ជាតិ
ស្រូវវស្សា​ជាង​៦​ម៉ឺន​ហិកតា​នៅ​បន្ទាយមានជ័យ ប្រឈម​ខូចខាត​ដោយសារ​ខ្វះ​ទឹក​
06, Aug 2020 , 2:24 pm        
រូបភាព
ដោយ:
​ស្រូវវស្សា ចំនួន ៦.៦​ម៉ឺន​ហិកតា នៅ​ខេត្តបន្ទាយមានជ័យ កំពុង​ប្រឈម​នឹង​ការ​ខូ​ត​ខាត ដោយសារ​ខ្វះ​ទឹក​។ លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ Thmeythmey25 ថា ប្រសិនបើ តំបន់​មាន​ភ្លៀង​ធ្លាក់ នៅមុន​ពាក់កណ្តាល​ខេត្ត​សីហា​នេះ  ស្រូវ​ប្រមាណ​៥០​ភាគរយ អាច​សង្គ្រោះបាន ប៉ុន្តែ​បើ​គ្មាន​ភ្លៀង​នោះទេ ដំណាំ​ស្រូវ​ទាំងអស់​នឹង​ខូចខាត​។​

 
​ដំណាំ​ស្រូវ​រដូវវស្សា ចំនួន ៦.៦​ម៉ឺន​ហិកតា នៅ​ខេត្តបន្ទាយមានជ័យ កំពុង​ប្រឈម​នឹង​ការ​ខូ​ត​ខាត ដោយសារ​របាយ​ទឹកភ្លៀង​ធ្លាក់​ពុំបាន​សព្វ​ល្អ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទី​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី ៣ ខែសីហា ឆ្នាំ​២០២០​។ 
 
​លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម​ខេត្តបន្ទាយមានជ័យ ប្រាប់ ThmeyThmey25 តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី ៥ ខែសីហា ឆ្នាំ​២០២០​ថា ដំណាំ​ស្រូវ​នៅ​ខេត្តបន្ទាយមានជ័យ ជួបប្រទះ​នឹង​បញ្ហា​រាំងស្ងួត​រាល់​ឆ្នាំ​។ ដំណាំ​ស្រូវ​ខូចខាត​តិច ឬ​ច្រើន អាស្រ័យ​លើ​បរិមាណ​ទឹកភ្លៀង​។ លោក ប៉ាង វណ្ណា​សេដ្ឋ ពន្យល់​បន្ថែម​៖«​ប្រព័ន្ធ​ប្រឡាយ​មាន​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​វា​គ្មាន​ទឹក តាម​ព្រែក ប្រឡាយ​ស្ងួត​ទឹក​អស់ហើយ​។ ក្រុមការងារ​កំពុង​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្ដែង និង​រង់ចាំ ៤-១០​ថ្ងៃ ទៀត បើ​មាន​ភ្លៀង​ធ្លាក់ អាច​សង្គ្រោះ​ស្រូវ​ទាំង​នោះបាន ៥០​ភាគរយ ប៉ុន្តែ​បើ​គ្មាន​ភ្លៀង​នោះទេ បរិមាណ​ស្រូវ​ខូច​អាច ១០០​ភាគរយ​»​។​
 
​យោងតាម​របាយការណ៍​ដដែល ដំណាំ​ស្រូវ​ដែល​រង​ផលប៉ះពាល់​មាននៅ​ស្រុក​មង្គល​បូរី​ជាង ១.៦​ម៉ឺន​ហិកតា​, ស្រុក​ភ្នំស្រុក​ជាង​១.១​ម៉ឺន​ហិកតា​, ស្រុក​ព្រះនេត្រព្រះ ចំនួន​ជាង​២.៣​ម៉ឺន​ហិកតា​, ស្រុក​អូរជ្រៅ​ចំនួន​ជិត​៤​ពាន់​ហិកតា​,​ក្រុង​សិរីសោភ័ណ ចំនួន​ជាង​៨​ពាន់​ហិកតា​, និង​ស្រុក​ថ្មពួក​ជាង​៣​ពាន់​ហិកតា​។ 
 
​ក្រៅពីនេះ ស្រូវស្រាល​ដើមរដូវ ក៏បាន​រង​ផលប៉ះពាល់​ជាង ៣​ពាន់​ហិកតា​ដែរ ក្នុងនោះ​មាននៅ​ស្រុក​មង្គល​បូរី​ជិត​៣​ពាន់​ហិកតា និង​ស្រុក​អូរជ្រៅ​ចំនួន ៦០​ហិកតា​។ នេះ​បើ​របាយការណ៍​ដដែល​៕

Tag:
 ​គ្រោះរាំងស្ងួត​
 ​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com