អន្តរជាតិ
ប្រមុខ​ការទូត​ចិន ស្នើ​ឲ្យ​បន្ត​ពិភាក្សា​ដើម្បី​ឆាប់​បញ្ចប់​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​
06, Aug 2020 , 9:29 pm        
រូបភាព
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិនក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Xinhua ។ រូបភាព Xinhua
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិនក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Xinhua ។ រូបភាព Xinhua
ដោយ:
​រដ្ឋមន្ត្រីការបរទេស​លោក វ៉ាង យី លើកឡើង​នៅ​ថ្ងៃទី​៥ ខែសីហា ថា សមុទ្រ​ចិន​ខាងត្បូង​មិនមែនជា​ទីតាំង​នៃ​នយោបាយ​អន្តរជាតិ​ឡើយ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន លោ ក​វ៉ាង បាន​ទទូច​ឲ្យ​បណ្តា​ប្រទេស​អាស៊ាន បន្ត​ការពិភាក្សា​លើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC) ។

 
«​ក្នុង​ស្ថានការណ៍​បច្ចុប្បន្ន ចិន​ស្នើ​ឲ្យ​ធ្វើការ​រួមគ្នា​ក្នុងការ​បំបាត់ចោល​នូវ​រាល់​ការរំខាន​ទាំងឡាយ ដើម្បី​ចាប់ផ្តើម​ការពិភាក្សា​សារ​ឡើងវិញ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​កាន់តែ​ឆាប់​តាមតែ​អាចធ្វើ​ទៅបាន និង​យល់ព្រម​លើ​សំណុំ​បញ្ញត្តិ​នានា​ក្នុង​ការរក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ក្នុង​រយៈពេល​យូរ​ខាងមុខ​»​។ នេះ​ជាការ​អះអាង​របស់​ប្រមុខ​ការទូត​ចិន វ៉ាង យី ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ។​
 
​លោក វ៉ាង បន្ថែមថា សមុទ្រ​ចិន​ខាងត្បូង​ជា​ផ្ទះ​របស់​ប្រទេស​ក្នុង​តំបន់ និង​មិនមែនជា​កន្លែង​ប្រកួតប្រជែង​នយោបាយ​អន្តរជាតិ​ឡើយ​។ បើតាម​អ្នកការទូត​ចិន​រូបនេះ មានតែ​កិច្ចពិភាក្សា​ប៉ុណ្ណោះ​ដែលជា​វិធី​ក្នុងការ​ដោះស្រាយ​ជម្លោះ និង​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងអស់​ខិតខំ​បន្ថែមទៀត​ក្នុងការ​សម្រេច​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​។ លោក​សង្កត់ធ្ងន់ថា ចិន និង​អាស៊ាន គួរតែ​ធ្វើការ​ជាមួយគ្នា​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ជម្លោះ​។​
 
​ក្រៅតែពី​រឿង​ក្រម​ប្រតិបត្តិ​នេះ លោក វ៉ាង ដែលជា​ទីប្រឹក្សា​រដ្ឋ​ចិន​ផង​នោះ ក៏បាន​លើកឡើង​ផងដែរ​ថា​ចិន ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្លូវ​សមុទ្រ​ជាមួយ​បណ្តារ​ប្រទេស​ពាក់ព័ន្ធ ដើម្បី​រឹតចំណង​សន្តិសុខ និង​ការអភិវឌ្ឍ​រួម ដើម្បី​ធ្វើ​ឲ្យ​សមុទ្រ​ចិន​ខាងត្បូង​ក្លាយទៅជា​សមុទ្រ​នៃ​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​។ នេះ​បើតាម Xinhua ។​
 
​ក្នុង​កិច្ច​សម្ភាស​ដដែល រដ្ឋមន្ត្រីការបរទេស​ចិន ក៏​ឆ្លៀត​លើកឡើង​ផងដែរ​ពី​សកម្មភាព​បង្កហេតុ​របស់​អាមេរិក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដូចជា​បញ្ជូន​យន្តហោះ​ជាង​២០០០​ដង​ចូលទៅក្នុង​តំបន់​ជម្លោះ​មួយ​នេះ​។ បន្ថែម​ពីនេះ លោក​ក៏បាន​ចោទ​អាមេរិក​ចំៗ​ថា មានបំណង​បង្ករ​អស្ថិរភាព​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​បង្កើតជា​ការរំខាន រារាំង​ការពិភាក្សា​ពី​ក្រម​ប្រតិបត្តិ​។​
 
​ការលើកឡើង​របស់​ប្រមុខ​ការបរទេស​ចិន​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាងត្បូង ធ្វើឡើង​ក្នុង​បរិបទ​ដែល​ការប្រឈមមុខ​រវាង​ចិន និង​អាមេរិក​កំពុងតែ​កើនឡើង​ក្នុង​តំបន់​នេះ​។ ជាក់ស្តែង​អាមេរិក និង​បន្ទាប់មក​អូស្ត្រាលី​បានចេញ​មុខ​មិន​ទទួលស្គាល់​ការទាមទារ​អធិបតេយ្យភាព​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​អះអាងថា មិន​អនុលោម​តាមច្បាប់​អន្តរជាតិ​។​
 
​បន្ថែម​ពីនេះ ចិន និង​អាមេរិក កំពុងតែ​ប្រឈម​គ្នា​លើ​បញ្ហា​ជាច្រើន កាន់តែ​ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ​ជាង​មុន​ដូចជា​បញ្ហា​ពាណិជ្ជកម្ម ជំងឺឆ្លង​COVID-19 កោះ​តៃវ៉ាន់ បញ្ហា​សិទ្ធិមនុស្ស​នៅ​ស៊ី​ង​ជាំ​ង និង​ការបិទ​ស្ថាន​កុងស៊ុល​គ្នា​ទៅវិញទៅមក​នៅពេល​ថ្មីៗ​នេះ​៕
 

Tag:
 ចិន​
 ​សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com