COVID-19
អន្តរជាតិ
មេទ័ព​ជើងគោក​ថៃ​៖ ជំងឺ​ស្អប់​ជាតិ​ឯង ជាការ​គំរាម​ខ្លាំង​ជាង COVID-19 ទៀត​
06, Aug 2020 , 2:19 pm        
រូបភាព
មេទ័ពជើងគោកថៃដ៏មានឥទ្ធិពលរបស់ថៃ ឧត្តមសេនីយ៍ Apirat Kongsompong  (AFP)
មេទ័ពជើងគោកថៃដ៏មានឥទ្ធិពលរបស់ថៃ ឧត្តមសេនីយ៍ Apirat Kongsompong (AFP)
ដោយ:
​មេទ័ព​ជើងគោក​ដ៏​មាន​ឥទ្ធិពល​របស់​ថៃ ឧ​ត្ត​ម​សេនីយ៍ Apirat Kongsompong បាន​ប្រាប់​សិស្ស​នាយទាហាន​ថា ជំងឺ​ស្អប់ខ្ពើម​ជាតិ​ខ្លួនឯង​ដែល​កំពុង​រាលដាល​ក្នុងប្រទេស គឺជា​ការ​គំរាម​ធំ​ជាង​ជំងឺ​រាតត្បាត​សកល COVID-19 ទៅទៀត​។

 
​អំឡុង​ទស្សនកិច្ច​ទៅកាន់​សាលា​បណ្ឌិតសភាយោធា​មួយ នៅ​ថ្ងៃទី ៥ ខែសីហា ឧ​ត្ត​ម​សេនីយ៍ Apirat Kongsompong លើកឡើង​ដោយ​ប្រយោល​ពី​ជំងឺ​រិះគន់​ប្រទេសជាតិ​ឯង​។ លោក​និយាយថា​៖«​ជំងឺ COVID-19 អាច​ព្យាបាល​ជាសះស្បើយ តែ​ជំងឺ​ដែល​ពុំ​អាច​ព្យាបាល​ជា គឺ ការ​ស្ព​ប់​ខ្ពើម​ជាតិ​ឯង​»​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ឧ​ត្ត​ម​សេនីយ៍​ថៃ​រូបនេះ សង្កត់ធ្ងន់ថា​៖«​យើង​មិនអាច​ព្យាបាល​មនុស្ស​ដែល​ស្ព​ប់​ជាតិ​ពួកគេ​ឡើយ​»​។ លោក Apirat បន្តថា ម្ល៉ោះហើយ​ទើប​ជំងឺ​នេះ ជាការ​គំរាមកំហែង​ធំ​ជាង​ជំងឺ COVID-19 ទៅទៀត​។ 
 
​ការលើកឡើង​របស់​ឧ​ត្ត​ម​សេនីយ៍ Apirat ធ្វើឡើង​ខណៈ​ចលនា​ទាមទារ​ប្រជាធិបតេយ្យ​ក្នុងប្រទេស​ថៃ​បន្ត​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ តួយ៉ាង រយៈពេល​ជាង​២​សប្តាហ៍​មកនេះ បាតុករ​ថៃ បន្ត​ចេញ​តវ៉ា​ជា​បន្តបន្ទាប់​។ 
 
​បាតុករ​ភាគច្រើន ជា​យុវជន​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រំលាយ​សភា​ចោល បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុម​អ្នក​រិះគន់ និង​ក្រុម​អ្នកប្រឆាំង ហើយ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ អ្វីដែល​ធ្ងន់ធ្ងរ​ជាង​នេះ បាតុករ​ថៃ​ប្រមាណ​២០០​នាក់ កាលពី​ថ្ងៃ​យប់​ថ្ងៃទី​៣ ខែសីហា បាន​ហ៊ាន​រិះគន់​ជា​សាធារណៈ​លើ​ស្ថាប័ន​មហាក្សត្រ​ដែលមាន​ឥទ្ធិពល​ខ្លាំង ដែល​ការពារ​ដោយ​ច្បាប់​ដ៏​តឹងរ៉ឹង​ទៀតផង​។​
 
​ខណៈ​រង​ការ​បាតុកម្ម​ជា​បន្តបន្ទាប់ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃ​៤ ខែសីហា បាន​ប្ដេជ្ញា​ជំរុញ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ហើយ​អះអាងថា រដ្ឋាភិបាល​លោក ក៏​នឹង​បង្កើត​វេទិកា​សម្រាប់​យុវជន​បញ្ចេញ​ទស្សនៈ​លើ​អ្វីដែល​ពួកគេ​ចង់​ឲ្យ​បាន​សម្រាប់​អនាគត​របស់​ប្រទេស​ថៃ​ផងដែរ​៕ 
 
 
 
 
 
  

Tag:
 ថៃ​
  Apirat Kongsompong
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com