុង​សមុទ្រ​វៀតណាម​ត្រូវ​លុបចោល តើ​នេះ​ដោយសារ​ចិន​ឬ​?
04, Aug 2020 , 7:59 pm        
រូបភាព
ទីតាំង​ខួងរុក​រកប្រេង​ដែលចិនហៅ​ Haiyang Shiyou 981 និង​វៀតណាម​ហៅ Hai Duong 981 ក្នុង​ដែនសមុទ្រ​ចិនខាង​ត្បូង (រូបថត​ថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ​២០១៤)។
ទីតាំង​ខួងរុក​រកប្រេង​ដែលចិនហៅ​ Haiyang Shiyou 981 និង​វៀតណាម​ហៅ Hai Duong 981 ក្នុង​ដែនសមុទ្រ​ចិនខាង​ត្បូង (រូបថត​ថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ​២០១៤)។
ដោយ: VOA
​តៃប៉ិ ៖ ការលុបចោល​ជាបន្ទាន់​នូវ​គម្រោង​ខួង​ប្រេង​ក្នុង​សមុទ្រ​ដែលជា​គម្រោង​ដាក់ឱ្យ​ដំណើរការ​ដោយ​ប្រទេស​វៀតណាម កំពុង​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​ចិន​ដាក់​សម្ពាធ​ឲ្យ​វៀតណាម​លុបចោល​គម្រោង​នេះ​វិញ​។ នេះ​គឺជា​ផ្នែក​មួយ​នៃ​ជម្លោះដែនសមុទ្រ​ដែល​កំពុងតែបន្ដ​កើតឡើង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​ហាណូយ​។​

 
​កាលពី​ថ្ងៃទី​៩ ខែកក្កដា ក្រុមហ៊ុន​សាជីវកម្ម Noble Corp. នៅ​ទីក្រុង​ឡុង​ដ៍ ដែលជា​ក្រុមហ៊ុន​ចុះកិច្ចសន្យា​ខួង​ប្រេង​នេះ បាន​ឲ្យ​ដឹងថា គម្រោង​ខួង​ប្រេង​របស់ខ្លួន​ដោយ​ប្រើ​ឧបករណ៍ Noble Clyde Boudreaux បាន​លុបចោល​គម្រោង​ធ្វើ​រួមគ្នា​ជាមួយនឹង​វៀតណាម​ទៅហើយ​។ តាម​សារព័ត៌មាន​រាយការណ៍​ថា ទីតាំង​ខួង​រុករក​ប្រេង​នៅ​ប៉ែក​ខាងកើត​ឆ្នេរសមុទ្រ​វៀតណាម ស្ថិតនៅក្រោម​ការឃ្លាំមើល​របស់​នាវា​ល្បាត​របស់​ចិន​។​
 
​គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ ថា​តើ​ការលុបចោល​គម្រោង​នេះ​រង​ឥទ្ធិពល​ពី​អាជ្ញាធរ​ចិន​ឬ​យ៉ាងណា ប៉ុន្តែ​អាជ្ញាធរ​ចិន​ធ្លាប់​បានដាក់​សម្ពាធ​លើ​គម្រោង​ខួង​រុករក​ប្រេង​ក្នុង​បាតសមុទ្រ​វៀតណាម​ជា​ញឹកញយ​កាល​ពីមុនមក​។ ប្រទេស​ទាំងពីរ​នេះ​ប្រកួតប្រជែង​គ្នា​ដណ្តើមយក​ផ្លូវ​នាវាចរណ៍​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។​
 
