ជាតិ
សួន​ស្នេហ៍​ជនបទ ទី​លំហែ​ចុង​សប្តាហ៍​ដ៏​ពេញនិយម​នៅ​បន្ទាយមានជ័យ​
04, Aug 2020 , 10:59 pm        
រូបភាព
ដោយ:
​តំបន់​ទេសចរណ៍ធម្មជាតិ​កែច្នៃ «​សួន ស្នេហ៍​ជនបទ​»  ស្ថិតនៅ​ក្នុងភូមិ​កូន​ខ្លា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោ​ភណ្ឌ ខេត្តបន្ទាយមានជ័យ​។ សួន ស្នេហ៍​ជនបទ គឺជា​ទីកន្លែង​សម្រាក​លំហែកាយ​នា​ថ្ងៃ​ចុង​សប្ដាហ៍​ដ៏​ពេញនិយម របស់​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី​។ នេះ​បើតាម​លោក ប៊ុន សុង អ្នកគ្រប់គ្រង​ទូទៅ របស់​រមណីយ​ដា្ន​ន​កែច្នៃ សួន ស្នេហ៍​ជនបទ​។



​លោក ប៊ុន សុង បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 ថា​៖«​ជា​មធ្យម​មាន​ភ្ញៀវទេសចរ​ប្រមាណ​១០០​នាក់ ទៅ​២០០​នាក់ បាន​មកលេង​កម្សាន្ត​នៅទីនេះ​ចំពោះ​ថ្ងៃ​ធម្មតា​។​ចំណែកឯ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​វិញ អាច​នឹងមាន​ចំនួន​ច្រើនជាង​នេះ​ទ្វេដង​។​»
 
​លោក​បាន​បន្តទៀតថា ភ្ញៀវ​ភាគច្រើន ជា​អ្នក​មកពី​បណ្ដា​ខេត្ត​ឆ្ងាយៗ និង​មិនសូវមាន​ភ្ញៀវ​បរទេស​នោះទេ​។ ប៉ុន្តែ​មុនពេល​កូ​វីដ​-១៩​មកដល់ សួន​ស្នេហ៍​ជនបទ ធ្លាប់មាន​ជនបរទេស​មកលេង​ក​ម្សា​ន្ត​ច្រើន មិន​ចាញ់​ភ្ញៀវ​ខ្មែរ​នោះឡើយ​។ 


 
​ក្រៅតែពី​សម្រស់​ដ៏​ស្រស់ត្រកាល ទេស​ភាពល្អ​ត្រជាក់​ភ្នែក សួន​នេះ​មាន​ផ្ដល់​សេវាកម្ម​ច្រើន​ប្រភេទ​ដល់​ភ្ញៀវទេសចរ​ដូចជា សេវាកម្ម​ចំណីអាហារ ទីកន្លែង​កម្សាន្ត​សម្រាប់​កុមារ ហើយ​អ្វីដែល​ជាការ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​ការផ្ដល់​សេវាកម្ម​ថត Pre-wedding សម្រាប់​គូស្នេហ៍​ទៀតផង​។​
 
​បើតាម​ក្រសួងទេសចរណ៍ ក្នុង​ខេត្តបន្ទាយមានជ័យ មាន​តំបន់​ទេសចរណ៍​ច្រើន​ប្រភេទ រួមមាន តំបន់​ទេសចរណ៍ធម្មជាតិ​បែប​កែច្នៃ និង​តំបន់​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ ក្នុងនោះ ប្រាសាទបន្ទាយឆ្មា បារាយណ៍​បុណ្យ និង​អាង​ជើងគ្រុស​ដែលជា​តំបន់​មាន​សក្ដានុពល​ជាងគេ​ក្នុង​ខេត្ត​នេះ​៕







Tag:
 Gianni Infantino
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com