កីឡាអន្តរជាតិ
អន្តរជាតិ
Rose ខ្សែការពារ Spurs ធុញប៉ូលិសដែលបញ្ឈប់ឡានខ្លួនលើករណីដដែលៗ១៥ឆ្នាំ
× Danny Rose ខ្សែការពារក្រុម Tottenham Hotspur ធុញទ្រាន់នឹងឥរិយាបថរើសអើងជាតិសាសន៍នៅទឹកដីអង់គ្លេស បន្ទាប់ពីតែងតែត្រូវប៉ូលិសបញ្ឈប់ឡានជារឿយៗ និងសួរថាតើឡានរបស់ខ្លួននោះត្រូវគេលួចមែនឬទេ។
ខ្សែការពារអន្តរជាតិអង់គ្លេសវ័យ ៣០ ឆ្នាំរូបនេះបានអះអាងថា ខ្លួនមានបទពិសោធស្រដៀងគ្នានេះជាមួយប៉ូលិសចក្រភពអង់គ្លេសអស់រយៈពេល ១៥ ឆ្នាំមកហើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
អតីតសមាជិកក្រុម Sunderland បានប្រាប់កាសែត Second Captains ថា៖« ករណីនេះបានកើតឡើងលើកចុងក្រោយកាលពីសប្តាហ៍មុន នៅពេលខ្ញុំធ្វើដំណើរទៅផ្ទះម្តាយខ្ញុំ និងចតរថយន្តរូចទៅហើយនោះ។ ភ្លាមនោះ ប៉ូលីសក៏បានមកដល់ដោយនាំយករថយន្តប៉ូលីសបីគ្រឿងមកសាកសួរខ្ញុំ។ ពួកគេបាននិយាយថា ពួកគេមានរបាយការណ៍ថាមានឡានបើកបរមិនត្រឹមត្រូវ»។
Rose បានសួរត្រឡប់ទៅវិញថា៖ «ហេតុអ្វីធ្វើដូច្នេះមកលើឡានខ្ញុំ? ខ្ញុំយកអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំចេញមក ហើយពួកគេបានធ្វើតេស្តជាតិអាល់កុលខ្ញុំ»។
ខ្សែការពារ Spurs រូបនេះបន្ថែមថា នេះមិនមែនជារឿងថ្មីឡើយ កន្លងមកក្រុមប៉ូលិសទាំងនោះតែងតែបង្ហាញការរើសអើង ដោយសួររូបគេថា តើរថយន្តនេះត្រូវបានគេលួចទេ? តើអ្នកយកឡាននេះមកពីណា? តើអ្នកអាចបង្ហាញភ័ស្តុតាងបានទេថាអ្នកបានទិញរថយន្តនេះ?។
ទង្វើរបស់ក្រុមប៉ូលិសដដែលៗបែបនេះពិតជាបានធ្វើឲ្យ Rose ធុញទ្រាន់យ៉ាងខ្លាំង ខណៈរូបគេសង្ឃឹមថា អ្វីៗនឹងផ្លាស់ប្តូរវិញ ដ្បិតនោះជាចិត្តគំនិតរបស់មនុស្សមួយចំនួនដែលការរើសអើងជាតិសាសន៍ ពណ៌សម្បុរ។ មិនត្រឹមតែនៅលើដងផ្លូវឡើយ សូម្បីតែនៅក្នុងទីលានប្រកួតបាល់ទាត់ក៏ Rose អះអាងថារូបគេទទួលបានការរើសអើងមិនតិចដងដែរ៕
Tag:
Danny Rose
Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com