កីឡាអន្តរជាតិ
អន្តរជាតិ
Champion League ៖ Bale បន្ត​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ Real ពេល​ជួប Man City នៅ​ជើង​ទី​២
06, Aug 2020 , 1:59 pm        
រូបភាព
រូបពី BBC
រូបពី BBC
​ភ្នំពេញ​៖ ខ្សែប្រយុទ្ធ​សញ្ជាតិ​វ៉េ​ល Gareth Bale នៅតែ​បន្ត​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​របស់ Real Madrid ដែល​ត្រូវ​ជួប Man Chestercity នៅ​ជំនួប​ជើង​ទី​២ នា​ម៉ោង​២​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​៨ សីហា​(​ម៉ោង​នៅ​កម្ពុជា​) នៃ​ការប្រកួត​វគ្គ​ជម្រុះ​១៦​ក្រុម​ចុងក្រោយ ក្នុងក្របខណ្ឌ​ពានរង្វាន់ Champion League ។ ជំនួប​ជើង​ទី​១ Real ចាញ់ Man City ដោយ​លទ្ធផល​២​ទល់​១ ក្នុង​ទឹកដី Santiago Bernabéu Stadium​របស់ខ្លួន​។​


​ក្នុងចំណោម​បញ្ជី​ឈ្មោះ​កីឡាករ​២៤​នាក់​របស់​ក្រុម​អធិរាជ​យក្ស​«​ស​» Real Madrid  ដែល​ត្រូវ​ធ្វើដំណើរ​ទៅ​ជួប Man Chestercity នៅ​ទឹកដី Etihad Stadium នា​ជំនួប​ជើង​ទី​២ នៃ​ពានរង្វាន់ Champion League​នេះ គ្មាន​ឈ្មោះ Gareth Bale ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC​។​
 
Real ក៏​មិនបាន​បញ្ជាក់​ពី​មូលហេតុ​អ្វីដែល Bale នៅតែ​មិន​ជាប់​ឈ្មោះ​ក្នុង​កីឡាករ​នេះដែរ​។ ប៉ុន្តែ​បើតាម BBC ខ្សែប្រយុទ្ធ​Real វ័យ​៣១​ឆ្នាំ​រូបនេះ បានបង្ហាញ​ខ្លួន​តិច​ណាស់ ក្នុងការ​ប្រកួត​របស់​Real នាពេល​ចុង​ក្រោយនេះ ។ Bale បានបង្ហាញ​ខ្លួន​តែ​២​ដង​ប៉ុណ្ណោះ ក្នុងចំណោម​១១​ប្រកួត​ចុងក្រោយ​ចាប់តាំងពី​ខែមិថុនា​មក មុននឹង​Real គ្រង​តំណែង​ជើងឯក​ពានរង្វាន់ La Liga រដូវ​កាល ២០១៩-២០២០​នេះ​។​
 
​តែ​យ៉ាងណា​ក្លិប Real Madrid ធ្លាប់បាន​អះអាង​កន្លងមក​ថា Gareth Bale នឹងមិន​ចាកចេញ​ពី​Real ទេ បើទោះបីជា​រូបគេ មិនបាន​លេង​ជា​ញឹកញាប់ ក្នុងការ​ប្រកួត​ក្របខណ្ឌ La Liga រយៈពេល​ចុងក្រោយ​ក្តី​។​
 
​ទីភ្នាក់ងារ​ក្លិប​Real លោក​Jonathan Barnett ធ្លាប់​ប្រាប់​BBC​ថា​៖ Gareth Bale នៅតែ​ល្អ​ធម្មតា​។ គាត់​បាន​បាត់បង់​ទំនាក់ទំនង​(​ការប្រកួត​)​គាត់​ខ្លះ ក្នុង​រយៈពេល​២​ឆ្នាំនេះ​។ ប៉ុន្តែ​គាត់​នៅតែ​ចង់​រស់នៅ​Madrid ហើយ​គាត់​នឹង​បន្ត​រស់នៅ​ទីនេះ​។ គាត់​នៅតែ​ល្អ​ជាង​កីឡាករ​ដទៃ​នៅក្នុង​ក្រុម​»​។​
 
Bale ធ្លាប់បាន​បំបែក​កំណត់ត្រា​ពិភពលោក ជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ គឺ​៨៥​លាន​ផោន (​ជាង​១១០​លាន​ដុល្លារ​) ដែល​បាន​ផ្ទេរ​ពី​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ទៅកាន់​ទឹកដី Santiago Bernabéu Stadium របស់ Real Madrid កាលពី​ឆ្នាំ​២០១៣​។ Bale បាន​ជួយ​ឱ្យ​ក្រុម​ម្ចាស់​ជើងឯក​អេ​ស្ប៉ា​ញ​មួយ​នេះ ឈ្នះ​ជើងឯក Champions League ចំនួន ៤ ដង ដោយ​ក្នុងនោះ​ធ្លាប់​ស៊ុត​បញ្ចូល​ទី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ ២០១៤ និង​ឆ្នាំ​២០១៦ ទល់នឹង Atletico Madrid រួមទាំង​ស៊ុត​បំប៉ោង​សំណាញ់ ២ គ្រាប់ ជួយ​ឱ្យ​Real ឈ្នះ Liverpool នៅ​ឆ្នាំ ២០១៨​ផងដែរ​៕
 

Tag:
 កីឡាករ​
  Bale
© រក្សាសិទ្ធិដោយ thmeythmey.com