​លោក Oh Ei Sun អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​សិង្ហ​បុរី បាន​និយាយថា​៖ «​ភាគី​ក្រុមហ៊ុន​និង​ប្រទេស​វៀតណាម កំពុងតែ​លេងល្បែង​ឆ្មា​ចាប់​កណ្តុរ​ជាមួយ​ចិន​»​។ ប្រសិនបើ​ពួកគេ​ខួង​រុករក​ប្រេង​នៅ​ទីនោះ ហើយ​នាវា​ល្បាត​ចិន​ចូលទៅ ពួកគេ​នឹង​បញ្ឈប់​សកម្មភាព​ត្រឹមតែ ២-៣ ថ្ងៃ ឬ ២-៣ ខែ​ប៉ុណ្ណោះ បន្ទាប់មក​ពួកគេ​នឹង​បន្តសកម្មភាព​ឡើងវិញ ហើយ​បន្ដធ្វើ​បែបនេះ​ដដែលៗ​»​។​
 
​ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​កោះ​តៃវ៉ាន់ សុទ្ធតែ​អះអាង​យក​ទាំងស្រុង​ឬ ផ្នែក​ខ្លះ​នៃ​ដែនសមុទ្រ​ទំហំ ៣,៥ លាន​គីឡូ​ម៉ែត្រការ៉េ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នេះ​។ ដែនសមុទ្រ​នេះ​សម្បូរ​ទៅដោយ​មច្ឆជាតិ ក៏ដូចជា​ប្រេងឥន្ធនៈ​ផងដែរ​។ ប្រទេស​ចិន​បាន​ឲ្យ​ដឹងថា ប្រមាណ ៩០ ភាគរយ​នៃ​ដែនសមុទ្រ​នេះ គួរតែ​ស្ថិតក្រោម​បូរណភាព​ដែនដី​របស់ខ្លួន​។ ប្រទេស​ចិន​បានដាក់​មូលដ្ឋាន​កងទ័ព​ខ្លាំងក្លា​ច្រើនជាង​ប្រទេស​ផ្សេងៗ​កាលពី​ទសវត្ស​មុននេះ​។​
 
​កាលពី​ថ្ងៃទី​១៣ ខែកក្កដា វិទ្យុ​អាស៊ីសេរី បាន​រាយការណ៍​ថា ប្រទេស​វៀតណាម​បាន​លុបចោល​កិច្ចសន្យា នៅពេលដែល​ប្រទេស​ចិន​បាន​គាបសង្កត់​ប្រទេស​ក្នុង​សមាគម​អាស៊ីអាគ្នេយ៍​ណា​ដែល​ចង់​កេង​យក​ធនធាន​ដោយ​ចាប់​ដៃគូ​ជាមួយ​បរទេស​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។ កង​នាវា​ល្បាត​សមុទ្រ​ចិន កំពុង​ល្បាត​នៅ​ជិត​ទីតាំង​រុករក​ប្រេង​វៀតណាម​។ នេះ​បើតាម​ការរាយការណ៍​ព័ត៌មាន​។​
 
​ប្រទេស​ចិន​បាន​បញ្ជូន​នាវា​ស៊ើបការណ៍​សម្ងាត់​ពីរ​គ្រឿង​ចូលក្នុង​ដែនសមុទ្រ​ក្បែរ​ដែនទឹក​វៀតណាម​គិត​មកដល់ពេលនេះ​។ ទូក​នេសាទ​ចិន និង​វៀតណាម ធ្លាប់​ប៉ះទង្គិច​គ្នា​ជារឿយៗ​ក្នុងពេល​កន្លងមក​។ នាវា​របស់​ប្រទេស​ទាំងពីរ​នេះ​ធ្លាប់​ប៉ះទង្គិច​គ្នា រហូតដល់​បង្ក​ឲ្យ​មានការ​បាត់បង់​ជីវិត​កាលពី​ឆ្នាំ​១៩៧៤ និង​ឆ្នាំ​១៩៨៨​។​
 
