សហព័ន្ធកីឡាជាតិដែលគ្មានការរៀបចំរបាយការណ៍សកម្មភាព និងហិរញ្ញវត្ថុច្បាស់លាស់ អាចប្រឈមនឹងការកាត់ផ្តាច់ជំនួយថវិកាពីក្រសួងអប់រំយុវជននិងកីឡា។ នេះជាការព្រមានរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ដែលកត់សម្គាល់ឃើញថា មានសហព័ន្ធតិចតួចប៉ុណ្ណោះក្នុងចំណោមជាង៤០សហព័ន្ធ ដែលបានរៀបចំរបាយការណ៍ជាក់លាក់។
ក្រសួងអប់រំយុវជននិងកីឡាកាលពីពេលកន្លងទៅបានធ្វើកំណែទម្រង់ការប្រើប្រាស់ថវិការជាតិ តាមរយៈផ្លាស់ប្តូរពីការគ្រប់គ្រងរបស់ក្រសួង ដោយទម្លាក់ថវិកាឲ្យសហព័ន្ធជាតិជាអ្នកចាត់ចែងទាំងលើការរៀបចំការប្រកួតថ្នាក់ជាតិ និងវគ្គបណ្តុះបណ្តាលផ្សេងៗ។ ទោះបីយ៉ាងនេះក្តី ក្រសួង តម្រូវឲ្យសហព័ន្ធជាតិរៀបចំរបាយការណ៍សកម្មភាព និងហិរញ្ញវត្ថុឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់ខ្លួនធ្វើរបាយការណ៍ដាក់ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ពាក់ព័ន្ធបញ្ហានេះលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាអះអាងថា មកទាល់ពេលនេះមានសហព័ន្ធតិចតួចប៉ុណ្ណោះ ដែលបានធ្វើរបាយការណ៍ជាក់លាក់ដាក់មកក្រសួងអប់រំយុវជននិងកីឡា។ ប៉ុន្តែ លោក មិនបានបញ្ជាក់លម្អិតពីចំនួន និងសហព័ន្ធ ដែលបានធ្វើរបាយការណ៍ទាំងនោះឡើយ។
ជុំវិញបញ្ហាការធ្វើរបាយការណ៍នេះលោក ស សុខា ជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់បង្កើតការយកចិត្តទុកដាក់ និងធ្វើរបាយការណ៍សកម្មភាពនិងហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ បើមិនចង់រងការផាកពិន័យ។ លោក អះអាងថា លោកនឹងពិចារណាក្នុងការផ្អាក ឬកាត់បន្ថយការផ្តល់ជំនួយថវិកា ដល់សហព័ន្ធដែលពុំបានរៀបចំរបាយការណ៍ជាក់លាក់ដាក់មកក្រសួង។
នៅចំពោះមុខថ្នាក់ដឹកនាំសហព័ន្ធលោក ស សុខា បានលើកឡើងដូច្នេះថា៖«មកដល់ម៉ោងនេះលើ៤០ជាងសហព័ន្ធដែលយើងបានឧបត្ថម្ភមានសហព័ន្ធតិចណាស់ ដែលបានធ្វើ(របាយការណ៍ហិរញ្ញវត្ថុ) ខ្ញុំសូមទទូចដល់សហព័ន្ធ បើមិនធ្វើទេ ខ្ញុំមិនដឹងថាយើងគួរដាក់ទុនជាមួយគ្នាទៀតអត់ គួរកាត់បន្ថយ ឬមួយយ៉ាងម៉េច? ព្រោះឧបត្ថម្ភក្នុង១ឆ្នាំៗរាប់រយលាន ប៉ុន្តែមិនដឹងថាការដាក់ទុននឹងទៅដល់ណា ដូចចាក់ទឹកលើខ្សាច់ ដាក់ទៅរលាយបាត់ៗ»។
ការដាស់តឿន និងព្រមានរបស់ថ្នាក់ដឹកនាំក្រសួងអប់រំរូបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនការទទួលខុសត្រូវដល់សហព័ន្ធ ក៏ដូចជាធ្វើឲ្យការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យកីឡាកាន់តែមានភាពត្រឹមត្រូវ និងរីកចម្រើនថែមទៀត។ ជាពិសេសក្រសួងចង់ដឹងពីការប្រើប្រាស់ថវិការបស់សហព័ន្ធ ត្រូវតាមគោលដៅ និងមានភាពត្រឹមត្រូវឬអត់?
ថ្នាក់ដឹកនាំរូបនេះ សង្កេតឃើញថា សហព័ន្ធមួយចំនួននៅតែមិនទាន់យល់អ្វីទៅជាប្រាក់ឧបត្ថម្ភ និងអ្វីទៅជាប្រាក់ខែ ដោយពួកគេយល់ថា ថវិកាដែលក្រសួងអប់រំឧបត្ថម្ភជារៀងរាល់ខែដល់ក្រុមកីឡាករយុវជនថ្នាល និងក្រុមជម្រើសជាតិជាប្រាក់ខែ។ លោកអះអាងថា ថវិកាដែលក្រសួងផ្តល់ឲ្យក្រុមកីឡាករ គ្រូបង្វឹក និងគ្រូជំនួយក្នុងអំឡុងពេលប្រមូលផ្តុំហ្វឹកហាត់ជម្រើសជាតិមិនមែនជាប្រាក់ខែនោះទេ តែវាជាប្រាក់ឧបត្ថម្ភ។
ជាមួយគ្នានេះ រដ្ឋលេខាធិការរូបនេះ ក៏បានជំរុញឲ្យសហព័ន្ធកីឡាជាតិ រៀបចំផែនការយុទ្ធសាស្ត្រជាក់លាក់ក្នុងដំណើរឆ្ពោះទៅដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ លោកបានបន្ថែមថា បច្ចុប្បន្នមានសហព័ន្ធប្រមាណ៤ទៅ៥ប៉ុណ្ណោះ ដែលបានធ្វើផែនការមេ ដាក់មកក្រសួងអប់រំយុវជននិងកីឡា៕