COVID-19
អន្តរជាតិ
COVID-19៖ អ្នកស្លាប់​នៅ​វៀតណាម​ឡើងដល់​៨​នាក់ ដោយ​២​នាក់​ចុងក្រោយ​មាន​បញ្ហា​តម្រងនោម​
04, Aug 2020 , 3:38 pm        
រូបភាព
ប្រជាជនវៀតណាម នៅទីក្រុង ហាណូយ អង្គុយរង់ចាំធ្វើតេស្ត COVID-19 កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ (AFP)
ប្រជាជនវៀតណាម នៅទីក្រុង ហាណូយ អង្គុយរង់ចាំធ្វើតេស្ត COVID-19 កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ (AFP)
ដោយ:
​ក្រសួងសុខាភិបាល​វៀត​ណា​ម នៅ​ថ្ងៃទី​៤ ខែសីហា បានបញ្ជាក់​ពី​ករណី​ស្លាប់​ទី​៨​ដោយសារ​ជំងឺ COVID-19 ។  អ្នកស្លាប់​នោះ​គឺជា​អ្នកជំងឺ​ដែល​ទើប​ជាសះស្បើយ​ពី​ជំងឺ​តម្រងនោម​។

 
​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ក្រសួងសុខាភិបាល​វៀត​ណា​ម អះអាងថា បុរស​វ័យ​៦៥​ឆ្នាំ​ម្នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​ជំងឺ COVID-19 ខូច​តម្រងនោម និង​បញ្ហា​សុខភាព​ដទៃទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ 
 
​សេចក្តីថ្លែងការណ៍​នេះ គូសបញ្ជាក់​ទៀតថា អ្នកជំងឺ​ដែល​ទើប​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យក្រុង​ដា​ណា​ង​កាលពី​ថ្ងៃទី ២៤ ខែកក្កដា ក្រោយ​សម្រាក​ព្យាបាល​ជំងឺ​តម្រងនោម​ចំនួន​៥​ខែ​រួច ត្រូវបាន​រកឃើញថា ឆ្លង COVID-19 នៅ​ថ្ងៃទី ២៨ ខែកក្កដា ។ 
 
​ចំណែក អ្នកស្លាប់​ទី​៧​ដោយសារ COVID-19 ក្នុងប្រទេស​វៀតណាម គឺជា​ស្ត្រី​៦២​ឆ្នាំ​ម្នាក់ ដែល​ខូច​តម្រងនោម​ដែរ​។ អ្នកជំងឺ​រូបនេះ បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដា​ណា​ង ពីថ្ងៃ​ទី ១៨ ដល់ ថ្ងៃទី ២៧ ខែកក្កដា ហើយ​មាន​លទ្ធផល​តេស្ត COVID-19 វិជ្ជមាន នៅ​ថ្ងៃទី​២៦ ខែកក្កដា មុនពេល​បញ្ជូន​ទី​កាន់​មន្ទីរពេទ្យ​មួយទៀត ។​
 
​ទាក់ទិន​រឿងនេះ អនុរដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម Nguyen Truong Son អះអាងថា ចំនួន​អ្នកជំងឺ COVID-19 ផ្សេងទៀត ប្រឈម​ហានិភ័យ​ស្លាប់​ខ្ពស់ ដោយសារតែ​បញ្ហា​សុខភាព​ដែល​ពួកគេ​មាន​ស្រាប់ និង​អាយុ​កាន់តែ​ចាស់​។ នេះ​បើតាម Reuters ។ 
 
​គិត​មកទល់​ថ្ងៃទី ៤ ខែសីហា អ្នកជំងឺ COVID-19 ក្នុង​វៀតណាម​សរុប មាន​ដល់​៦៥២​ករណី ក្នុងនោះ​ជាសះស្បើយ ៣៧៤​នាក់​។ យ៉ាងណា ក្នុង​ទីក្រុង ដា​ណា​ង ដែល​ចាត់ទុកជា​តំបន់​ផ្ទុះ​ថ្មី​ក្នុងប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ រាយការណ៍​ករណី​ឆ្លង​រហូតដល់​២០៥​ករណី​ហើយ ។ នេះ​បើតាម​គិត​ចាប់ពី​ផ្ទុះ​ដំបូង កាលពី​ថ្ងៃទី ២៥ ខែកក្កដា​មក​៕ 
 
 
 

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com