កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយខ្ចីពី Man Utd ១រដូវកាល Inter សម្រេចទិញ Sanchez ដាច់តែម្តង
× ក្លិប Inter Milan បានព្រមព្រៀងគ្នាជោគជ័យជាមួយ Manchester United ដើម្បីទិញយកខ្សែបម្រើ Alexis Sanchez ជាអចិន្ត្រៃតែម្តង បន្ទាប់ខ្ចីជើងរយៈពេលមួយរដូវកាលរួចមក។ Sanchez យល់ព្រមចូលរួមជាមួយ Inter លើកិច្ចសន្យារយៈពេល ៣ ឆ្នាំ ប៉ុន្តែមិនបានបង្ហាញពីតម្លៃផ្ទេរ និងប្រាក់ឈ្នួលឡើយ។
ខ្សែបម្រើអន្តរជាតិស៊ីលីវ័យ ៣១ ឆ្នាំបានចូលរួមជាមួយក្រុមនៃក្របខណ្ឌ Serie A ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល កាលពីខែសីហាឆ្នាំ ២០១៩។ Man Utd បានឲ្យ Inter ខ្ចី Sanchez ព្រោះចង់កាត់បន្ថយការចំណាយខ្លះ ដ្បិតកីឡាករដែលមានប្រាក់ឈ្នួលថ្ងៃជាងគេនៅអង់គ្លេស ជាង៥ម៉ឺនដុល្លារក្នុង១សប្តាហ៍ រូបនេះ ធ្វើមិនបានល្អទាល់តែសោះសម្រាប់ក្រុម។
៤៥ប្រកួត Sanchez រកបានតែ៥គ្រាប់ប៉ុណ្ណោះសម្រាប់ក្រុមលោក Ole Gunnar Solskjaer ចាប់តាំងផ្ទេរចេញពី Arsenal នៅឆ្នាំ២០១៨។ អ្នកចាត់ការក្រុម Man Utd បានប្រាប់ទូរទស្សន៍ BT Sport នៅថ្ងៃទី៦ ខែសីហាថា៖« យើងបានយល់ព្រមលើកិច្ចព្រមព្រៀងនេះហើយ។ Sanchez កំពុងរីករាយនឹងពេលវេលារបស់គាត់នៅទីនោះ។ គាត់ជាកីឡាករកំពូលម្នាក់បើទោះយើងមិនបានមើលឃើញពីអ្វីដែលល្អបំផុតសម្រាប់គាត់។ យើងសូមជូនពរគាត់ជោគជ័យនៅទីនោះ»។
នៅទឹកដីអ៊ីតាលី Sanchez រកបាន ៤ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបចំនួន ២៩ ប្រកួតសម្រាប់ក្រុមលោក Antonio Conte។ ក្រោយជួយ Inter ឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ Europa League អ្នកចាត់ការសញ្ជាតិអ៊ីតាលីសម្រេចទិញយករូបគេដាច់តែម្តង ដើម្បីពង្រឹងក្រុមក្នុងការដណ្តើមពានរង្វាន់កម្រិតទី២អឺរ៉ុបមួយនេះ។
Sanchez បានក្លាយជាកីឡាករទី ៣ ដែលចូលរួមជាមួយក្រុម Inter ពី Man Utd ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ បន្ទាប់ពីខ្សែប្រយុទ្ធ Romelu Lukaku និងខ្សែបម្រើ Ashley Young៕
© រក្សាសិទ្ធិដោយ thmeythmey.com