​កាលពី​ឆ្នាំ ២០១៨ ក្រុមហ៊ុន​រុករក​ប្រេង Repsol របស់​ប្រទេស​អេ​ស្ប៉ា​ញ ក៏បាន​លុបចោល​យ៉ាង​ប្រញាប់​លើ​គម្រោង​របស់ខ្លួន​រួមជាមួយ​វៀតណាម​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ផងដែរ ដែល​នេះ​ប្រហែល​មកពី​មាន​សម្ពាធ​ពី​ប្រទេស​ចិន​។ ប្រទេស​វៀតណាម នៅតែ​បន្ត​ដាក់​ប៉ុស្តិ៍​ល្បាត​របស់ខ្លួន​ក្នុង​ដែនសមុទ្រ​នេះ​គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ ២០១៩​។​
 
​ប៉ុន្តែ​ប្រទេស​វៀតណាម​មិនបាន​តបត​ប្រឆាំងនឹង​ចិន​ដោយ​បើកចំហ​លើ​ការលុបចោល​គម្រោង Noble Clyde នេះ​ទេ​។ ក្រុមហ៊ុន Noble Corp ក៏​មិនបាន​ឆ្លើយតប​នឹង VOA អំពី​បញ្ហា​នេះនោះ​ដែរ​។​
 
​លោក Oh បាន​ពន្យល់​បន្ថែមថា ប្រទេស​វៀតណាម​ពឹង​ផ្អែកលើ​ការ​ខួង​រុករក​ប្រេង​ដើម្បី​សេដ្ឋកិច្ច​របស់ខ្លួន ហើយ​ប្រទេស​នេះ​ក៏មាន​ប្រវត្តិ​«​ក្រោក​ប្រឆាំង​តទល់​»​នឹង​ចិន​ផងដែរ​។​
 
​លោក Eduardo Araral សាស្ត្រាចារ្យ​សាលា​គោលនយោបាយ​សាធារណៈ នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី បាន​និយាយថា​៖ «​ប្រទេស​វៀតណាម​ល្បីល្បាញ​ខាង​ក្រោក​ប្រឆាំង​ទាមទារ​ដើម្បី​ផលប្រយោជន៍​របស់ខ្លួន ហើយ​វៀតណាម​មិន​ចង់​ឲ្យ​គេ​មើ​លម​កថា​ខ្លួន​អន់ ដោយសារ​សម្ពាធ​ពី​ប្រទេស​ចិន​ឡើយ ពីព្រោះ​នៅពេលដែល​វៀតណាម​ធ្វើបែបនេះ គេ​នឹង​គិតថា​វៀតណាម​រង​សម្ពាធ​ណាមួយ​ជាមិនខាន មិន​ថា​សម្ពាធ​ពី​ក្នុងប្រទេស​របស់ខ្លួន ឬ​សម្ពាធ​ពី​ចិន​នោះទេ​»​។​
 
​រដ្ឋាភិបាល​ក្រុង​ហាណូយ អាច​នឹង​រំពឹង​រង់ចាំ​មើលថា​តើ​សហរដ្ឋអាមេរិក នឹងមាន​ចំណាត់ការ​ជួសមុខ​ខ្លួន​ដែរឬទេ​។ នេះ​បើតាម​ការយល់ឃើញ​ពី​ក្រុមអ្នកវិភាគ​។​
 
​លោក Michael Pompeo រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក បាន​និយាយ​កាលពីពេល​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​របស់លោក​នឹង​ជួយ​ជ្រោមជ្រែង​ប្រទេស​ដែល​ទាមទារ​ក្នុង​រឿង​សមុទ្រ​ចិន​ខាងត្បូង ប្រសិនបើ​មានការ​រំលោភបំពាន​ពី​ប្រទេស​ចិន​។ លោក​បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​នឹង​ជួយ​តាមរយៈ​មធ្យោបាយ​ការទូត និង​ក្របខ័ណ្ឌ​ច្បាប់​នានា ហើយ​បដិសេធ​ការអះអាង​ភាពស្របច្បាប់​របស់​ចិន​លើ​ដែនសមុទ្រ​នេះ​។ ប្រទេស​ចិន​សំអាង​លើ​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដើម្បី​ទាមទារ​សិទ្ធិ​ប្រើប្រាស់​ដែនសមុទ្រ​នេះ​។​
 
​លោក Nguyen Thanh Trung នាយក​មជ្ឈមណ្ឌល​ការសិក្សា​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម និង​មនុស្សសាស្ត្រ​ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម និយាយថា​៖ «​ប្រទេស​វៀតណាម ដឹងថា​មាន​សម្ពាធ​ពី​ប្រទេស​ចិន ហើយ​ការណ៍​នេះ​អាច​នឹង​បន្ត​ដាក់​សម្ពាធ​ដល់​វៀតណាម​ចំពោះ​រឿង​សមុទ្រ​ចិន​ខាងត្បូង ប្រសិនបើ​សហរដ្ឋអាមេរិក​មិនមាន​ចំណាត់ការ​បន្តទៀត​ទេនោះ​»​។​
 
​សហរដ្ឋអាមេរិក​អាច​នឹង​ចូលធ្វើ​អន្តរាគមន៍ ប្រសិនបើ​បញ្ហា​នេះ​ស្របទៅតាម​នយោបាយ​រប​ស់លោក​ប្រធានាធិបតី Donald Trump ប៉ុន្តែ​សហរដ្ឋអាមេរិក​នៅតែ​ព្យាយាម​បញ្ចៀស​ការប៉ះទង្គិច​ដោយ​ប្រើ​អាវុធ​។ នេះ​បើតាម​សម្ដី​របស់លោក​សាស្ត្រាចារ្យ Alan Chong​នៃ​សាលា សិក្សា​អន្តរជាតិ S. Rajaratnam ក្នុងប្រទេស​សិង្ហ​បុរី​។​
 
​ចាប់តាំងពី​ចូលកាន់​តំណែង​ក្នុង​ឆ្នាំ ២០១៧ មក លោក Trump បានដាក់​សម្ពាធ​ផ្នែក​យោធា ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​លើ​ប្រទេស​ចិន ដែលជា​ដៃគូ​មហាអំណាច និង​ជា​អតីត​គូសត្រូវ​សម័យ​សង្គ្រាមត្រជាក់​។ ឥឡូវនេះ របៀបវារៈ​កំពូល​រប​ស់លោក Trump គឺត្រូវធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​សម្រាប់​អាណត្តិ​ថ្មី និង​ត្រូវ​ដោះស្រាយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​
 
​លោក Chong បាន​និយាយថា​៖ «​ខ្ញុំ​គិតថា លោក Trump នឹងមិន​រំលង​រឿងនេះ​ឡើយ ប្រសិនបើ​បញ្ហា​នេះ​ស្រប​នឹង​យុទ្ធសាស្ត្រ​របស់លោក ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​កងកម្លាំង​យោធា​ដើម្បី​ធ្វើ​អន្តរាគមន៍ ខ្ញុំ​គិតថា វា​មិនអាច​ទៅរួច​ទេ ដោយសារ​តែមាន​កិច្ចការ​នៅក្នុង​ប្រទេស ដែល​លោក​ត្រូវ​ដោះស្រាយ​ក្នុងពេល​ឥឡូវនេះ​»​។​
 
​ទោះជា​យ៉ាងណាក៏ដោយ ក៏​ប្រទេស​វៀតណាម​នឹង​នៅតែ​«​សប្បាយចិត្ត​ពេក​ក្រៃ​» ដោយសារតែ​សេចក្តីថ្លែងការណ៍​របស់​លោក Pompeo ដែល​គាំទ្រ​ការទាមទារ​របស់​វៀត​ណា​ម​ទៅលើ​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​ក្នុង​ដែនសមុទ្រ​ដែលមាន​ជម្លោះ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Derek Grossman អ្នកវិភាគ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​សាជីវកម្ម Rand Corp ដែលជា​ស្ថាប័ន​ស្រាវជ្រាវ​មួយ​ស្ថិតនៅក្នុង​សហរដ្ឋអាមេរិក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com